(បរទេស)៖ អតីតវិស្វករផ្នែក Hardware របស់ក្រុមហ៊ុន Apple ម្នាក់ដែលបានព្យាយាមរត់គេចខ្លួនកាលពីប៉ុន្មានឆ្នាំមុន ក្រោមការចោទប្រកាន់ពីបទលួចអាថ៌កំបាំងពាណិជ្ជកម្មរបស់ក្រុមហ៊ុន Apple នោះ ពេលនេះបានចូលខ្លួនមកសារភាពកំហុសហើយ ខណៈដែលទោសរបស់លោកអាចជាប់ពន្ធធនាគាររហូតដល់ទៅ ១០ឆ្នាំឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។

លោក Xiaolang Zhang ដែលជាអតីតបុគ្គលិក Apple ត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ ជួលមកធ្វើការជាលើកដំបូងក្នុងខែធ្នូ ឆ្នាំ២០១៥ ដើម្បីធ្វើការលើគម្រោងរថយន្តអគ្គិសនីមួយដែលមានឈ្មោះថា «Project Titan» ដោយលោកមានតួនាទីជាអ្នកអភិវឌ្ឍន៍ទៅលើផ្នែក Software និង Hardware សម្រាប់រថយន្ត Apple Car ដែលបើកបរដោយស្វ័យប្រវត្តិ។

យ៉ាងណាមិញក្នុងផ្នែកមួយនៃ Compute Team របស់ក្រុមហ៊ុន Apple លោក Zhang ជាអ្នកទទួលបន្ទុកឌីហ្សាញ និងសាកល្បងបន្ទះសៀគ្វីដើម្បីវិភាគ Sensor Data នៅក្នុងរថយន្តក៏ដូចជាគ្រប់គ្រងទៅលើប្រព័ន្ធអគ្គិសនីនៅក្នុងរថយន្ត ខណៈដែលលោកក៏ជាបុគ្គលិកមួយរូបដែលត្រូវបានអនុញ្ញាតឱ្យចូលទៅប្រើប្រាស់ទិន្នន័យសម្ងាត់របស់ក្រុមហ៊ុន Apple ផងដែរ។ ក៏ប៉ុន្តែនៅខែមេសា ឆ្នាំ២០១៨ លោកក៏បានដាក់ពាក្យលាឈប់ និងបានចាកចេញពី Apple ដើម្បីទៅចាប់ផ្តើមការងារថ្មីនៅក្រុមហ៊ុន XMotors របស់ចិន ហើយមិនយូរប៉ុន្មានការចាកចេញរបស់លោកក៏ត្រូវបាន Apple រកឃើញថាបានលួចទិន្នន័យ និងផ្នែក Hardware របស់ Apple Car។

កាលពីខែកក្កដា ឆ្នាំ២០១៨ ការិយាល័យស៊ើបអង្កេតសហព័ន្ធរបស់សហរដ្ឋអាមេរិក បានចោទប្រកាន់លោក Zhang ពីបទលួចអាថ៌កំបាំងពាណិជ្ជកម្ម ហើយលោកក៏ត្រូវបានចាប់ខ្លួនភ្លាមៗបន្ទាប់ពីការប៉ន់ប៉ងចាកចេញពីប្រទេស។

គួរបញ្ជាក់ដែរថា ការកាត់ទោសគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៤ ខែវិច្ឆិកាខាងមុខនេះ ខណៈដែលទោសរបស់លោក Zhang អាចនឹងជាប់ពន្ធធនាគាររហូតដល់ទៅ ១០ឆ្នាំឯណោះ រួមទាំងអាចនឹងត្រូវបានបង់ប្រាក់ពិន័យរហូតដល់ ២៥០,០០០ដុល្លារអាមេរិក៕