(ដូហា)៖ គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នេះ ព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោក ដ៏រំជើបរំជួលនៅសល់ រយៈពេលតែ ៩១ថ្ងៃទៀតប៉ុណ្ណោះ ទម្រាំដល់ថ្ងៃចាប់ផ្តើមជាផ្លូវការនាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅប្រទេសកាតាតែមួយគត់ ដោយមាន ៣២ប្រទេស (ក្រុមចូលរួម)។

នេះជាលើកទី១ ផងដែរសម្រាប់ព្រឹត្តិការណ៍ ៤ឆ្នាំម្តងធ្វើនៅតំបន់អារ៉ាប់ និងជាលើកទី២ ធ្វើនៅទ្វីបអាស៊ី បន្ទាប់ពីកូរ៉េខាងត្បូង និងជប៉ុនធ្វើសហម្ចាស់ផ្ទះកាលឆ្នាំ២០២២ រួចមក។

ក្នុងកិច្ចប្រជុំ ៣ដងនៅចន្លោះខែឧសភា និងមិថុនា អង្គប្រជុំទាំងមូលបានអនុម័តជ្រើសរើសយកមន្រ្តីអាជ្ញាកណ្តាល ៣៦រូប និងជំនួយការ ៦៩រូប និងក្រុមវីដេអូជំនួយការអាជ្ញាកណ្តាល (VAR) ២៤នាក់ផ្សេងទៀត ដែលត្រូវបានជ្រើសរើសចេញពីសហព័ន្ធទាំង ៦តំបន់ ក្នុងនោះដែរក៏មានមន្រ្តីកណ្តាលជានារីជាលើកដំបូង សម្រាប់ World Cup លើកទី២២ នេះដែរ។

ដូចសព្វមួយដង ក្រុមម្ចាស់ផ្ទះកាតាត្រូវបើកឆាកប្រកួតមុនគេ បន្ទាប់ពីពិធីសម្ពោធជាផ្លូវការត្រូវបានបញ្ចប់ជាផ្លូវការនារាត្រីថ្ងៃទី២០ ខែវិច្ឆិកា ដែលត្រូវប៉ះគូប្រជែងមកតំបន់អាមេរិកឡាំទីន អេក្វាទ័រពីក្នុងពូល A ជាមួយគ្នានៅកីឡដ្ឋាន Al Beyt ដែលមានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រពីរដ្ឋធានី Doha។

ការប្រកួតជាបន្តបន្ទាប់ដែលសរុបដល់ទៅ ៦៤ប្រកួតពី ៣២ក្រុម ចែកចេញជា ៨ពូលនោះ នឹងបញ្ចប់ទៅវិញជាផ្លូវការនាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅកីឡដ្ឋានសរុបចំនួន ៨ទីតាំង ស្ថិតក្នុង ៥ទីក្រុងធំៗនៅប្រទេសកាតា។

កាតា ជាប្រទេសថ្មីមួយដែលប្តូរប្រក្រតិទិនប្រកួតជាផ្លូវការនៅចន្លោះខែមិថុនា-កក្កដា មកធ្វើនៅខែវិច្ឆិកា-ធ្នូ ដែលអាចមានការរំខានដល់លីគអាជីពផងដែរ ដោយសារប្រទេសនេះមានតុណ្ហភាពក្តៅខ្លាំងពេកនៅចន្លោះខែ៦ និងខែ៧ ខុសពីប្រទេសដទៃ និងចាប់ផ្តើមមុនផែនការ ១ថ្ងៃផងដែរ៕