(បរទេស)៖ កន្លងមកក្រុមហ៊ុន TSMC ធា្លប់បានចេញផ្សាយថា ខ្លួនកំពុងតែធ្វើការនៅដំណើរការបន្ទះឈីប 3nm ជំនាន់ចុងក្រោយ ហើយថ្មីៗនេះក៏លេចលឺដំណឹងថា Apple អាចជាអតិថិជនដំបូងគេដែលបានទទួលបន្ទះឈីបចុងក្រោយបង្អស់នោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AppleInsider នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។

យោងតាមខ្លឹមសារចេញផ្សាយដោយ Commercial Times បានឱ្យដឹងថា MacBook Pros ឆ្នាំ ២០២២ របស់ Apple អាចនឹងបំពាក់នូវបន្ទះឈីប M2 Pro និង M2 Max ថ្មីដែលផលិតជាមួយនឹងដំណើរការ 3nm ចុងក្រោយបំផុតរបស់ក្រុមហ៊ុន TSMC។ ដោយឡែកក្នុងនោះរបាយការណ៍ក៏បានបញ្ជាក់បន្ថែមដែរថា Apple នឹងប្រើប្រាស់ wafers 3nm ជាលើកដំបូងនៅអំឡុងចុងឆ្នាំ២០២២ ដែលទំនងជាសម្រាប់បន្ទះឈីប M2 Pro របស់ខ្លួន។

ប្រភពដដែលក៏បានបញ្ជាក់បន្ថែមដែលថា Apple នឹងប្រើប្រាស់បន្ទះឈីប M2 Pro និង M2 Max នៅក្នុងម៉ូដែល MacBook Pro ទំហំ ១៤អ៊ីញ, MacBook Pro ទំហំ ១៦អ៊ីញ និង Mac mini យ៉ាងយូរ ចុងឆ្នាំ២០២២ ឬដើមឆ្នាំ២០២៣ ខាងមុខ៕