(អ៉ីស្តង់ប៊ូល)៖ ខ្សែប្រយុទ្ធជួរមុខ Karim Benzema បានឈ្នះពានកីឡាករលេងល្អប្រចាំរដូវកាល ២០២១-២០២២ (Men Player of the Year) របស់សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA និងបានក្លាយជាកីឡាករទី២ នៃប្រទេសបារាំងផងដែរ បន្ទាប់ពី Franck Ribery ឈ្នះនៅឆ្នាំ២០១២-២០១៣ កាលលេងឲ្យក្លិប Bayern Munich។

ដូចគ្នានោះដែរ កីឡាករចាស់វស្សា វ័យ ៣៤ឆ្នាំរបស់ក្លិប Real Madrid ខាងលើនេះ ក៏បានយកឈ្នះមិត្តរួមក្រុមដែលជាអ្នកចាំទី Thibaut Cortois និងកីឡាករនាំលេង Kevin de Bruyne នៃក្លិប Manchester City ផងដែរ ក្នុងការឈ្នះពានឯកត្តជនដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១០ នេះដែរ គ្រាដែល Cristiano Ronaldo ឈ្នះបាន ៣ដងច្រើនជាងគេ។

លើសពីនេះទៀត Benzema ក៏ជាបេក្ខភាពបានកំពុងនាំមុខគេ ក្នុងចំណោម ៣០នាក់ចុងក្រោយនៃការប្រជែងយកពានធំ Ballon d’Or ដែលនឹងត្រូវប្រកាសលទ្ធផលជាផ្លូវការនាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ខាងមុខដែរ។

Karim Benzema បានទទួលពាន Men Player of the Year ក្នុងពិធីចាប់ពូលវគ្គ ៣២ក្រុមចុងក្រោយនៃ UEFA Champions League 2022-2023 ដែលត្រូវបានធ្វើឡើងនៅទីក្រុង Istanbul ប្រទេសតួកគីនៅរាត្រីថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា បន្ទាប់ពីរូបគេជួយ Real Madrid ឈ្នះពាន UEFA Champions League និងពាន La Liga នារដូវកាលមុន ដោយស៊ុតបញ្ចូលទីសរុបបាន ៤៤គ្រាប់ ក្នុងចំណោម ៤៦ប្រកួតគ្រប់កម្មវិធី នៅពេលគ្រូបង្វឹកក្រុមអធិរាជស គឺលោក Carlo Ancelotti ត្រូវបានបោះឆ្នោតជាប់អ្នកចាត់ការល្អប្រចាំឆ្នាំ ដោយបានយកឈ្នះលោក Pep Guardiola គ្រូរបស់ Man City និងក្លិប Liverpool គឺលោក Jurgen Klopp៕