(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត Karan Kukreja ប្រធានផ្នែកយុទ្ធនាការបញ្ឈប់ការជួញដូរសាច់សត្វឆ្កែ និងឆ្មានៅតំបន់អាស៊ីអាគ្នេយ៍របស់អង្គការ FOUR PAWS បានថ្លែង កោតសរសើរដល់អាជ្ញាធរខេត្តសៀមរាប ដែលជាខេត្តធំទីពីរនៅក្នុងប្រទេសកម្ពុជា ដែលបានធ្វើការបង្រ្កាប និងរឹបអូសសាច់សត្វឆ្កែក្លាសេពីក្រុមឈ្មួញ ចំនួនប្រមាណ ១៣០០គីឡូក្រាម នឹងបានយកទៅដុតបំផ្លាញចោល។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ លោកវេជ្ជបណ្ឌិត Karan Kukreja បានបន្ថែមថា ខណៈពេលជាសោកនាដកម្ម ដែលសត្វឆ្កែរាប់រយក្បាលត្រូវបានសម្លាប់នេះ ក្នុងនោះចំពោះវិធានការដ៏តឹងរ៉ឹងប្រឆាំងនឹងការជួញដូររបស់អាជ្ញាធរខេត្តសៀមរាបនេះ គឺពិតជាល្អណាស់ និងគួរតែជាការ លើកទឹកចិត្តយ៉ាងខ្លាំងសម្រាប់ខេត្តផ្សេងៗទៀតឱ្យដើរតាមគំរូរបស់ខេត្តសៀមរាប។

លោកវេជ្ជបណ្ឌិត បានបន្ថែមថា កាលពីឆ្នាំ២០២០ ខេត្តសៀមរាបបានធ្វើការសម្រេចចិត្តជាប្រវត្តិសាស្ត្រមួយ ដោយសម្រេចក្នុងការហាមឃាត់ការលួច ការជួញដូរ និងការ សម្លាប់សត្វឆ្កែ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់សុខុមាលភាពសត្វ។

យោងទៅតាមការរកឃើញរបស់អង្គការ FOUR PAWS អាជ្ញាធរខេត្តសៀមរាប បានធ្វើចំណាត់ការដោយស្របជាមួយប្រជាពលរដ្ឋកម្ពុជា ដោយមានតែ ១២% ប៉ុណ្ណោះដែលបរិភោគសាច់ឆ្កែជាប្រចាំ។ សំឡេងប្រឆាំងនឹងការជួញដូរនេះ កំពុងកើនឡើងជាលំដាប់នៅទូទាំងប្រទេសកម្ពុជា។

សូមបញ្ជាក់ដែរថា នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ក្រោមការដឹកនាំពីសំណាក់តំណាងអយ្យការអមសាលដំបូងខេត្ត និងលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប មានសាច់សត្វ សុនខ (ឆ្កែ) កាប់រួចជាង ១តោន ដែលឈ្មួញដឹកចេញពីខេត្តបន្ទាយមានជ័យ ឆ្លងកាត់ខេត្តសៀមរាប បម្រុងយកទៅលក់ នៅរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចចម្រុះសហការជាមួយមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បង្ក្រាបបានទាំងម្ចាស់ និងវត្ថុតាង បន្ទាប់មកយកទៅដុតកម្ទេចចោលផងដែរ៕