(កូរ៉េ)៖ បន្ទាប់ពីស្ងប់ស្ងាត់ចេញចម្រៀងរួមគ្នារយៈពេលជិត២ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ២០២០មក នៅពេលនេះក្រុមចម្រៀងនារីល្បីឈ្មោះបោះសំឡេង ប្រចាំវិស័យ K-POP គឺ BLACKPINK បានបង្ហាញចម្រៀងស្នាដៃថ្មីមួយ ក្នុងចំណោមស្នាដៃពិសេសៗ ចេញពីការសម្រិតសម្រាំង យ៉ាងយកចិត្តទុកដាក់ ក្រោមចំណងជើងថា «Pink Venom» ខណៈលទ្ធផល គឺពិតជាអស្ចារ្យលើសការរំពឹងទុករបស់អ្នកគាំទ្រ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន All KPOP នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។

MV ចម្រៀងផ្លូវការរបស់ក្រុម BLACKPINK បានបញ្ចេញជាផ្លូវការនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ លើ Channel YouTube របស់ BLACKPINK ផ្ទាល់តែម្តង។ បទប្រភេទហ៊ីបហបដ៏មានឥទ្ធិពលនេះទៀតសោត គឺបានចាប់ផ្ដើមដោយសំឡេងដ៏ស្រស់ពីរោះនៃឧបករណ៍ ប្រពៃណីកូរ៉េដែលមានឈ្មោះថា «geomungo»។ បទនេះជាស្នាដៃថ្មីមួយក្នុងចំណោមស្នាដៃ ពិសេសៗចេញពីការសម្រិតសម្រាំង យ៉ាងយកចិត្តទុកដាក់ផ្សេងទៀតរបស់ BLACKPINK និងក្រុមការងារផលិតអាល់ប៊ុមថ្មី «Born Pink»

គួរជម្រាបថា MV សម្រាប់ បទ «Pink Venom» នេះត្រូវបានគេដឹងថាជា MV មួយដែលចំណាយថវិកាច្រើនបំផុតរបស់ YG Entertainment ដែលមិនធ្លាប់មានពីមុនមក ធ្វើឲ្យអ្នកទស្សនាជក់ចិត្តជាមួយនឹងឈុតដ៏អស្ចារ្យជាច្រើនប្លង់ ត្បិតថាពេលនេះចម្រៀងថ្មីមួយនេះ កំពុងអង្រួនបេះដូងអ្នកគាំទ្រពេញ ពិភពអ៊ីនធើណិត៕