(អាមេរិក)៖ កំពូលតារាម៉ូដែល Bella Hadid បាននិយាយថា នាងសុខចិត្តបាត់បង់ការងារជាតារាម៉ូដែល ដើម្បីបន្តការតស៊ូមតិរបស់នាង សម្រាប់ប៉ាឡេស្ទីន ខណៈដែលនាងបើកចំហ អំពីការសោកស្តាយរបស់នាង ចំពោះការមិនត្រូវបានអនុញ្ញាតឲ្យធំដឹងក្ដីឡើងនៅក្នុង «វប្បធម៌មូស្លីម»។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Yahoo។

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍មួយជាមួយទស្សនាវដ្តី GQ នាពេលថ្មីៗនេះ តារាស្រី Hadid បានឆ្លុះបញ្ចាំងពីការធំឡើងនៅរដ្ឋកាលីហ្វ័រញ៉ា ហើយមានអារម្មណ៍ថា ត្រូវបានផ្តាច់ចេញពីឫសគល់ប៉ាឡេស្ទីនរបស់នាង បន្ទាប់ពីការលែងលះរបស់ឪពុកម្តាយនាងក្នុងឆ្នាំ២០០០។ Hadid ដែលជាកូនស្រីរបស់អ្នកអភិវឌ្ឍន៍ អចលនទ្រព្យប៉ាឡេស្ទីន Mohamed Hadid និងជាតារាម៉ូដែលហូឡង់ Yolanda Hadid គឺជាអ្នកតស៊ូមតិ ដែលនិយាយមិនដាច់ពីមាត់ សម្រាប់បុព្វហេតុប៉ាឡេស្ទីន ហើយបានបន្តបង្កើនការយល់ដឹង នៅពេលដែលអំពើហិង្សានៅទូទាំងរដ្ឋនៅតែបន្តកើតមាន។

តារាម៉ូដែលវ័យ២៥ឆ្នាំ ដែលបានធ្វើការជាមួយហាងប្រេនល្បីៗធំៗ ទូទាំងពិភពលោករូបនេះ បាននិយាយថា នាងមិនមែននៅលើផែនដីនេះ ដើម្បីក្លាយជាតារាម៉ូដែលទេ។ ក្នុងន័យនេះគឺចង់បង្ហាញថា នាងនៅតែតស៊ូមតិ និងបង្ហាញការគាំទ្រជានិច្ច ចំពោះជនជាតិប៉ាឡេស្ទីន បើទោះបីជានាងត្រូវបាត់បង់អាជីពជាតារាម៉ូដែលក៏ដោយ។

ការអត្ថាធិប្បាយរបស់ Hadid កើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីការបង្ហាញខ្លួនរបស់នាងនៅលើ Podcast Rep ដែលនាងបានបង្ហើបថា នាងបានបាត់បង់ឱកាសក្នុងការបង្ហាញម៉ូតរួចទៅហើយ ដោយសារតែទស្សនៈរបស់នាង។ នាងនិយាយថា មានក្រុមហ៊ុនជាច្រើន ប្រកាសឈប់ធ្វើការងារជាមួយនាង ដោយសារតែសកម្មភាពតស៊ូមតិរបស់នាង៕