(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្ដ្រមណ្ឌលកំពង់ស្ពឺ បានបញ្ជាក់ថា កីឡដ្ឋានខេត្តកំពង់ស្ពឺ គ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាពេលឆាប់ៗខាងមុខ ខណៈការសាងសង់ស្ទើររួចរាល់ ១០០%។

ការលើកឡើងនេះ បន្ទាប់ពីលោកបានដឹកនាំក្រុមការងារ រួមជាមួយលោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ ចូលរួមប្រកួតបាល់ទាត់លក្ខណៈមិត្តភាពចម្រុះជាមួយក្រុមកីឡាករ នៃក្លិបណាហ្គាវើលដ៏ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺនាព្រឹកថ្ងៃទី២៥ ខែសីហានេះ ដើម្បីជាការតេស្ដសាកល្បងទីលានថ្មី និងពិនិត្យវឌ្ឍនភាពសាងសង់កីឡដ្ឋាន មុនសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។

លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់លើបណ្ដាញសង្គមរបស់ខ្លួនថា «សមិទ្ធផលថ្មីនេះ នឹងលើកកម្ពស់មុខមាត់បន្ថែមទៀតដល់ខេត្តកំពង់ស្ពឺ ជាមួយនឹងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យផ្សេងទៀត ក្រោមម្លប់នៃសុខសន្តិភាព។ សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមគាំទ្រ និងថែរក្សាកីឡដ្ឋាននេះ ដើម្បីជាប្រយោជន៍ដល់ការលើកកម្ពស់វិស័យកីឡាក្នុងខេត្តយើងផង និងឈានឆ្ពោះទៅបង្កើតស្នាដៃថ្មីលើឆាកជាតិ និងអន្តរជាតិបន្ថែមទៀត»

តាមការបញ្ជាក់របស់លោក អ៊ុង រដ្ឋា អ្នកសម្របសម្រួលគម្រោងសាងសង់កីឡដ្ឋានស្ដង់ដារអន្ដរជាតិខាងលើ បានឲ្យដឹងថា មកទល់ពេលនេះ សម្រេចការសាងសង់ប្រមាណជាង ៩៥% ហើយ ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងខែសីហានេះ (ក្រុមហ៊ុនសាងសង់បញ្ជាក់) ដើម្បីត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការនាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២។ តាមរយៈនេះ ទើបជំរុញឲ្យមានការប្រកួតមិត្តភាពនេះដែរ ដើម្បីជាតេស្ដសាកល្បងទីលានផង និងការពិនិត្យវឌ្ឍនភាពសាងសង់ មុនពិធីសម្ពោធផង។

លោកបន្ដថា «អ្វីដែលរៀបចំថ្ងៃនេះ គ្រាន់តែជាការប្រកួតសប្បាយរីករាយជាមួយដៃគូរបស់យើង មានន័យថា ដើម្បីធ្វើគម្រោងនេះបាន គឺមាន ៣ ដែលអ្នកឧបត្ថម្ភរបស់យើង គឺក្រុមហ៊ុនណាហ្គាវើលដ៏ ជាមួយរដ្ឋបាលខេត្ត និងក្រុមការងារឯកឧត្តម ហ៊ុន ម៉ានី ដែលមានឯកឧត្តម ហ៊ុន ម៉ានី ជាអ្នកផ្ដួចផ្ដើមគំនិតសាងសង់គម្រោងនេះទាំងមូល។ អ៊ីចឹងទាំងអស់នេះ គ្រាន់តែមកមើលទេ ទី១-ដើម្បីដឹងថា ការងារដល់ណាហើយ ទី២-ដើម្បីធ្វើតេស្ដសាកល្បងទីលាន និងទី៣-ត្រៀមរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការ»

លោកបន្ថែមថា កីឡដ្ឋានសាងសង់តាមស្ដង់ដារ AFC និងមានការចុះពិនិត្យជាប្រចាំពីមន្ដ្រីជំនាញ CPL នេះ ក្រៅពីទីលានប្រកួតបាល់ទាត់ គឺមានអគារមួយ ដែលអាចផ្ទុកអ្នកទស្សនាបាន ៣,០០០នាក់ ព្រមទាំងផ្លូវរត់ជុំវិញទីលាន ប្រព័ន្ធលូ ប្រព័ន្ធទឹក-ភ្លើង និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដែលចំណាយថវិកាប្រមាណ ៣លាន ៥០ម៉ឺនដុល្លារ (សម្រាប់ហេដ្ឋារចនាសម្ព័ន្ធខាងក្នុង ដោយមិនគិតតម្លៃដី)។ រីឯរដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានចំណាយលើការរៀបចំ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធខាងក្រៅជាច្រើនផងដែរ។

តាមគម្រោងបើគ្មានការប្រែប្រួលទេ បន្ទាប់ពីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការរួច កីឡដ្ឋានខេត្តកំពង់ស្ពឺ ដែលនឹងក្លាយជាមូលដ្ឋានរបស់ក្លិបក្របខណ្ឌលីគកំពូលកម្ពុជា (CPL) ណាហ្គាវើលដ៏ នេះ នឹងត្រូវបើកទ្វារស្វាគមន៍ការប្រកួតផ្លូវការដំបូង នាដើមខែតុលាខាងមុខ។ ប៉ុន្ដែមុនឈានដល់ការប្រកួតផ្លូវការ ណាហ្គាវើលដ៏ ក៏គ្រោងនឹងរៀបចំការប្រកួតមិត្តភាពមួយចំនួន នាខែកញ្ញាខាងមុខផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក ឃឹម បូរី គ្រូបង្វឹកក្រុមណាហ្គាវើលដ៏៕