(អឺរ៉ុប)៖ ក្លិប Manchester United ទទួលបានពាក្យបដិសេធ ចំពោះសំណើចង់នាំយកកីឡាករចាំទី Kevin Trapp ដែលរូបគេនឹងបន្តស្នាក់នៅក្លិប Eintracht Frankfurt របស់អាល្លឺម៉ង់ទៀត។ នេះបើតាម BBC ឲ្យដឹងនាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។

Kevin Trapp បាននិយាយថា លោកបានទទួលសំណើពីក្លិបបិសាចក្រហម Man United ក្នុងរដូវក្តៅនេះ ប៉ុន្តែបុរសវ័យ ៣២ឆ្នាំបានសម្រេចចិត្តស្នាក់នៅលេងឲ្យក្លិបអាល្លឺម៉ង់ Frankfurt ជាបន្តទៀត នាមជាអតីតកីឡាកររបស់ក្លិប Paris Saint-Germain។

គួររំលឹកផងថា Kevin Trapp បានមកចូលរួមជាមួយ Frankfurt ក្នុងកិច្ចសន្យារយៈពេល ៥ឆ្នាំ បន្ទាប់ពីចំណាយពេលលេងខ្ចីជើងយ៉ាងជោគជ័យក្នុងរដូវកាលឆ្នាំ២០១៨-១៩ និងជាកីឡាករដែលបានជួយឲ្យ Frankfurt ឈ្នះពាន UEFA Europa League និងមានកៅអីលេង Champions League រដូវកាលនេះ។

សូមបញ្ជាក់ផងថា បច្ចុប្បន្នក្លិបស្ថិតក្នុងទីក្រុង Manchester នៃលីគអង់គ្លេស កំពុងមានអ្នកចាំទីចំនួន ២នាក់ ដោយជម្រើសទី១ បុរសសញ្ជាតិអេស្ប៉ាញ David de Gea និងអ្នកចាំទីអង់គ្លេស Tom Heaton ដ្បិតទើបយកបានខ្សែបម្រើ Casemiro ពីក្លិប Real Madrid ក្នុងតម្លៃ ៧០លានផោន៕