(ភ្នំពេញ)៖ ធនាគារអេស៊ីលី ភីអិលស៊ី បានដាក់ឲ្យដំណើរការ នូវសៀវភៅជីវប្រវត្តិទី២របស់ខ្លួន ដែលមានចំណងជើងថា «Beyond Borders,Beyond Banking» មានន័យជាភាសាខ្មែរថា «ហួសពីព្រំដែនកម្ពុជា និងហួសពីវិស័យហិរញ្ញវត្ថុ»

លោកស្រី Heather A. Clark ជនជាតិអាមេរិកកាំង ដែលជាអ្នកនិពន្ធសៀវភៅ Beyond Borders, Beyond Banking បានអះអាងថា សៀវភៅនេះ មានអត្ថប្រយោជន៍ជាច្រើនដល់សាធារណជន អាចស្វែងយល់ពីច្បាប់ស៊ីជម្រៅ នៅក្នុងវិស័យធនាគារនៅកម្ពុជា ពិសេសវឌ្ឍនភាពរបស់ធនាគារ អេស៉ីលីដា ភីអិលស៊ីតែម្ដង។

ថ្លែងនាឱកាសដាក់ឲ្យដំណើរការសៀវភៅ «Beyond Borders,Beyond Banking» បណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៉ីលីដា ភីអិលស៊ី បានគូសបញ្ជាក់ថា នេះជាសៀវភៅទី២ហើយ ដែលធនាគារអេស៉ីលីដា បានរៀបចំចងក្រងពីជីវប្រវត្តិ និងវឌ្ឍនភាពរបស់ធនាគារ អេស៉ីលីដា ខណៈសៀវភៅទី១ មានចំណងជើងថា«When there was no money»

បើតាមបណ្ឌិត អ៉ិន ចាន់នី នៅមុនទស្សវត្សន៍ឆ្នាំ១៩៩០ វិស័យហិរញ្ញវត្ថុ និងធនាគារ ហាក់មិនទាន់មានការរីកចម្រើនខ្លាំងនោះទេ ក៏ប៉ុន្តែ ចាប់ពីទស្សវត្សន៍ឆ្នាំ៩០ រហូតដល់ឆ្នាំ២០០៣ វិស័យនេះ ចាប់ផ្ដើមរីកចម្រើនជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់។ ប្រការនេះ បានធ្វើឲ្យធនាគារ អេស៉ីលីដា សម្រេចបោះពុម្ពផ្សាយសៀវភៅភាគ២ របស់ខ្លួន ដែលមានឈ្មោះថា «Beyond Borders,Beyond Banking» ជាការនិពន្ធរបស់លោកស្រី Heather A. Clark ជនជាតិអាមេរិកាំង។

បណ្ឌិត អ៉ិន ចាន់នី បានបន្ថែមឱ្យដឹងថាសៀវភៅនេះ បានបោះពុម្ពប្រមាណ ៣ ម៉ឺនក្បាល នៅរោងពុម្ពមួយនៅប្រទេសអាម្លឺម៉ង់ តាមអត្រាមិនមែនជាពាណិជ្ជកម្មដោយចំណាយថវិកា ៦០ ម៉ឺនដុល្លារ សម្រាប់ប្រើប្រាស់ក្នុងប្រទេសកម្ពុជាផង និងនៅលើសាកលលោកផង ហើយក្នុងករណីអ្នកដែលមានបំណងចង់ជាវសៀវភៅនេះ អាចទៅរកទិញបាននៅអាម៉ាហ្សូន។

ក្នុងនាមជាអ្នកនិពន្ធសៀវភៅ «Beyond Borders,Beyond Banking» លោកស្រី Heather A. Clark បានគូសបញ្ជាក់ថា វិស័យធនាគារនៅកម្ពុជា មានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ ម្យ៉ាងវិញទៀតច្បាប់ពាក់ព័ន្ធក្នុងវិស័យធនាគារនៅកម្ពុជា មានការអភិវឌ្ឍជាបន្តបន្ទាប់ ដែលធ្វើឲ្យលោកស្រីសម្រេចចំណាយពេលវេលាជាង ២ឆ្នាំ ក្នុងការសរសេរសៀវភៅនេះ។

លោកស្រី Heather A. Clark ក៏បានគូសបញ្ជាក់ទៀតថា សៀវនេះ មានអត្ថប្រយោជន៍ជាច្រើនដល់សាធារណជនអាចស្វែងយល់ពីច្បាប់ស៊ីជម្រៅ នៅក្នុងវិស័យធនាគារនៅកម្ពុជា ពិសេសវឌ្ឍនភាពរបស់ធនាគារ អេស៉ីលីដា ភីអិលស៊ី៕