(ភ្នំពេញ)៖ ធនាគារ វីង (ខេមបូឌា) ម.ក បានកំពុងគាំទ្រ «កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល» ដើម្បីជួយបង្កើតបរិយាកាសដ៏ប្រសើរដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម ក្នុងការទទួលយកកំណើនសេដ្ឋកិច្ចឌីជីថលនៅ កម្ពុជា។

សហការរៀបចំដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ», កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល នេះ បានប្រព្រឹត្តទៅរយៈពេល១៨សប្តាហ៍ ក្នុងគោលដៅជួយធុរកិច្ចថ្មីបង្កើតដំណោះស្រាយបែបឌីជីថល និងសេវាកម្មនានា ដែលជាតម្រូវការរបស់អាជីកម្ម ជាពិសេសគំរូអាជីវកម្ម B2B។ ក្នុងចំណោមប្រាំពីរក្រុមចុងក្រោយ ម្ចាស់ជ័យលាភីទាំងបីក្រុមត្រូវបានប្រកាសដោយទទួលបានទឹកប្រាក់ចំនួន ៩០លានរៀល នៅក្នុងអំឡុងពេលថ្ងៃដាក់បង្ហាញសាធារណៈ ដែលធ្វើនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។

ជ័យលាភីទាំង ៣ក្រុមរួមមាន៖ ជ័យលាភីលេខ១ បានទៅក្រុម Localize ដែលជាធុរកិច្ចថ្មីដែលផ្ដល់នូវដំណោះស្រាយជាកម្មវិធីគណនេយ្យអនឡាយតាមប្រព័ន្ធក្លោថ (Cloud Accounting Platform) ជាមួយនឹងប្រាក់រង្វាន់ ៤០លានរៀល, ជ័យលាភីលេខ២ បានទៅក្រុម CamboFinance ដែលជាធុរកិច្ចថ្មីដែលផ្ដល់នូវដំណោះស្រាយជាថ្នាលឌីជីថលលើកកម្ពស់ការយល់ដឹងអំពីហិរញ្ញវត្ថុបុគ្គល (Personal Finance Platform) ជាមួយនឹងប្រាក់រង្វាន់ ៣០លានរៀល និងជ័យលាភីលេខ៣ បានទៅក្រុម Jobify ដែលជាធុរកិច្ចថ្មី ដែលផ្ដល់នូវដំណោះស្រាយជាថ្នាលឌីជីថលស្វែងរក និងផ្គូផ្គងការងារទាក់ទឹងនឹងជំនាញពត៌មានវិទ្យា (IT Job Matching Platform)ជាមួយនឹងប្រាក់រង្វាន់ ២០លានរៀល។

ក្រុមធុរកិច្ចថ្មីចំនួន៤ក្រុមផ្សេងទៀត បានឈានដល់វគ្គផ្ដាច់ព្រ័ត្ររួមមានក្រុមធុរកិច្ចថ្មី CancerCo., ក្រុមធុរកិច្ចថ្មី Kela, ក្រុមធុរកិច្ចថ្មី Tap App និង ក្រុមធុរកិច្ចថ្មី អួត App ។

លោកបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី តេជោ បានថ្លែងថា «គោលការណ៍វាយតម្លៃសម្រាប់ការធ្វើបទបង្ហាញរបស់ក្រុមធុរកិច្ចថ្មីនីមួយៗ ផ្អែកទៅលើប្រសិទ្ធភាព, លទ្ធភាពជោគជ័យ, នវានុវត្តន៍, និងការដំណើរការនៃគំនិតអាជីវកម្ម។ យើងខ្ញុំសូមកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមធុរកិច្ចថ្មីទាំងអស់ ដែលពួកគេបាននាំយកមកនូវគំនិតដែលមានលក្ខណៈបំផុស និងគំរូអាជីវកម្ម រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្កើតដំណោះស្រាយផ្នែកឌីជីថល សម្រាប់ដោះស្រាយបញ្ហានាពេលបច្ចុប្បន្នដែលធុរកិច្ចផ្សេងទៀតកំពុងតែជួបប្រទះ ជាពិសេសសហគ្រាសធុនតូច និងមធ្យម»

លោកបានបន្ថែមថា ការរួមចំណែករបស់ធនាគារ វីង និងអ្នកឧបត្ថម្ភសំខាន់ៗផ្សេងទៀតក៏ដូចជាដៃគូ មានសារៈសំខាន់ណាស់ ក្នុងការធានាថាកម្មវិធីនេះដំណើរការទៅមុខដោយរលូន។

មកដល់ពេលនេះធនាគារ វីង បានគាំទ្រមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ចំនួនបីកម្មវិធីដោយរួមមាន៖ កម្មវិធីនវានុវត្តន៍បញ្ច្រាស ឆ្នាំ២០២១ កម្មវិធីពន្លឿនអាជីវកម្មសហគ្រាសធុនតូចនិងមធ្យម និងកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល ឆ្នាំ២០២២។

លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារ វីង បានថ្លែងថា «ខ្ញុំសូមអបអរសាទរដល់ម្ចាស់ជ័យលាភី និងអ្នកចូលរួមក្នុងកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល។ យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយដែលបានធ្វើការជាមួយមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជាពិសេសជួយដល់យុវជនកម្ពុជាក្នុងការបណ្តុះគំនិតអាជីវកម្ម ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចឌីជីថលនៅប្រទេសកម្ពុជា។ ធុរកិច្ចថ្មី ដើរតួយ៉ាងសំខាន់ ពីព្រោះពួកគេអាចស្វែងរក និងផ្តល់នូវដំណោះស្រាយអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតសម្រាប់សហគមន៍»

ធនាគារ វីង និងមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» មានគោលដៅរួមក្នុងការប្រើប្រាស់ភាពខ្លាំងព្រមទាំងជំនាញរៀងៗខ្លួនដើម្បីជួយបណ្តុះ និងធ្វើឲ្យប្រសើរឡើងនូវធុរកិច្ចថ្មី និងសហគ្រាស ធុនតូច និងមធ្យមនៅកម្ពុជា។

ក្រៅពីមានកម្មវិធីជួយដល់សហគមន៍ជាច្រើន ធនាគារ វីង បានដាក់ចេញផលិតផល និងសេវាកម្មហិរញ្ញវត្ថុផ្សេងៗដើម្បីគាំទ្រដល់ការរីកចម្រើននៃធុរកិច្ចថ្មី និងសហគ្រាស ធុនតូច និងមធ្យមនៅក្នុងប្រទេស។ មានក្រុមហ៊ុនសាជីវកម្មជាង ៥៦៦ សហគ្រាសធុនតូច និងមធ្យមចំនួន ២.៧៧៧ និងទីភ្នាក់ងាររដ្ឋាភិបាលចំនួន១០ បានកំពុងប្រើប្រាស់សេវាកម្មបើកប្រាក់បៀវត្សរ៍ និងសេវាទូទាត់ប្រាក់ដើម្បីពន្លឿន ប្រតិបត្តិការអាជីវកម្ម។ ធនាគារ វីង ក៏កំពុងជួយដល់ពាណិជ្ជករជាង ៨០.០០០ ដើម្បីពង្រីកអាជីវកម្មរបស់ពួកគេតាមរយៈប្រព័ន្ធទូទាត់ឌីជីថលរបស់ វីង។

រចនាឡើងដើម្បីផ្សាភ្ជាប់ទំនាក់ទំនងរវាងសហគ្រិន និងអ្នកពាក់ព័ន្ធផ្សេងទៀត, មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី តេជោ ផ្តល់ជូនធុរកិច្ចថ្មីនូវឧបករណ៍ដែលជាតម្រូវការសម្រាប់ការស្វែងរកនវានុវត្តន៍ ហើយដែលអាចជួយប្រទេសកម្ពុជាសម្របខ្លួនទៅនឹងនិន្នាការនៃបច្ចេកវិទ្យាថ្មីៗ។ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី តេជោ ក៏ផ្តល់នូវការពន្លឿនអាជីវកម្ម និងសេវាកម្មតម្រង់ទិសផងដែរ ដែលរៀបចំជាពិសេសសម្រាប់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា៕