(បរទេស)៖ ប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ីមានបំណងចង់ឱ្យក្រុមហ៊ុន Tesla Inc. ទៅផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសរបស់លោក ដោយមិនមែនមានត្រឹមតែការផលិតតអាគុយអគ្គិសនីនោះទេ។ ខណៈលោកបានលើកឡើងថា ឥណ្ឌូនេស៊ីបានត្រៀមខ្លួនជារួចស្រេចក្នុងពេលវេលាសមស្របណាមួយដើម្បីបញ្ចុះបញ្ចូលលោក Elon Musk ឱ្យមើលឃើញថាប្រទេសរបស់លោកជាឃ្លាំងផ្ទុកធនធានដ៏សម្បូរបែប។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។

ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានលើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយ Bloomberg មួយថា «អ្វីដែលយើងចង់បានគឺរថយន្តអគ្គិសនី មិនមែនអាគុយនោះទេ សម្រាប់ក្រុមហ៊ុន Tesla យើងចង់ឱ្យពួកគេផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសឥណ្ឌូនេស៊ី ជាពិសេសគឺយើងចង់បានប្រព័ន្ធអេកូឡូស៊ីដ៏ធំនៃរថយន្តអគ្គិសនី» ជាជាងការទាញយកធនធានធម្មជាតិរបស់យើងដើម្បីផលិតតែអាគុយ។

យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា ឥណ្ឌូនេស៊ីជា ធ្លាប់បានបញ្ចុះបញ្ចួលក្រុមហ៊ុន Tesla រួចមកហើយសម្រាប់ការងាកទៅវិនិយោគក្នុងឧស្សាហកម្មនីកែលរបស់ខ្លួន ក្នុងការផលិត និងផ្គត់ផ្គង់ សម្រាប់រថយន្តអគ្គិសនី ខណៈបច្ចុប្បន្ននេះ Tesla បានឈានដល់កិច្ចព្រមព្រៀងដែលមានតម្លៃប្រមាណ ៥ពាន់លានដុល្លារដើម្បីទិញតែផលិតផលនីកែលប៉ុណ្ណោះពីប្រទេសដែលសម្បូរធនធាននេះ ក្នុងកិច្ចសន្យារយៈពេល ៥ឆ្នាំ។ តែយ៉ាងណាមិញក្នុងនោះលោក Joko Widodo ក៏បានបញ្ជាក់ដែលថា ប្រទេសឥណ្ឌូនេស៊ីកំពុងពិចារណាដាក់ពន្ធលើការនាំចេញនៅឆ្នាំនេះដើម្បីបង្កើនប្រាក់ចំណូលក្នុងប្រទេស ដែលទំនងជាអនុវត្តចាប់ពីត្រីមាសទី៣ ខាងមុខនេះ។

គួរបញ្ជាក់ដែរថា លោក Joko Widodo បានជួបជាមួយ CEO ក្រុមហ៊ុន Tesla លោក Elon Musk រួចទៅហើយកាលពីខែឧសភាកន្លងទៅ ក្នុងកិច្ចប្រឹងប្រែងមួយដើម្បីបង្រួបបង្រួមទស្សនវិស័យវិនិយោគ ហើយបានអញ្ជើញ Musk ឱ្យទៅទស្សនកិច្ចប្រទេសឥណ្ឌូនេស៊ីក្នុងខែវិច្ឆិកាខាងមុខនេះ៕