(បរទេស)៖ កាលពីខែមេសាកន្លងទៅកម្មវិធីផ្ញើសារ WhatsApp បានប្រកាសបង្ហាញជាលើកដំបូងថា ខ្លួនកំពុងតែធ្វើការលើមុខងារថ្មីមួយដើម្បីបង្កើត Group WhatsApp Communities ដែលមានសមត្ថភាពជជែកជាក្រុមធំ រួមទាំងគាំទ្រសម្រាប់ការចែករំលែកឯកសារ អាចប្រតិកម្ម Emoji និងអាចបង្កើត Group Call បានរហូតដល់ទៅ ៣២នាក់។ ដោយឡែកថ្មីៗនេះ ទទួល បានដំណឹងថា មុខងារនោះត្រូវបានដាក់ឱ្យដំណើរការសាកល្បងបណ្តើរៗហើយ ខណៈដែលថ្ងៃបើកដំណើរការជាសាធារណៈកាន់តែខិតជិត។

បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន TechCrunh នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២បាឱ្យដឹងថា WhatsApp កំពុងតែដាក់ឱ្យប្រើប្រាស់មុខងារសាកល្បង WhatsApp Communities ដល់អ្នកប្រើប្រាស់មួយចំនួន ប៉ុន្តែគេមិនបានបញ្ជាក់លម្អិតជាក់លាក់អំពីចំនួនអ្នកប្រើប្រាស់ ឬប្រទេសណាខ្លះដែលកំពុងតែទទួលបានមុខងារថ្មីនេះឡើយ។

យ៉ាងណាមិញបើយោងតាមរូបភាព Screenshot មួយតាមរយៈ WABetaInfo អ្នកប្រើប្រាស់ដែលទទួលបានការសាកល្បងមុខងាររបស់ WhatsApp បេតា មួយចំនួនកំពុងរាយការណ៍ថា ពួកគេពិតជាទទួលបានសមត្ថភាពបង្កើត Community នៅក្នុង App រប ស់ WhatsApp ពិតមែន ប៉ុន្តែជាមួយនឹងការដាក់ឱ្យសាកល្បងនេះសម្រាប់មុខងារ លាក់លេខទូរស័ព្ទពីសមាជិកនៅក្នុង Group មិនត្រូវបានគាំទ្រនោះទេ បើទោះបីជាមុខងារលាក់លេខទូរស័ព្ទនេះត្រូវបានគេរំពឹងថានឹងមានជាសាធារណៈនៅពេលដែលវាចាប់ផ្តើមដំណើរការក៏ដោយ៕