(ហាណូយ)៖ កាលពីពេលថ្មីៗនេះ លឺដំណឹងថា Apple កំពុងគិតគូរផ្លាស់ប្តូរផលិតកម្មមួយផ្នែកធំទៅកាន់ប្រទេសវៀតណាម ខណៈព័ត៌មានចុងក្រោយនេះបានបង្ហាញថា កិច្ចព្រមព្រៀងនោះកាន់តែខិតជិតហើយ។ ពោលគឺក្រុមហ៊ុនផ្គត់ផ្គង់របស់ Apple Foxconn ទើបតែចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលគិតជាទឹកប្រាក់ប្រមាណ ៣០០លានដុល្លារ ជាមួយនឹង Developer ទីក្រុង Kinh Bac របស់ប្រទេសវៀតណាម ក្នុងគោលបំណងបង្កើនមហិច្ឆតាពង្រីករោងចក្ររបស់ខ្លួននៅអាស៊ីអាគ្នេយ៍។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។

យោងតាមខ្លឹមសារដែលចេញផ្សាយដោយការសែត Truoi Tre របស់វៀតណាមបាននិយាយថា រោងចក្រដែលទើបនឹងទៅវិនិយោគថ្មីរបស់ក្រុមហ៊ុនតៃវ៉ាន់ នឹងត្រូវបានសាងសង់គ្របដណ្តប់លើផ្ទៃដីទំហំ ៥០.៥ហិចតា នៅក្នុងខេត្ត Bac Gaing រួមទាំងបង្កើតការងារថ្មីឱ្យប្រជាជនវៀតណាបានដល់ទៅ ៣០,០០០ការងារថែមទៀតផង។ តែយ៉ាងណាទាក់ទិនទៅនឹងរបាយការណ៍ចេញផ្សាយនេះ ទាំងក្រុមហ៊ុន Foxconn និង រដ្ឋបាលក្រុង Kinh Bac មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters នោះឡើយ។

បើតាមការបញ្ជាក់ពីប្រភពដដែលបាន អះអាងថា Foxconn បានឈានជើងចូលទីផ្សារវៀតណាមដំបូងតាំងពីឆ្នាំ២០០៧ មកម្លេះ គិតមកទល់ពេលនេះវាមានរយៈពេលជាង ១៥ ឆ្នាំហើយ។ ខណៈការវិនិយោគថ្មីនេះបានបង្ហាញពីមហិច្ឆតាដ៏ធំបំផុតមួយ រួមទាំងការពង្រីកវិសាលភាពផលិតកម្មកាន់តែខ្លាំងនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ដែលបានជ្រើសយកប្រទេសវៀតណាមជាទីតាំងផលិតដ៏មានសក្តានុពលរបស់ក្រុមហ៊ុនតៃវ៉ាន់នេះ៕