(ភ្នំពេញ)៖ ក្រុមកីឡាគ្រីឃីតកម្ពុជា បានផ្លែផ្កាសំខាន់ៗ ២ចំណុច ក្រោយបញ្ចប់ការប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមកីឡាគ្រីឃីតឥណ្ឌា រយៈពេល ២ថ្ងៃកាលពីថ្ងៃទី២០-២១ ខែសីហា នៅកីឡដ្ឋានខេត្តកណ្ដាល ទី១-ទទួលបានបទពិសោធន៍ និងទី២ ទទួលបានទំនាក់ទំនងល្អជាមួយភាគីឥណ្ឌា ដើម្បីជួយពង្រឹងការអភិវឌ្ឍវិស័យកីឡាគ្រីឃីតកម្ពុជា រួមទាំងកីឡាគ្រីឃីតប៉ារ៉ាឡាំពិក (ផ្នែកជនពិការ) ផងដែរ។
លោក សេន វិទ្យា ប្រធានសមាគមកីឡាគ្រីឃីតកម្ពុជាបានគូសបញ្ជាក់ថា អ្វីដែលជាបទពិសោធន៍ ដែលក្រុមកីឡាគ្រីឃីតទទួលបានពីការប្រកួតមិត្តភាពនេះ គឺបច្ចេកទេស និងយុទ្ធសាស្ដ្រនៃការលេងរបស់ក្រុមឥណ្ឌា ដែលជាក្រុមខ្លាំងមួយលើពិភពលោក។ នេះគឺជាមេរៀនមួយដ៏ល្អ សម្រាប់ក្រុមកីឡាគ្រីឃីតកម្ពុជា ដែលទើបកកើតថ្មី យកមកដុះខាត់ និងអភិវឌ្ឍន៍សមត្ថភាពបន្ថែមឆ្ពោះទៅរកភាពរីកចម្រើន។
ពាក់ព័ន្ធទំនាក់ទំនងល្អវិញ ដោយមានកិច្ចសហការល្អរវាងសមាគមកីឡាគ្រីឃីតកម្ពុជា ជាមួយលោក Kanhiya Gurjar ប្រធានសហព័ន្ធកីឡាតេន្នីសគ្រីឃីតឥណ្ឌា និងជានាយកប្រតិបត្តិសហព័ន្ធកីឡាតេន្នីសគ្រីឃីតអន្ដរជាតិ ទើបជំរុញឲ្យមានការប្រកួតមិត្តភាពអន្ដរជាតិនេះ។ ទន្ទឹមជាមួយគ្នា បុរសជនជាតិឥណ្ឌារូបនេះ គឺបានបង្ហាញឆន្ទៈគាំទ្រ ក្នុងការជួយអភិវឌ្ឍន៍វិស័យគ្រីឃីតកម្ពុជា និងគ្រីឃីតប៉ារ៉ាឡាំពិកកម្ពុជាជាបន្ដបន្ទាប់ទៀត។
លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ ចំពោះចំណងមិត្តភាព និងទំនាក់ទំនងល្អ រវាងភាគីទាំងពីរខាងលើ ហើយលោករំពឹងថា ការគាំទ្រពីស្ថាប័នជំនាញអន្ដរជាតិនេះ គឺជាចំណុចចាប់ផ្ដើមដ៏វិជ្ជមាន ក្នុងការអភិវឌ្ឍ និងផ្សព្វផ្សាយពីវិស័យកីឡាគ្រីឃីតកម្ពុជា ក៏ដូចជាកីឡាគ្រីឃីតប៉ារ៉ាឡាំពិកកម្ពុជា ឆ្ពោះទៅរកគុណផលខ្ពស់ និងការប្រកួតប្រជែងដោយស្មើមុខមាត់លើឆាកអន្ដរជាតិ។
សូមបញ្ជាក់ថា ក្នុងការប្រកួតមិត្តភាពអន្ដរជាតិនេះដែរ ក្រុមកីឡាតេន្នីសគ្រីឃីតឥណ្ឌា ដែលជាក្រុមខ្លាំងលំដាប់ពិភពលោក គឺបានទទួលជ័យជម្នះលើក្រុមកីឡាតេន្នីសគ្រីឃីតកម្ពុជា ហើយក៏មានការប្រគល់ពានរង្វាន់អនុស្សាវរីយ៍ ក៏ដូចជាការផ្ដល់នូវលិខិតបញ្ជាក់ដល់កីឡាករ ដែលបានចូលរួមការប្រកួតនេះផងដែរ៕