(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានសម្រេចផ្ដល់កម្លាំងយោធិនជាង ៥ពាន់នាក់ ដើម្បីជួយដល់កម្មវិធីផ្សេងៗ ដែលរៀបចំដោយគណៈកម្មាធិការជាតិ CAMSOC ពិសេសពិធីបើក-បិទព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ តែម្ដង។

នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ក្រោយបញ្ចប់កិច្ចប្រជុំពិភាក្សាការងាររបស់គណៈកម្មការពិធីបើក-បិទ នៅទីស្នាក់ការ NOCC នៅព្រឹកថ្ងៃទី១៩ ខែសីហានេះ ដើម្បីត្រួតពិនិត្យ និងបែងចែកកងកម្លាំង រវាងអ្នកគ្រប់គ្រងកម្លាំង និងអ្នកប្រើប្រាស់កម្លាំង ចំពោះកងកម្លាំងយោធិនទាំងអស់ ដែលទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចពិជ័យសេនា ទៀ បាញ់ កាលពីថ្មីៗ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ខាងលើ បានបញ្ជាក់ថា «សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានសម្រេចឲ្យប្រមូលផ្ដុំនូវកម្លាំងយោធិន (កម្លាំងកងទ័ព)របស់យើង ចំនួន ៥,២៧០នាក់ ដើម្បីធ្វើការជួយដល់កម្មវិធីផ្សេងៗ របស់ CAMSOC ពិសេសពិធីបើក-បិទស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម»

តាមរយៈនេះ លេខាធិការដ្ឋាន CAMSOC ក៏បានកោះប្រជុំជាមួយភាគីពាក់ព័ន្ធខាងលើ ដោយភាគីគ្រប់គ្រងកងកម្លាំង ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ខៀវ ឆេន នាយកខុទ្ទកាល័យសម្តេចពិជ័យសេនា ទៀ បាញ់ និងជាអគ្គលេខាធិការង CAMSOC និងភាគីប្រើប្រាស់កម្លាំង ដឹកនាំដោយលោក ហ៊ី វីរៈ និង ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីជជែកពីតម្រូវនិងការ និងបច្ចេកទេសនៃការសម្ដែង។

លោក វ៉ាត់ ចំរើន បន្ដថា «ភាគីទាំងពីរ បានធ្វើការសម្របសម្រួលគ្នា និងបញ្ជាក់ឲ្យគ្នាទៅវិញទៅមក នូវចំនួនកម្លាំងដែលត្រូវការ។ អ៊ីចឹងកម្លាំងយោធិនទាំងអស់នេះ (៥,២៧០នាក់) គឺបែងចែកទៅតាមបែបផែននីមួយៗ ដែលត្រូវការបណ្ដុះបណ្ដាល និងអនុវត្តការហាត់ហ្វឹកហ្វឺនផ្នែកសម្ដែង ផ្នែកទស្សនីយភាព ផ្នែកជួយដល់កម្មវិធីទាំងមូលជាបណ្ដើរៗហើយ គឺយើងនៅតែធ្វើការបន្ស៊ីគ្នាជាមួយការអនុវត្តផ្ទាល់តែប៉ុណ្ណោះ»

លោកបន្ថែមថា «តាមការគ្រប់គ្រង និងការណែនាំកម្លាំងរបស់ឯកឧត្តម ខៀវ ឆេន នាយកខុទ្ទកាល័យសម្ដេចពិជ័យសេនា បានសម្របសម្រួលកិច្ចការងារនេះយ៉ាងរលូន ហើយអ្វីដែលត្រូវកត់សម្គាល់ គឺយើងប្រើប្រាស់កម្លាំងយោធិន ដែលជាកម្លាំងរៀបរយ កម្លាំងមានវិន័យ មានសណ្ដាប់ធ្នាប់ មានបទបញ្ជាច្បាស់លាស់ និងជាកម្លាំងដែលមានសុខភាពល្អទាំងអស់នេះ គឺជាកម្លាំងពិត នៃការសម្ដែង និងការរៀបចំរបស់យើង»

អគ្គលេខាធិការដដែល បានពន្យល់ថា កម្លាំងយោធិន ត្រូវបានចាត់ទុកជាកម្លាំងពិត ព្រោះដូចលោករដ្ឋមន្ដ្រី ថោង ខុន អនុប្រធានអចិន្ដ្រៃយ៍ CAMSOC ធ្លាប់បានលើកឡើងថា គ្មានអ្វីពិសេសជាងការប្រើប្រាស់កម្លាំងយោធិននោះនេះ ដើម្បីជួយឲ្យពិធីបើក-បិទទទួលបានជោគជ័យ តាមរយៈការសម្ដែង ដោយប្រើប្រាស់ធនធានមនុស្ស បូកជាមួយបច្ចេកទេសវិទ្យាទំនើប និងទាន់សម័យ ដើម្បីទទួលបាននូវភាពអស្ចារ្យ ក្នុងការកសាងកិត្តិយសកម្ពុជា ក្នុងនាមម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

លោកសង្កត់ធ្ងន់ថា «អ្វីដែលយើងខិតខំប្រឹងប្រែង ហើយជំនាញទាំងអស់ខិតខំប្រឹងប្រែង ក្នុងការអនុវត្តការងារនេះ ដើម្បីរៀបចំឲ្យបានមុន និងទាន់ពេល មុនពេលព្រឹត្តិការណ៍កើតឡើង។ ចឹងយើងមានពិធី ៤ គឺពិធីបើករបស់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម និងពិធីបិទរបស់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ ពិធីទាំងអស់នេះ សុទ្ធតែជាពិធីពាក់ព័ន្ធទៅនឹងកេរ្ដិ៍ឈ្មោះ កិត្តិយស ហើយនឹង Legacy របស់ស៊ីហ្គេម ក្នុងនាមយើងជាម្ចាស់ផ្ទះ ព្រោះជាព្រឹត្តិការណ៍ ដែលនឹងមានថ្នាក់ដឹកនជាន់ខ្ពស់ជាតិ និងអន្ដរជាតិ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ចូលរួម ហើយគាំទ្រ និងមើលឃើញពីសក្ដានុពលជាតិរបស់យើង ដែលនឹងបង្ហាញនូវក្នុងពិធីបើក-បិទនេះ»

ប៉ុន្ដែក្រៅពីកម្លាំងយោធិន ដែលត្រូវបានចាត់ទុកជាកម្លាំងពិត CAMSOC ត្រូវការកម្លាំងជំនាញ និងស្ម័គ្រចិត្តជាច្រើនទៀត ដើម្បីផ្គុំជាកម្លាំងពិសេសមួយ ដូចជាកម្លាំងជំនាញសិល្បៈករ-សិល្បៈការិនី នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្លាំងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងកម្លាំងផ្សេងៗទៀត ដើម្បីធានាបាននូវការសម្ដែងមួយដ៏អស្ចារ្យ និងទទួលបានជោគជ័យ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ ដែលកម្ពុជាទន្ទឹងរង់ចាំអស់រយៈពេល ៦៤ឆ្នាំនេះ ។ លោក វ៉ាត់ ចំរើន បន្ថែម៕