(ភ្នំពេញ)៖ តារាសម្ដែង និងជាបង្ហាញម៉ូដធ្លាប់មានឈ្មោះល្បី ក្នុងវិស័យសិល្បៈ លោក ស៊ីន ឌី ដែលច្រើនតែទទួលបានតំណែងជាតួខ្មោច ឬព្រាយបិសាចនោះ បន្ទាប់ពីបានផ្អាកពីអាជីពសិល្បៈជាច្រើនឆ្នាំមក នៅពេលនេះលោកបានប្រកាសបង្ហាញមុខឡើងវិញ អមដោយការបើកជំនួញថ្មីបន្ថែមទៀត ដោយលោកបានអាះអាងថា លោកនៅតែបន្តជួយដល់សកម្មភាពសប្បុរសធម៌ក្នុងសង្គម ជាពិសេសគឺប្រាក់ចំណេញដែលបានមកពីជំនួញបើកហាងរបស់លោក ត្រូវបានចែករំលែកជួយដល់អ្នកខ្វះខាត ឬជនទីទ័លក្រជាដើម។ ក្នុងការងារមនុស្សធម៌ ត្រូវបានគេដឹងថា លោកបានធ្វើឡើងជាច្រើនឆ្នាំមកហើយ ប៉ុន្តែរហូតមកដល់ពេលនេះ គឺលោកនៅតែបន្ត ដោយមិនបោះបង់ចោលឡើយ។

តារាសម្ដែង ស៊ីន ឌី បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា លោកបានបាត់មុខពីការងារសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសារតែជាប់ដៃរកស៊ី និងមើលការខុសត្រូវលើមុខជំនួញ ទាំងមុខជំនួញចាស់ និងទើបបង្កើតថ្មី។ លោករំឭកថា អំឡុងពេលជំងឺកូវីដ-១៩ កំពុងផ្ទុះខ្លាំង មុខរបរបើកសម្អាងការរបស់លោក ពិបាកទប់លំនឹងខ្លាំង តែដោយសារចិត្តស្រឡាញ់ លើម៉ូដសម្លៀកបំពាក់ប្រពៃណីរបស់ខ្មែរ និងចង់អភិរក្សគ្រឿងអលង្ការបុរាណផងនោះ ទើបលោកនៅតែពុះពារឲ្យហាងមួយនេះ នៅតែដំណើរការរហូតដល់សព្វថ្ងៃ ហើយចាប់ផ្ដើមដំណើរការឡើងវិញតាំងពីខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីមានអតិថិជនកើនឡើងជាធម្មតា។

អតីតតារាសម្ដែងលោក ស៊ីន ឌី បានអះអាងឲ្យដឹងបន្តទៀតថា លោកនឹងយកថវិកាមួយចំនួនដែលចំណេញពីការរកស៊ីខាងលើនេះ ទៅធ្វើសកម្មភាពសប្បុរសធម៌ជាបន្ដបន្ទាប់ ជាពិសេសជួយដល់ជនភេទទី៣ ដែលគ្មានទីពឹង ព្រោះពួកគេគ្មានកូនចៅចិញ្ចឹមដូចគេ ទើបលោកបានសម្រេចជួយធ្វើផ្ទះ, អណ្ដួងទឹក និងផ្ដល់ដើមទុនរកស៊ីដល់ពួកគេជាដើម ដែលសកម្មភាពនេះ លោកបានធ្វើតាំងពីបើកហាងសាឡនដំបូងមកម្ល៉េះ ពោលគឺមានរយៈពេលជាង១០ឆ្នាំមកហើយ រហូតមកដល់បច្ចុប្បន្នក៏លោកនៅតែបន្ដជួយពួកគេទៅតាមលទ្ធភាព។ តែលោកមិនសូវដែលបង្ហោះចែកចាយ លើបណ្ដាញសង្គមទេ គឺមានតែពួកគេទេដែលដឹងច្បាស់។

តារាសម្ដែង និងជាអ្នកជំនាញធ្វើសក់ល្បីឈ្មោះរូបនេះ បានអះអាងទៀតថា ក្រៅពីជួយដល់ជនភេទទី៣ និងសកម្មភាពសប្បុរសមួយចំនួនទៀតនោះ នៅក្នុងហាងរបស់លោកក៏មានបុគ្គលិកភាគច្រើនជាកូនអ្នកក្រីក្រ ដែលមានឪពុកម្ដាយធ្វើការងារជាអ្នកអនាម័យ ឬសន្ដិសុខ និងអ្នកលក់ទឹកអំពៅជាដើម ដែលពួកគេស្រឡាញ់ផ្នែកសាឡន ហើយលោកបានយកមកបណ្ដុះបណ្ដាល ដើម្បីមានជំនាញធ្វើការងារបានប្រាក់ខែសមរម្យ និងខ្លះបានចេញទៅបើកអាជីវកម្មផ្ទាល់ខ្លួន រហូតមកដល់បច្ចុប្បន្នទៀតផង។

សូមបញ្ជាក់ថាលោក ស៊ីន ឌី ត្រូវបានគេដឹងថា ក្រៅពីមានអាជីពជាតារាសម្ដែង និងបង្ហាញម៉ូដ លោកក៏បានទៅរៀនជំនាញធ្វើសក់នៅប្រទេសអង់គ្លេស, បារាំង និងសាំងហ្គាពួរ ប៉ុន្តែលោកនៅតែមិនចោលការងារសិល្បៈ ហើយសិល្បៈទម្រង់បុរាណ គឺលោកស្រឡាញ់ជាងគេ ទើបលោកសម្រេចចិត្តបើកសម្អាងការនេះឡើង ខណៈដែលការបើកគ្លីនិក និងហាងសាឡន ក៏ជាចំណង់ចំណូលចិត្ត ហើយក៏បានដំណើរការអស់រយៈពេល ជាច្រើនឆ្នាំមកហើយដែរ៕