(បរទេស)៖ នៅក្នុងចំណោមប្រយោជន៍ដ៏មានន័យរបស់កំពូលមហាសេដ្ឋីមាឌល្អិត Jack Ma មានពាក្យមួយឃ្លាគាត់បាន និយាយថា «អតិថិជនគឺជាអាទិភាពទី១, បុគ្គលិកជាអាទិភាពទី២ និងអ្នកវិនិយោគទុនគឺជាអាទិភាពទី៣»។ នៅក្នុងន័យនេះគឺលោក Jack Ma ចង់បញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុន Alibaba បានយកចិត្តទុកដាក់ទៅលើ បុគ្គលិកជា រឿង សំខាន់ដែលស្ថិតនៅក្នុងអាទិភាពទី២។

តើក្រុមហ៊ុន Alibaba ពិតជាផ្ដល់អាទិភាព ឬផ្ដល់អាទិភាពដល់បុគ្គលិករបស់ខ្លួនដូចអ្វីដែលលោក Jack Ma បាននិយាយ មែនឬទេ?

Alibaba Group Holding បច្ចុប្បន្នគឺជា ក្រុមហ៊ុនបច្ចេកវិទ្យា និងលក់ទំនិញតាមអនឡាញយក្សរបស់ចិន ហើយគិតត្រឹមខែមីនា ឆ្នាំ២០២២ ក្រុមហ៊ុនមួយនេះមានបុគ្គលិកបម្រើការងារពេញម៉ោងប្រមាណជា ២៥៤,៩៤១នាក់។

ក្រោមការដឹកនាំរបស់លោក Jack Ma ក្រុមហ៊ុន Alibaba បានកំណត់យកថ្ងៃទី ១០ខែឧសភា ជាថ្ងៃប្រារព្ធ «ទិវាសរសើរបុគ្គលិក» ដោយក្នុងនោះ បុគ្គលិកទាំងអស់ អាចនាំក្រុមគ្រួសាររបស់ពួកគេមកកាន់ បរិវេន ក្រុមហ៊ុនបានពេញមួយថ្ងៃ។

កាលពីដើមឆ្នាំ ២០២០ ចំនួនបុគ្គលិករបស់ក្រុមហ៊ុន Alibaba បានច្រើនជាងបុគ្គលិករបស់ Yahoo និង Facebook បូក បញ្ចូលគ្នា ដែលនេះសបញ្ជាក់ឱ្យឃើញថា Alibaba គឺជាក្រុមហ៊ុនយក្សលំដាប់ពិភពលោក និងជាក្រុមហ៊ុនដែល ថែរក្សា បុគ្គលិកបានល្អ។

យោងតាមការបញ្ជាក់ពីក្រុមហ៊ុន Alibaba ផ្ទាល់បានឱ្យដឹងថា បុគ្គលិកភាគច្រើនគឺបម្រើការងារដែលមានមូលដ្ឋាននៅ ក្នុងប្រទេសចិន។ នៅឆ្នាំ ២០១៨ , Alibaba ត្រូវបានគេទទួលស្គាល់ថា ជាក្រុមហ៊ុនយក្សចិនមួយដែលផ្ដល់អាទិភាពខ្ពស់ ដល់បុគ្គលិកដែលជាស្ដ្រី ដោយក្នុងចំណោមថ្នាក់ដឹកនាំកំពូលបីរូបគឺមានស្ត្រីមួយរូប (១/៣) និងប្រមាណជា ៤៥ភាគរយ គឺ ជាបុគ្គលិកដែល មានអាយុក្រោម ៣០ឆ្នាំ។

បើតាមការចេញផ្សាយរបស់ Tech Insider បានឱ្យដឹងថា ក្រុមហ៊ុន Alibaba ត្បិតជាក្រុមហ៊ុនចិនក៏ពិតមែន ប៉ុន្តែ ចំពោះ ការ ដឹកនាំគឺមិនមែនបែបប្រពៃណីឡើយ ផ្ទុយទៅវិញគឺមានភាគច្រើនគឺបែបទំនើប ដោយក្នុងនោះបុគ្គលិកជាន់ខ្ពស់ ភាគច្រើនគឺសុទ្ធតែទទួលបានវគ្គសិក្សាបណ្ដុះបណ្ដាលទៅលើជំនាញស្នូល និងជំនាញសង្គម ដើម្បី យកទៅ ពង្រីក និងពង្រឹងតាមផ្នែក ឬក្រុមនីមួយៗ។ ក្រៅពីនេះ ក៏មានការបណ្ដុះបណ្ដាលជំនាញសំខាន់ៗផ្សេងៗជាច្រើនទៀត ដែលមាន ទាំងនៅក្នុងក្រុមហ៊ុនផ្ទាល់ និងនៅក្រៅប្រទេស។

ចំណុចសំខាន់ និងពិសេសមួយទៀតដែល Alibaba យកចិត្តទុកដាក់បំផុតនោះគឺសុខភាពរបស់បុគ្គលិក ដោយកន្លែង ស្នាក់នៅ និងម្ហូបអាហាររបស់បុគ្គលិកគឺសុទ្ធតែធ្វើឡើងតាមស្ដង់ដារអនម័យ និងមានក្រុមគ្រួពេទ្យប្រចាំការថែមទៀត ផង។

ចំពោះការងារវិញ ក្រុមហ៊ុន Alibaba ក្រោមការចង្អុលបង្ហាញរបស់ Jack Ma គឺបានផ្ដល់អាទិភាពដល់ បុគ្គលិកក្មេងៗ មាន ឱកាសបញ្ចេញសមត្ថភាព និងទេព្យកោសល។

គួរបញ្ជាក់ផងដែរថា បុគ្គលិករបស់ Alibaba បានស្ទុះឡើងខ្លាំងនៅឆ្នាំ២០២១ និង ២០២២នេះតែម្ដង ដោយកាលពីឆ្នាំ ២០២០ មានត្រឹមតែ ១១៧,៦០០នាក់ ប៉ុន្តែនៅឆ្នាំ២០២១ បានកើនឡើងដល់ ២៥១,៤៦២នាក់៕