(មេនឆេស្ទឺ)៖ អ្នកចាត់ការថ្មីរបស់ក្លិប Manchester United លោក Erik ten Hag បានលើកឡើងថា កីឡាករ Cristiano Ronaldo នៅតែអាចបង្ហាញខ្លួន ក្នុងគម្រោងរបស់លោក សម្រាប់រដូវកាលនេះ បើទោះបីជាបានទម្លាក់កីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះ ចេញពីបញ្ជីកីឡាករជម្រើសដំបូងរបស់ក្លិប នៅក្នុងការប្រកួតលទ្ធផលឈ្នះ២-១ នៅលីគ Premier League របស់ពួកគេ លើក្រុម Liverpool កាលពីថ្ងៃចន្ទក៏ដោយ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ។

Ten Hag បានទទួលផល ពីការសម្រេចចិត្តរបស់លោក ក្នុងការដាក់ក្រុមប្រយុទ្ធជួរមុខ កីឡាករ Marcus Rashford, Jadon Sancho និងកីឡាករ Anthony Elanga ដោយ Sancho និង Rashford រកបានគ្រាប់បាល់ ដើម្បីធានាជ័យជំនះជាលើកដំបូង សម្រាប់អ្នកចាត់ការសញ្ជាតិហូឡង់រូបនេះ នៅឯក្លិប United។

Ronaldo ដែលជាកីឡាករបម្រុង ត្រូវបានដាក់ចូលលេង ក្នុងនាទីទី៨៦ ប៉ុន្តែមិនអាចបង្កើតឥទ្ធិពលបាននោះទេ នៅអំឡុងពេលលេងរយៈពេលខ្លីរបស់លោក។

នៅពេលដែលសួរថា តើកីឡាករវ័យ៣៧ឆ្នាំរូបនេះ នៅតែអាចសមក្នុងទម្រង់លេងរបស់គាត់ដែរឬទេ, លោក Ten Hag បានប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំគិតថាគាត់អាច»។

«ក្នុងអាជីពទាំងមូលរបស់គាត់, គាត់ស្ថិតក្រោមអ្នកចាត់ការជាច្រើន, គាត់បានលេងក្នុងទម្រង់ និងប្រព័ន្ធជាច្រើន», លោក Ten Hag បានបន្ថែម។

«គាត់តែងតែលេងបាន, ដូច្នេះហេតុអ្វីគាត់មិនអាចលេងបែបនេះបាន? សម្រាប់ខ្ញុំ អាយុរបស់គាត់មិនមែនជាបញ្ហានោះទេ។ ប្រសិនបើអ្នកនៅក្មេង, អ្នកល្អគ្រប់គ្រាន់ ហើយនៅពេលដែលអ្នកចាស់ទៅ ហើយអ្នកនៅតែអាចលេងបាន អ្នកក៏នៅតែល្អគ្រប់គ្រាន់ដែរ»។

សូមជម្រាបថា Ronaldo មិនមែនជាកីឡាករតែម្នាក់នោះទេ របស់ United ដែលត្រូវបានទម្លាក់ចេញពីបញ្ជីកីឡាករជម្រើសដំបូងនោះ បន្ទាប់ពីការចាញ់ក្រុម Brentford ក្នុងលទ្ធផល៤-០ ដោយកីឡាករប្រធានក្រុម Harry Maguire, Luke Shaw និងកីឡាករ Fred ក៏ត្រូវបានដាក់ជាកីឡាករបម្រុងផងដែរ, ដោយលោក Ten Hag បានលើកឡើងថា ការផ្លាស់ប្តូរនេះ គឺជាផ្នែកមួយ នៃគម្រោងប្រកួតរបស់លោក ដើម្បីយកឈ្នះលើ Liverpool។

សូមជម្រាបថា ការប្រកួតបន្ទាប់របស់ United នឹងត្រូវធ្វើដំណើរទៅជួបក្រុមស្ថិតក្នុងចំណាត់ថ្នាក់ទី១១ Southampton នៅថ្ងៃសៅរ៍សប្តាហ៍នេះ៕