(ភ្នំពេញ)៖ សម្រាប់អតិថិជនដែលមានសំណាង បានឈ្នះរង្វាន់ធំនូវទឹកប្រាក់សុទ្ធចំនួន១០០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រូបនេះមានឈ្មោះ មុំ សំណាង ភេទប្រុស អាយុ៥៤ឆ្នាំ មានមុខរបរជាកម្មករសំណង់ មានទីលំនៅភូមិចេក ឃុំឈើទាល់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

លោក មុំ សំណាង ដែលមានសំណាងបានក្លាយជាសេដ្ឋីថ្មីរបស់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានប្រាប់ឱ្យដឹងថា លោកមានស្រុកកំណើតស្ថិតនៅអាសយដ្ឋានដូចបានជម្រាបជូនខាងលើ ប៉ុន្តែដោយសារតែកម្រិតជីវភាពក្រីក្រពេក ក៏សម្រេចចិត្តចាកចេញពីផ្ទះនៅស្រុកកំណើតមកស៊ីឈ្នួលធ្វើជាកម្មករសំណង់នៅរាជធានីភ្នំពេញ ដើម្បីបានចំណូលគ្រាន់ផ្គត់ផ្គង់ជីវភាពគ្រួសារបន្ថែមពីលើការធ្វើស្រែដែលប្រពន្ធកំពុងមើលថែរាល់ថ្ងៃ។

លោកបានបន្តថា «ជារៀងរាល់ថ្ងៃ នៅពេលធ្វើការនៅការដ្ឋានសំណង់ ខ្ញុំតែងទិញភេសជ្ជៈ ខារ៉ាបាវ ១ ឬ ២ កំប៉ុង ទទួលទានក្រោយពេលអស់កម្លាំងពីការងារ។ ដោយឡែកសម្រាប់ការត្រូវរង្វាន់នេះ គឺជារឿងដែលមិននឹកស្មានដល់ នោះឡើយ ដោយកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នៅពេលបញ្ចប់ម៉ោងការងារខ្ញុំបានយកភេសជ្ជៈខារ៉ាបាវ ដែលសល់មកទទួលទាន លុះពេលគាស់ស្រាប់តែឃើញមានរង្វាន់ ១០០លានរៀលតែម្ដង។ ពេលឃើញភ្លាម ខ្ញុំពិតជាភ្ញាក់ផ្អើលជាខ្លាំង ហើយស្រែកប្រាប់អ្នកដែលនៅក្បែរមកជួយពិនិត្យមើលហើយក៏ទូរស័ព្ទប្រាប់ដំណឹងដល់ ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមាននៅក្រវិលកំប៉ុងស្រាប់តែម្ដង»

បន្ថែមពីនេះ លោក មុំ សំណាង បានបញ្ជាក់ប្រាប់ថា ទឹកប្រាក់១០០លានរៀលនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ សម្រាប់ជីវិត និងក្រុមគ្រួសាររបស់លោក ហើយក្រោយពេលទទួលបាននឹងយកមួយចំនួនសងបំណុលធនាគារឯកជន មួយចំនួនទៀតយកធ្វើផ្ទះឱ្យបានសមរម្យ ហើយនឹងទិញគោចិញ្ចឹម សម្រាប់បង្កើនកម្រិតជីវភាពគ្រួសារទៅថ្ងៃអនាគត់៕