(បរទេស)៖ ថ្មីៗនេះប្រភពពី TheElec បានរាយការណ៍ថា ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់កូរ៉េខាងត្បូង Samsung កំពុងវាយតម្លៃឡើងវិញនូវយុទ្ធសាស្រ្តផលិតរបស់ពួកគេ ដែលទំនងជាត្រូវកាត់បន្ថយចំនួនលក់ក្នុងឆ្នាំនេះ។ ពោលគឺត្រកូល Galaxy Z Fold 4/ Flip 4 ដែលទើបប្រកាសបង្ហាញក៏ប្រហែលស្ថិតក្នុងនោះដែរ បើទោះបីជាជំងឺរាតត្បាត COVID-19 បានធូរស្បើយហើយក៏ដោយ។ នេះបើយោងតាមការចេញផ្សារបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។

យោងតាមរបាយការណ៍កន្លងមកបានឱ្យដឹងថា គោលដៅដំបូងបំផុតរបស់ Samsung គឺផលិតស្មាតហ្វូនសរុបប្រមាណ ៣៣៤លានគ្រឿងសម្រាប់ឆ្នាំ២០២២នេះ ដោយក្នុងនោះ Samsung ផ្ទាល់នឹងផលិតខ្ទង់ ២៨៤លានគ្រឿង ចំណែកសល់ ៥០លានគ្រឿងទៀតនឹងទុកឱ្យដៃគូ ODMs ជាអ្នកផលិត។

ទន្ទឹមនឹងការរំពឹងខ្ពស់បន្ទាប់ពីជំងឺរាតត្បាតអន់ថយ Samsung សង្ឃឹមថា អាចនឹងលក់បានខ្ទង់ ៣០០លានគ្រឿងបើធៀបនឹងការផលិតសម្រាប់គោលដៅឆ្នាំនេះ តែយ៉ាងណាបន្ទាប់ពីមើលឃើញការកើនឡើងអតិផរណាឥតឈប់ឈរ រួមទាំងតម្រូវការអ្នកប្រើប្រាស់ធ្លាក់ចុះ និងបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ដែលកំពុងតែជាបញ្ហាប្រឈមទូទាំងពិភពលោក បានបង្ខំឱ្យ Samsung សម្រេចចិត្តកាត់បន្ថយផលិតកម្មតែម្តង។

បើយោងតាមមនុស្សដែលជិតស្និតនឹងបញ្ហានេះបានអះអាងថា គោលដៅឆ្នាំ ២០២២នេះ Samsung នឹងកាត់បន្ថយការផលិតនិងការដាក់លក់បន្ថែមទៀតមកនៅត្រឹមតែ ២៦០លានគ្រឿងប៉ុណ្ណោះ ដោយក្នុងនោះ គោលដៅផលិតសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២២ក៏ត្រូវបានកាត់បន្ថយផងដែរមកនៅត្រឹមតែ ៣៤លានគ្រឿងប៉ុណ្ណោះ៕