(ភ្នំពេញ)៖ ធនាគារ វីង (ខេមបូឌា) ម.ក បានបរិច្ចាគថវិកាចំនួន ៥.០០០ ដុល្លារអាមេរិក ដល់ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន។ ទឹកប្រាក់ដែលបានបរិច្ចាគនេះ នឹងជួយគាំទ្រដល់ស្ថានទូតកម្ពុជាក្នុងការរៀបចំកម្មវិធីសហគមន៍ និងពង្រីកសេវាកម្មជំនួយការងាររបស់ខ្លួនដល់អ្នកចុះកម្មសិក្សាបច្ចេកទេស អ្នកហ្វឹកហាត់ការងារ និងអ្នកធ្វើការជំនាញកម្ពុជានៅប្រទេសជប៉ុន។

លោក ទុយ រី ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានថ្លែងថា ការបរិច្ចាគនេះធ្វើឡើងចំពេលដ៏ចាំបាច់ ដែលស្ថានទូតត្រូវការពង្រីកការផ្តល់សេវារបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព ជូនដល់ប្រជាជនកម្ពុជាក្នុងប្រទេសជប៉ុន ជាពិសេសសម្រាប់អ្នកចុះកម្មសិក្សាបច្ចេកទេស អ្នកហ្វឹកហាត់ការងារ និងអ្នកធ្វើការជំនាញដែលត្រូវបានចាត់តាំងដោយរាជរដ្ឋាភិបាលកម្ពុជា។ កម្មវិធីសហគមន៍ គឺជាការជួបជុំដ៏ល្អមួយសម្រាប់សហគមន៍ខ្មែរក្នុងការពង្រឹងវប្បធម៌របស់យើង ផ្លាស់ប្តូរទស្សនៈនិងប្រាប់ពីតម្រូវការរបស់ពួកគេ ជាពិសេសទាក់ទងនឹងការផ្តល់សេវាជំនួយរបស់ស្ថានទូត។

លោក ទុយ រី បន្តថា «សូមទាក់ទងមកយើងខ្ញុំ ប្រសិនបើលោកអ្នកត្រូវការជំនួយ»

យោងតាមទិន្នន័យរបស់ស្ថានទូតបានឲ្យដឹងថា មានប្រជាជនកម្ពុជាចំនួន ១៤.៦១៧នាក់កំពុងប្រកបការងារនៅប្រទេសជប៉ុន ក្នុងនោះរួមមាន អ្នកចុះកម្មសិក្សាបច្ចេកទេស អ្នកហ្វឹកហាត់ការងារ និងអ្នកធ្វើការជំនាញកម្ពុជា ហើយពួកគេអាចទទួលប្រាក់បៀវត្សប្រមាណ ១.៥០០ ដុល្លារអាមេរិចក្នុងមួយខែ។ ក្រៅពីបានផ្ញើប្រាក់ទៅជួយក្រុមគ្រួសារនៅឯស្រុក ពួកគេបានចូលរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

លោក ទុយ រី បានបន្ថែមថា «រាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំធ្វើការធានាពលករចំណាកស្រុកកម្ពុជាឲ្យមានសុវត្ថិភាព។ យើងចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយ ស្តីពីការធ្វើចំណាកស្រុកសម្រាប់កម្ពុជាឆ្នាំ ២០១៩-២០២៣ ព្រមទាំងក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធ និងសហការជាមួយរដ្ឋាភិបាលជប៉ុន ដើម្បីការពារសុវត្ថិភាពដល់អ្នកចុះកម្មសិក្សាបច្ចេកទេស អ្នកហ្វឹកហាត់ការងារ និងអ្នកធ្វើការជំនាញ»

«ជំនួសមុខឲ្យស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងវាយតម្លៃខ្ពស់ចំពោះធនាគារ វីង ដែលបានបរិច្ចាគថវិកាចំនួន ៥.០០០ដុល្លារអាមេរិកសម្រាប់សកម្មភាពពាក់ព័ន្ធរបស់យើង»។ លោក ទុយ រី គូសបញ្ជាក់។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញថា ប្រជាជនកម្ពុជាប្រមាណ ១,៣លាននាក់បានផ្ញើប្រាក់មកស្រុកកំណើតប្រមាណ ២,៨ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១។

លោក ឈុន វឌ្ឍនភក្តី អគ្គនាយករងនៃក្រុមហ៊ុន វីង ម៉ាន់នី ថ្លែងថា ធនាគារ វីង មានសេចក្តីសោមនស្សរីករាយដែលបានគាំទ្រដល់ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន។ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានលើកកម្ពស់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ និងបានពង្រឹងសាមគ្គីភាពក្នុងចំណោមសហគមន៍ខ្មែរនៅប្រទេសជប៉ុន។

លោកបន្តថា «យើងមានឆន្ទៈបំពេញតួនាទីរបស់ខ្លួនក្នុងការគាំទ្រដល់សហគមន៍តាមលទ្ធភាពដែលអាចធ្វើទៅបាន»

ដើម្បីគាំទ្រដល់អ្នកចុះកម្មសិក្សា អ្នកហ្វឹកហាត់ការងារ និងអ្នកធ្វើការជំនាញក្នុងប្រទេសជប៉ុនផ្ញើប្រាក់មកក្រុមគ្រួសារនៅកម្ពុជា វីង បានចាប់ដៃគូជាមួយ City Express Money Transfer Japan Co. Ltd ដើម្បីសម្រួលពីសេវាផ្ទេរប្រាក់ឆ្លងប្រទេសតាមប្រព័ន្ធអេកូហិរញ្ញវត្ថុរបស់ វីង។

ភាពជាដៃគូទាំងនេះបានជួយដល់ប្រជាជនកម្ពុជានៅប្រទេសជប៉ុន ទទួលបានសេវាផ្ទេរប្រាក់ឆ្លងប្រទេសជាមួយសេវាកម្មរហ័សទាន់ពេលវេលា។ មិនថាគ្រួសាររបស់ពួកគេរស់នៅខេត្តណានោះទេ ពួកគេអាចផ្ញើប្រាក់ផ្គត់ផ្គងគ្រួសារពីប្រទេសជប៉ុនប្រកបដោយភាពងាយស្រួល ទាន់ពេលវេលា និងមានសុវត្ថិភាព។

ប្រជាជនកម្ពុជានៅប្រទេសជប៉ុនអាចផ្ញើប្រាក់ទៅផ្ទះរបស់ពួកគេតាមរយៈដៃគូផ្ទេរប្រាក់ណាមួយរបស់ធនាគារ វីង នៅប្រទេសជប៉ុន។ ពួកគេអាចដកប្រាក់នៅតាមភ្នាក់ងារវីងជាង១០.៨០០ កន្លែងទូទាំងប្រទេសកម្ពុជា៕