(ភ្នំពេញ)៖ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៉ី ភ្នំពេញ បានផ្តល់ឱកាសដល់និស្សិតជំនាន់ក្រោយ នូវមុខជំនាញបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ច តាមរយៈកិច្ចសហការថ្មីជាមួយវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) របស់កម្ពុជា។

សណ្ឋាគារប្រណីតលំដាប់អន្តរជាតិថ្មីបំផុត នៅក្នុងរាជធានីភ្នំពេញ ហៃយ៉ាត់ រីជិនស៉ី នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍។ តាមរយៈកិច្ចព្រមព្រៀងដែលនឹងមានរយៈពេលពីរឆ្នាំ សណ្ឋាគារនឹងផ្តល់ធនធាន សិក្ខាសាលា ការបណ្តុះបណ្តាល ការប្រឹក្សាបច្ចេកទេស និងកម្មវិធីសិក្សាដល់និស្សិតវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ដើម្បីអភិវឌ្ឍបេក្ខជន ដែលការផ្តល់កម្មសិក្សានេះ គឺដើម្បីជួយកសាងជំនាញរបស់ពួកគេនៅ ក្នុងផ្នែកសំខាន់ៗនៃបដិសណ្ឋារកិច្ច។

លោក Juan Mercadante អ្នកគ្រប់គ្រងទូទៅនៃសណ្ឋាគារ ហៃយ៉ាត់ រីជិនស៉ី ភ្នំពេញ បានថ្លែងថា «គុណសម្បត្តិដ៏មានឥទ្ធិពលបំផុតមួយរបស់កម្ពុជាគឺបដិសណ្ឋារកិច្ចរបស់ប្រជាជនបែបធម្មជាតិ។ តាមរយៈការកែលម្អជំនាញតាមរយៈកម្មសិក្សា នៅសណ្ឋាគាររបស់យើង យើងពិតជាអាចបង្កើនធនធានមនុស្ស ផ្តល់ជូននិស្សិតនូវបទពិសោធន៍ និងឱកាសដ៏មានតម្លៃក្នុងការបង្កើនអាជីពរបស់ពួកគេ»

ការររៀបចំរវាង សណ្ឋាគារ ហៃយ៉ាត់ រីជិនស៉ី ភ្នំពេញ និងវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ គឺស្របតាមកម្មវិធីសកលរបស់ Hyatt RiseHY។ RiseHY គឺជាកម្មវិធីសកលថ្មីមួយដែលត្រូវបានបង្កើតឡើង ដើម្បីផ្តល់ឱកាសការងាររបស់ឧស្សាហកម្មបដិសណ្ឋារកិច្ចដល់និស្សិតវ័យក្មេង។ ផ្អែកលើគំនិតផ្តួចផ្តើមនេះនៅត្រឹមឆ្នាំ២០២៥ សណ្ឋាគារ ហៃយ៉ាត់ ជុំវិញពិភពលោកប្តេជ្ញាថា នឹងផ្ដល់ឱកាសការងារដល់យុវជនដែលមិនមានសមត្ថភាព និងឱកាសគ្រប់គ្រាន់ក្នុងការទទួលបានការអប់រំនៅសាលា ឬឱកាសធ្វើការ ចំនួន ១០,០០០នាក់ ដែលមានអាយុពី១៦ ទៅ២៤ឆ្នាំ។

យោងតាមអង្គការពលកម្មអន្តរជាតិ យុវជនជាង ៤០ ភាគរយនៃពិភពលោកគឺគ្មានការងារធ្វើ ឬរស់នៅក្នុងស្ថានភាពលំបាក។

«យើងយល់ពីបញ្ហាប្រឈមដែលយុវជនកំពុងប្រឈមមុខ ហើយសណ្ឋាគារ ហៃយ៉ាត់ មានទីតាំងពិសេសដើម្បីជាផ្នែកនៃដំណោះស្រាយ។ បដិសណ្ឋារកិច្ចគឺជាឧស្សាហកម្មមួយក្នុងចំណោមឧស្សាហកម្មមួយចំនួនដែលឱកាសកម្រិតចូលរៀនតែងតែនាំទៅរកការបំពេញការងារពេញមួយជីវិត ដែលអាចផ្លាស់ប្តូរគន្លងនៃជីវិតរបស់នរណាម្នាក់»។ នេះបើតាម Malaika Myers ប្រធានផ្នែកធនធានមនុស្ស Hyatt បាននិយាយ។

Malaika Myers បន្តថា ជាមួយនឹងការចាប់ផ្តើមនៃកម្មវិធី RiseHY សណ្ឋាគារ Hyatt នឹងទាញយកថាមពលនៃបច្ចេកវិទ្យាតាមរបៀបដែលឧស្សាហកម្មរបស់យើងមិនធ្លាប់មានពីមុនមក ដើម្បីធ្វើមាត្រដ្ឋានឱកាសការងារ នាំមកនូវការយល់ដឹងដល់អាជីពផ្នែកបដិសណ្ឋារកិច្ច និងបង្កើតបេក្ខជនសម្រាប់ភាពជោគជ័យតាំងពីដំបូង ខណៈដែលវាពង្រីកកម្មវិធីបណ្តុះបណ្តាលជាផ្លូវសម្រាប់ការងារ។

តាមរយៈអនុស្សារណៈនៃការយោគយល់គ្នា ជាមួយសណ្ឋាគារ ហៃយ៉ាត់ រីជិនស៉ី ភ្នំពេញ នឹងផ្តល់ជាអត្ថប្រយោជន៍ដល់និស្សិត នៃវិទ្យាសា្ថនសហគ្រិនភាព និងនវានុវត្តន៍ ដូចជាបង្កើតជាបទពិសោធន៍ និងពង្រឹងជំនាញរបស់ខ្លួន។ នៅក្នុងខែតុលា ឆ្នាំ២០២២ វិទ្យាស្ថាននឹងបញ្ជូននិស្សិតមកហាត់ការជាលើកដំបូង ហើយបើសិនជានិស្សិតធ្វើការបានល្អ គឺអាចនឹងក្លាយជាបុគ្គលិកពេញសិទ្ធិរបស់សណ្ឋាគារផងដែរ។

លោកបណ្ឌិត តាន់ កុសល នាយកវិទ្យាស្ថានសហគ្រិនភាព និងនវានុវត្តន៍ បានថ្លែងបញ្ជាក់ថា «ខ្ញុំមើលសក្តានុពលនៅទីនេះគឺល្អ។ នៅក្នុងខែ១០នេះ យើងនឹងបញ្ជូននិស្សិតមកហាត់ការ»

លោកបន្តថា វិទ្យាសា្ថនសហគ្រិនភាព និងនវានុវត្តន៍ បានប្រឹងប្រែងស្វែងរកឱកាសការងារដល់និស្សិតយ៉ាងខ្លាំង។ ជាក់ស្តែង បច្ចុប្បន្នវិទ្យាស្ថាននេះមានកិច្ចសហការជាមួយវិស័យឯកជន នៅរាជធានីភ្នំពេញ ប្រមាណ ៤៥ក្រុមហ៊ុនហើយ៕