(ភ្នំពេញ)៖ អនុរដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ទិត្យ ថាវរិទ្ធ បានបង្ហាញនូវទស្សនៈរបស់ខ្លួនថា ជាការពិតវិស័យសិល្បៈកម្សាន្ត មិនថានៅក្នុងប្រទេសណានោះទេ គឺត្រូវតែមានការអភិវឌ្ឍន៍ ការរិះរកនូវអ្វីដែលថ្មីប្លែក ដើម្បីបំពេញសេចក្ដីត្រូវការ និងបំពេញអារម្មណ៍របស់មហាជន ទស្សនិកជនក្នុងប្រទេសនីមួយៗ។ ប៉ុន្តែយ៉ាងណាមិញ បើការអភិវឌ្ឍន៍លើវិស័យសិល្បៈកម្សាន្តនោះ មិនបានប្រើនូវវិចារណញ្ញាណ ការគិតគូពីផលប៉ះពាល់ឲ្យបានល្អិតល្អន់ទេ គឺប្រៀបបានទៅនឹងការបំផ្លាញខ្លួនឯង និងវប្បធម៌ជាតិរបស់ខ្លួន បន្ទាប់ពីមានមហាជនរិះគន់ខ្លាំងៗ និងមិនអាចទទួលយកបាន។

ការថ្លែងបែបនេះរបស់លោក ទិត្យ ថាវរិទ្ធ គឺបន្ទាប់ពីលោកបានឃើញការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់មហាជនលើកម្មវិធី «Miss Grand Cambodia 2022» ដែលបានរៀបចំឡើងដោយផលិតកម្មមហាហង្ស ខណៈដែលអ្នករៀបចំកម្មវិធី បានឲ្យបេក្ខនារីតំណាងក្រុងបាវិត នៃខេត្តស្វាយរៀង លើករូបភាពល្បែងស៊ីសង មានសន្លឹកបៀរ និងរូបអាប៉ោង តំណាងឲ្យក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅលើឆាកកាលពីពេលថ្មីៗនេះ។

លោក ទិត្យ ថាវរិទ្ធ បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា «បើតាមយោបល់ខ្ញុំផ្ទាល់ គឺថាសិល្បៈត្រូវតែមានការអភិវឌ្ឍន៍ខ្លះៗ អ៊ីចឹងមែនហើយ ដើម្បីបំពេញអារម្មណ៍ទស្សនិកជន កុំឲ្យវាដដែលៗ ដែលគេធ្លាប់បានឃើញមកហើយនោះ អាចមានការធុញទ្រាន់ តែសូមអ្នករៀបចំការសម្ដែងគួរប្រើ នូវវាចារណញ្ញាណឲ្យបានត្រឹមត្រូវ ថាអ្វីគួរ និងអ្វីមិនគួរ ហើយធ្វើអ្វីដែលមានផលចំណេញ គឺចំណេញទាំងអ្នកធ្វើ ចំណេញទាំងអ្នកទស្សនា គឺចំណេញនូវការចែករំលែកចំណេះដឹង និងចំណេះធ្វើឲ្យមានប្រយោជន៍ កុំគ្រាន់តែការកំសាន្តដែលមានរបៀបជាការបំផ្លាញ ជាពិសេសគឺការបំផ្លាញនូវវប្បធម៌ជាតិ និងបំផ្លាញខ្លួនឯង។ ការអភិវឌ្ឍន៍ត្រូវតែមាន តែក៏ត្រូវមានកំរិត ព្រោះយើងត្រូវស្គាល់ខ្លួនឯងឲ្យច្បាស់..!»

លោកអនុរដ្ឋលេខាធិការក្រសួងវប្បធម៌រូបនេះ ក៏បានធ្វើការរិះគន់ ទៅលើអ្នករៀបចំកម្មវិធី «Miss Grand Cambodia» ដោយលោកបានបង្ហោះសារនិយាយធ្ងន់ៗថា អ្នករៀបចំកម្មវិធី ជាមនុស្សល្ងង់ ព្រោះមិនគួរណាយករូបភាពបែបនេះ មកបង្ហាញជាសាធារណៈ ទោះបីជារូបភាពនោះ តំណាងឲ្យតំបន់ណាមួយក៏ដោយ។ «រូបភាពបែបនេះ បើទោះជាចេតនាផ្សាយពាណិជ្ជកម្ម ឲ្យល្បែងស៊ីសងផ្សេងៗនៅកាស៊ីណូមែន ក៏បង្ហាញថា គំនិតអ្នករៀបចំនេះនៅល្ងង់ខ្លាំងណាស់ កុំថាឡើងយករូបភាពនេះតំណាងឲ្យតំបន់!»។ លោក ទិត្យ ថាវរិទ្ធ បញ្ជាក់បន្ថែម។

សូមបញ្ជាក់ថា បន្ទាប់ពីមានការរិះគន់យ៉ាងភ្លូកទឹកភ្លូកដីមក ពីសំណាក់អ្នកសិល្បៈ និងមហាជនរួចមក នៅយប់ម្សិលមិញនេះ គេបានឃើញអ្នករៀបកម្មវិធី និងជាម្ចាស់ផលិតកម្មមហាហង្ស បានចេញលិខិតសុំទោសជាសាធារណ នូវរាល់កំហុសឆ្គងរបស់ខ្លួន ដែលបានប្រព្រឹត្តិ និងបានសម្ដែងការសោកស្ដាយ នូវកំហុសឆ្គងដោយអចេតនានេះ នៅចំពោះមុខមហាជន ទស្សនិកជន ហើយសន្យាថា នឹងធ្វើការកែតម្រូវឲ្យបានល្អប្រសើរឡើងវិញ។ នៅក្នុងលិខិតសុំទោសនោះ លោក អ៊ិន សុភិន ក៏បានសម្រេចកាត់ឈុត ដែលទទួលរងនូវការរិះគន់នេះចោលផងដែរ៕