(កូរ៉េ)៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនគ្រប់គ្រងសិល្បករ ដែលបង្កើតឡើងដោយតារាចម្រៀងដ៏ល្បីល្បាញ Psy នោះ បានស្ថិតនៅក្រោមការស៊ើបអង្កេតដោយក្រសួងការងារ ជុំវិញការស្លាប់របស់កម្មករម្នាក់ កាលពីពេលថ្មីៗកន្លងមកនេះ អំឡុងពេលរុះរើសម្ភារៈ បន្ទាប់ពីការប្រគំតន្ត្រីរបស់ Psy ត្រូវបានបញ្ចប់។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Yonhap នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។

មន្ត្រីបាននិយាយថា ការិយាល័យសាខាខេត្ត Gangwon របស់ក្រសួងបានចាប់ផ្តើមការស៉ើបអង្កេត លើការិយាល័យកណ្តាលរបស់ P Nation នៅភាគខាងត្បូងទីក្រុងសេអ៊ូល និងក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងទៀត នាប៉ុន្មានថ្ងៃមុននេះ។

បើគេនៅចាំមិនភ្លេចទេ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ គឺមានបុរសជនជាតិម៉ុងហ្គោលីម្នាក់ក្នុងវ័យ ២០ឆ្នាំ បានធ្លាក់ពីលើឆាកកម្ពស់២០ម៉ែត្រ ខណៈកំពុងធ្វើការរុះរើប៉មពន្លឺ ដែលបានដំឡើងទុកជាមុន សម្រាប់កម្មវិធី Gangneung Stadium។ បុរសនោះ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះ ក្នុងស្ថានភាពគាំងបេះដូង ប៉ុន្តែទីបំផុតបានស្លាប់បាត់ទៅហើយ។ គ្រោះថ្នាក់ដ៏រន្ធត់នេះទៀតសោត ត្រូវបានគេដឹងថា កើតឡើងពេលបុរសរូបនេះ កំពុងធ្វើការដោយគ្មានឧបករណ៍សុវត្ថិភាពគ្រប់គ្រាន់ បើទោះបីរូបគេធ្វើការនាពេលកំពុងភ្លៀង និងអាកាសធាតុអាក្រក់ក៏ដោយ។

យោងតាមច្បាប់សុវត្ថិភាពឧស្សាហកម្ម និងសុខភាព ការងារត្រូវតែបញ្ឈប់នៅពេលដែលអាកាសធាតុអាក្រក់ខ្លាំង ដោយសារភ្លៀង ព្រិល ឬលក្ខខណ្ឌមិនស្ថិតស្ថេរផ្សេងទៀត។ ជុំវិញបញ្ហានេះ ក្រសួងការងារ ត្រូវបានគេរាយការណ៍ថា ទទួលបានដីការពីតុលាការ ដើម្បីបើកការស្រាវជ្រាវ និងរឹបអូស ផលិតកម្ម P Nation ក្រោមការចោទប្រកាន់ថា បំពានច្បាប់សុវត្ថិភាពឧស្សាហកម្ម៕