(ញ៉ូវខាសល)៖ ក្លិបសារិកាព្រៃ Newcastle United គ្រោងនឹងចុះកិច្ចសន្យាយកខ្សែប្រយុទ្ធ Alexander Isak មកពីក្លិប Real Sociedad ជាតម្លៃកំណត់ត្រារបស់ក្លិប ដែលមានប្រមាណ ៦០លានផោន។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។

កីឡាករលំដាប់អន្តរជាតិស៊ុយអែត វ័យ ២២ឆ្នាំរូបនេះ នឹងបង្កើនជម្រើសប្រយុទ្ធរបស់ក្លិប Newcastle ខណៈខ្សែប្រយុទ្ធ Callum Wilson កំពុងរងរបួស ដែលកំពុងរង់ចាំលទ្ធផលនៃការស្កេនសរសៃពួរកែងជើង។

អតីតកីឡាកររបស់ក្លិប Borussia Dortmund គឺ Isak បានស៊ុតបញ្ចូលទី ៤៤គ្រាប់ ក្នុងការបង្ហាញខ្លួន ១៣២ប្រកួតសម្រាប់ក្លិប Sociedad និងស៊ុត ៩គ្រាប់ ក្នុងការបង្ហាញខ្លួន ៣៧ប្រកួតសម្រាប់ក្រុមជម្រើសជាតិដែរ។

កំណត់ត្រានៃការផ្ទេរកីឡាកររបស់ក្លិប Newcastle គឺមានតម្លៃ ៤០លានផោនដែលពួកគេបានចំណាយសម្រាប់កីឡាករ Joelinton កាលពីឆ្នាំ២០១៩៕