(ឡុងដ៍)៖ ខ្សែបម្រើក្លិបតោខៀវ Chelsea កីឡាករ N'Golo Kante នឹងត្រូវអវត្តមានពីការប្រកួតប្រមាណ ២ទៅ៣សប្តាហ៍ ដោយសារតែរបួសសាច់ដុំកំភួនជើង នៅអំឡុងពេលប្រកួតទល់នឹង Tottenham Hotspur កាលពីចុងសប្តាហ៍កន្លងទៅនេះ។ នេះបើតាមសម្តីអ្នកចាត់ការ Thomas Tuchel ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២។

Kante បានដួលលើទីលានជាមួយនឹងបញ្ហានៅក្នុងការប្រកួតលទ្ធផលស្មើ ២-២ ជាមួយនឹងក្រុម Spurs មុនពេលត្រូវបានដូរចេញ ហើយលោក Tuchel មិនមានសុទិដ្ឋិនិយមនោះទេ អំពីការអាចចូលលេងវិញរបស់ម្ចាស់ពានរង្វាន់ World Cup របស់បារាំងរូបនេះនៅរយៈពេលប៉ុន្មានថ្ងៃខាងមុខ។

«យើងត្រូវការពេលជាច្រើនសប្តាហ៍ ដែលវាមិនមែនជាព័ត៌មានល្អនោះទេ។ យើងមានការខកចិត្ត និងក្រៀមក្រំ» នេះបើតាមការស្រង់សម្តីលោក Tuchel បានលើកឡើង មុនពេលប៉ះក្រុម Leeds United នៅថ្ងៃអាទិត្យសប្តាហ៍នេះ។

Tuchel បានបន្ថែមថា ខ្សែប្រយុទ្ធ Armando Broja និងខ្សែបម្រើ Mateo Kovacic ក៏នឹងអវត្តមានពេលប៉ះ Leeds ផងដែរ ដោយសារតែរបួស។

សូមជម្រាបថា Chelsea បានសម្រេចទាំងស្រុងហើយនូវការចុះហត្ថលេខានាំយកខ្សែបម្រើសញ្ជាតិអ៉ីតាលី Cesare Casadei មកពីក្លិប Inter Milan លើកិច្ចសន្យារយៈពេល ៦ឆ្នាំនៅព្រឹកថ្ងៃសុក្រ ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ថា ពួកគេបានចំណាយប្រាក់បឋម ១២.៦លានផោន (១៤.៩១លានដុល្លារ) សម្រាប់ផ្ទេរយកកីឡាករវ័យ ១៩ឆ្នាំនេះ។

ក្លិបនេះ ក៏មានព័ត៌មានស្តីពីការធ្វើទំនាក់ទំនងក្នុងការផ្ទេរខ្សែការពារ Wesley Fofana របស់ក្លិប Leicester City និងកីឡាករ Frenkie de Jong និង Pierre-Emerick Aubameyang របស់ក្លិប Barcelona ផងដែរ៕