(អឺរ៉ុប)៖ កីឡាករខ្សែប្រយុទ្ធ Nicolas Pepe និងខ្សែបម្រើ Dele Alli បានសម្រេចយល់ព្រមផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើងទៅកាន់ក្លិបលីគតួគី នឹងបារាំង ដែលសុទ្ធតែមានកិច្ចព្រមព្រៀងពេញមួយរដូវកាល២០២២-២៣ ក្រោយមិនច្បាស់ថាអាចមានជម្រើសដំបូង ១១នាក់នៃក្លិបរបស់ពួកគេ។

ខ្សែប្រយុទ្ធ Pepe ត្រូវបានផ្ទេរទៅកាន់ក្លិប Nice នៃលីគបារាំង Ligue 1 ដែលព្រមព្រៀងគ្នាជាមួយក្លិប Arsenal ក្នុងកិច្ចសន្យាខ្ចីជើងពេញមួយរដូវកាល ដែលលក្ខខណ្ឌនេះមិនរាប់បញ្ចូលសំណើទិញនោះទេ ដ្បិតរូបគេជាអតីតកីឡាកររបស់ក្លិប Lille នៃលីគបារាំង មុនពេលក្លិប Arsenal ទិញមកក្នុងតម្លៃ ៧២លានផោនកាលឆ្នាំ២០១៩។

ក្នុងនោះខ្សែបម្រើវ័យ ២៦ឆ្នាំសញ្ជាតិអង់គ្លេស Dele Alli ក៏បានសម្រេចចិត្តឈានជើងចេញពីក្លិប Everton ទៅលេងក្នុងកិច្ចសន្យាខ្ចីជើងក្នុងលីគតួគី ជាមួយក្រុម Besiktas ពេញមួយរដូវកាល២០២២-២៣ ដែលនៅសល់នេះ នាមជាអតីតខ្សែបម្រើក្លិប Tottenham Hotspur ដ្បិតទើបលេងបាន ១៣ប្រកូតប៉ុណ្ណោះជាមួយក្រុមស្ករគ្រាប់ Everton៕