(ភ្នំពេញ)៖ វេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ចប់កាលពីម្សិលមិញ ដោយរលូន និងជោគជ័យដោយមានយុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើជាច្រើនរយនាក់បានចូលរួម។ ក្នុងវេទិកានោះ ក៏មានអ្នកសម្ភាស ជាប់ការងារតាមបណ្តាក្រុមហ៊ុនផ្សេងៗ សរុបចំនួន១៥៨នាក់ ក្នុងនោះជាប់ស្ថាពរ ២៦នាក់ ខណៈ១២៨នាក់ ជាប់បឋម និងរង់ចាំទៅសម្ភាសលើកទី២ បន្តទៀតជាមួយនឹងក្រុមហ៊ុន។

គួររំលឹកថា ក្នុងវេទិកាការងារកាលពីម្សិលមិញនេះ មានក្រុមហ៊ុនធំៗទាំង១០ ដែលបានសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ ក្នុងនោះមាន៖ ធនាគារ កាណាឌីយ៉ា ក្រុមហុន AEON Cambodia ក្រុមហ៊ុន GFG Investment ក្រុមហ៊ុន VATTANAC BREWERY ក្រុមហ៊ុន មេហ្គា អាសិត មេនេចមេន ផ្សារទំនើប ឡាគី មីក្រូហិរញ្ញវត្ថុ AMK ក្រុមហ៊ុន UDAYA Technology មីក្រូហិរញ្ញវត្ថុ PRIMPE Micro Finance និងក្រុមហ៊ុន CAMBREW LTD ដែលមានតម្រូវការបុគ្គលិកសរុបចំនួន ១៧១៧កន្លែង។ វេទិកាការងារនេះ ធ្វើឡើងចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

វេទិកាការងារ គឺជាយន្តការដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលក្នុងការរុញការងារឲ្យដល់អ្នក ដែលកំពុងស្វែងរកការងារធ្វើ ឬមានបំណងចង់ផ្លាស់ប្តូការងារ ហើយវាក៏ជាវេទិកាដ៏សំខាន់ផងដែរ សម្រាប់ផ្តល់ឱកាសងាយស្រួលដល់និយោជក(ក្រុមហ៊ុន) ជួបជាមួយនឹងនិយោជិត(អ្នកស្វែងរកការងារធ្វើ)ផងដែរ។

សូមបញ្ជាក់ថា វេទិកាការងារនេះតែងតែរៀបចំឡើងជារៀងរាល់ខែ ដោយមានការសហការជាមួយបណ្តាក្រុមហ៊ុនជាច្រើន ដែលកំពុងមានតម្រូវការជ្រើសរើសបុគ្គលិកបន្ទាន់។ សម្រាប់សិស្ស-និស្សិត អ្នកស្វែងរកការងារធ្វើ ឬអ្នកចង់ផ្លាស់ប្តូរការងារ ដែលមានបំណងចង់ស្វែងរកការងារធ្វើ ឬមានបំណងចង់ផ្លាស់ប្តូរការងារ អាចអញ្ជើញមកចូលរួមក្នុងវេទិកាការងារនេះបានដោយសេរី នឹងសូមកុំភ្លេចត្រៀមនូវប្រវត្តិរូបសង្ខេប(CV) ដើម្បីដាក់ពាក្យសម្ភាសដោយផ្ទាល់ជាមួយនឹងក្រុមហ៊ុនដែលខ្លួនស្រឡាញ់។

ដើម្បីទទួលព័ត៌មានបន្ថែម អំពីការចូលរួមក្នុងវេទិកាការងារនាពេលក្រោយទៀត សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរសព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៉ីអេ ខ្មែរ)៕