(បរទេស)៖ អតិថិជនរបស់ Apple មួយចំនួនទំនងជាសប្បាយចិត្តបន្ទាប់ពីលឺដំណឹងថា Apple កំពុងតែចាប់ផ្តើមផ្ញើការទូទាត់ប្រាក់តាមអ៊ីម៉ែលទៅកាន់អតិថិជនមួយចំនួនដែលបានជួបបញ្ហានៅលើកម្មវិធី AppleCare។ ខណៈបណ្តឹងនេះបានអូសបន្លាយពេលជាយូរ ដោយ Apple បានយល់ព្រមលើការទូទាត់ចំនួន ៩៥លានដុល្លារកាលពីឆ្នាំមុននេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន MacRumors នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។

បណ្តឹងនេះត្រូវបានស្វែងរកសំណងសម្រាប់ម្ចាស់ iPhone, iPad និង iPod នៅក្នុងសហរដ្ឋអាមេរិកដែលបានទិញការធានារ៉ាប់រង AppleCare ឬ AppleCare+ សម្រាប់ស្មាតហ្វូនរបស់ពួកគេនៅចន្លោះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១២ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដែលបានទទួលឧបករណ៍កែលម្អ និងមិនមែនជាឧបករណ៍ថ្មីមកពីក្រុមហ៊ុន Apple។

គួរបញ្ជាក់ដែរថា ទាក់ទិនទៅនឹងបញ្ហានេះត្រូវបានដាក់ប្តឹងដោយដើមបណ្តឹង Vicky Maldondo និង Joanne McRight ដែលបានអះអាងថា ពួកគេបានប្រើប្រាស់គ្រឿងបន្លាស់ជួសជុលឡើងវិញ «មួយទឹក» មិនមែនជាគ្រឿងបន្លាស់ថ្មី ខណៈការធ្វើបែបនេះគឺជាការរំលោភលើលក្ខណ្ឌទាំងស្រុង រួមជាមួយនឹងលក្ខណ្ឌ AppleCare របស់ខ្លួន ក៏ដូចជាច្បាប់ស្តីពីដំណោះស្រាយផ្នែកច្បាប់សម្រាប់អ្នកប្រើប្រាស់។ តែយ៉ាងណាចំពោះសំណងទឹកប្រាក់ដែលអតិថិជនត្រូវបានទទួលបានក្នុងទំហំប៉ុន្មាននោះ Apple មិនបានបញ្ជាក់លម្អិតនោះឡើយ៕