(ភ្នំពេញ)៖ កុមារកម្ពុជា១៣រូប ក្នុងចំណោម៧៧រូប ទទួលបានលទ្ធផលឆ្នើមក្នុងការធ្វើតេស្តសមត្ថភាពភាពវៃឆ្លាត (តេស្ត IQ) កម្រិតអន្តរជាតិ ដោយស្ថាប័នវាយតម្លៃ ការសិក្សាស្តង់ដារអន្តរជាតិ Tutor Impact UK។

យោងតាមសេចក្តីប្រកាសព័ត៌មានពីលទ្ធផលតេស្ត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ បានឱ្យដឹងទៀតថា លទ្ធផលធ្វើតេស្ត IQ ដែលទើបបានបញ្ចប់នាពេលថ្មីៗនេះ ត្រូវបានធ្វើឡើងដោយស្ថាប័នវាយតម្លៃការសិក្សាស្តង់ដារអន្តរជាតិ Tutor Impact UK កាលពីថ្ងៃទី៤-៥ ខែមិថុនា ឆ្នាំ២០២២ បានបង្ហាញពីលទ្ធផលគួរឱ្យកត់សម្គាល់។

ក្នុងចំណោមកុមារ៧៧នាក់ បានបញ្ចប់ការធ្វើតេស្ត IQ ដោយជោគជ័យ និងត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិនេះ មានកុមារចំនួន ១៣នាក់ (ឬស្មើ ១៧% នៃចំនួនសរុប) ទទួលបានកម្រិតវាយតម្លៃខ្ពស់ដាច់គេ ដោយទទួលបានលំដាប់ពិន្ទុ IQ ពី ១៣០ ឬច្រើនជាងនេះ ខណៈកុមារចំនួន ១០នាក់ នាក់ផ្សេងទៀត (ឬស្មើ ១៣%) អាចឈានដល់កម្រិតដ៏ល្អជាមួយនឹងពិន្ទុ IQ ចន្លោះពី១២០-១២៩។

លទ្ធផលទាំងនេះបង្ហាញពីភាគរយខ្ពស់គួរឱ្យចាប់អារម្មណ៍ បើប្រៀបធៀបទៅនឹងមធ្យមភាគពិភពលោកដែលមានចន្លោះពី ៦% ទៅ៨% នៃកុមារដែលឈានដល់កម្រិត IQ «មានកម្រិតខ្ពស់» នេះបើយោងតាមសមាគមជាតិ សម្រាប់កុមារដែលមានទេពកោសល្យខ្ពស់។

លោក Charles Wong សហស្ថាបនិក និងជានាយកប្រតិបត្តិនៃសាលាអន្តរជាតិ Shrewsbury ភ្នំពេញ បានឱ្យដឹងថា គោលបំណងចំបងរបស់សាលា គឺដើម្បីកំណត់ អត្តសញ្ញាណកុមារ ដែលមានទេពកោសល្យឱ្យបានលឿន និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងសេវាកម្មអប់រំ ប្រកបដោយគុណភាពខ្ពស់ ដល់សិស្សទាំងនោះឱ្យបានឆាប់ តាមដែលអាចធ្វើទៅបានក្នុងអំឡុង ពេលកូនរបស់ពួកគេស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍។

ការធ្វើតេស្ត IQ នេះបង្កើតឡើងដើម្បីជាផ្នែកមួយនៃដំណើរការជ្រើសរើស សម្រាប់កម្មវិធីអាហារូបករណ៍ Gifted Children Scholarship ដែលបានសម្ពោធ ជាផ្លូវការ ដោយសាលាអន្តរជាតិ Shrewsbury ភ្នំពេញនៅក្នុងឆ្នាំ២០២២នេះ។

សូមបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មាតាបិតា ដែលបានបញ្ជូនកូនរបស់ពួកគាត់ឱ្យចូលរួមក្នុងការធ្វើតេស្តនេះ ដើម្បីដឹងពីសមត្ថភាព របស់កូនៗខ្លួន ហើយក៏ជាជំនួយក្នុងការជ្រើសរើស សាលារៀនឱ្យបានត្រឹមត្រូវដើម្បីបង្កើនជំនាញ និងទេពកោសល្យរបស់ពួកគេផងដែរ៕