(បរទេស)៖ Tim Cook ត្រូវបានគេស្គាល់ថាជានាយកប្រតិបត្តិ (CEO) មួយដែលដឹកនាំ និងកាន់កាប់ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានយូរ ហើយក៏ជាបុគ្គលដែលមានឥទ្ធិពលមួយរូបផងដែរ។ បើនិយាយពីទ្រព្យសម្បត្តិរបស់លោកវិញ គិតត្រឹមពេលនេះ មានចំនួន ប្រហែល ជា ២ពាន់លានដុល្លារអាមេរិក។

លុយរបស់ CEO ក្រុមហ៊ុន Apple រូបនេះ ត្រូវបានគេកត់សម្គាល់ឃើញថាបានកើនឡើងប្រមាណចន្លោះពី ២៥ ទៅ ៣៥ភាគរយ ជារៀងរាល់ឆ្នាំ ដោយក្នុងនោះ Apple បានចំណាយលុយដ៏ច្រើនសន្ធឹកសម្រាប់ជួលលោកឱ្យកាន់តំណែងជា CEO។

តើលោកអ្នក ចង់ដឹងទេថា Apple បានចំណាយប្រាក់ប៉ុន្មានក្នុងមួយឆ្នាំៗដើម្បីជួលលោក Tim Cook?

លោក Tim Cook បានចូលបម្រើការងារនៅក្នុង ក្រុមហ៊ុន Apple ក្នុងខែមីនា ឆ្នាំ១៩៩៨ ជាអនុប្រធានជាន់ខ្ពស់សម្រាប់ប្រតិបត្តិការសកល ហើយបន្ទាប់មកបានបម្រើការជាអនុប្រធានប្រតិបត្តិសម្រាប់ការលក់ និងប្រតិបត្តិការសកល។ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០១១ លោក Tim Cook ត្រូវបាន Apple តែងតាំងជា CEO ថ្មីជំនួសលោក Steve Jobs បន្ទាប់ពីស្ថានភាពជំងឺរបស់លោកកាន់តែធ្ងន់ធ្ងរ។

យោងតាមរបាយការណ៍ផ្លូវការរបស់ Apple បានឱ្យដឹងថា គិតត្រឹមឆ្នាំ ២០២១ លោក Tim Cook មានប្រាក់បៀវត្សរ៍ប្រចាំឆ្នាំចំនួន ៣លានដុល្លារអាមេរិក, ប្រាក់អត្ថប្រយោជន៍ ៨២,៣លានដុល្លារអាមេរិក, ប្រាក់រង្វាន់បានមកពីភាគហ៊ុនចំនួន ១២លានដុល្លារអាមេរិក និង ១,៣លានដុល្លារអាមេរិកទៀតសម្រាប់ការធ្វើដំណើរការកម្សាន្ត និងសុវត្ថិភាព រួមនឹងប្រាក់រង្វាន់ផ្សេងៗ ដែលសរុបមានរហូតដល់ ៩៨,៧លានដុល្លារអាមេរិក។

បើយើងសរុបជារួម មានន័យថា ក្រុមហ៊ុន Apple បានចំណាយប្រាក់ប្រមាណជិត ១០០លានដុល្លារអាមេរិកដើម្បីជួលលោក Tim Cook ឱ្យកាន់កាប់តំណែងជា CEO។

នៅមានចំណុចមួយទៀតដែលគ្រប់គ្នាប្រហែលនឹងនឹកស្មានមិនដល់ នោះគឺលោក Tim Cook បច្ចុប្បន្នបានកាន់កាប់ហ៊ុនរបស់ Apple រហូតដល់ ៥លានហ៊ុន ដែលកាលពីចុងឆ្នាំ ២០២១ វាមានតម្លៃសរុបរហូតដល់ទៅ ៧៥៤លានដុល្លារអាមេរិក ដែលលុយមួយនេះ មិន ត្រូវបានបូកបញ្ចូលក្នុងតារាងចំណាយរបស់ Apple សម្រាប់ជួលលោក Tim Cook ឡើយ។

គួរបញ្ជាក់ផងដែរថា បុគ្គលិកជាន់ខ្ពស់របស់ Apple ចំនួន ៥រូបផ្សេងទៀត ក៏ទទួលបានប្រាក់រង្វាន់ និងបៀវត្សរ៍សរុបចន្លោះពី ២៦ ទៅ ២៧លានដុល្លារអាមេរិក ពី Apple ផងដែរ ដោយក្នុងនោះរួមមានលោក Luca Maestri ប្រធានផ្នែកហិរញ្ញវត្ថុ (CFO), លោកស្រី Kate Adams ជាឧត្តមប្រឹក្សា និងអនុប្រធានជាន់ខ្ពស់, លោក Jeff Williams នាយកចាត់ការទូទៅ (COO), លោកស្រី Deirdre O'Brien អនុប្រធានជាន់ខ្ពស់ ទទួល បន្ទុកផ្នែកលក់រាយ និងធនធានមនុស្ស៕