(មេនឆេស្ទើ)៖ កីឡាករចំណូលថ្មី Casemiro របស់ក្លិប Manchester United សង្ឃឹមថា មិត្តរួមក្រុម Cristiano Ronaldo នឹងបន្តលេងនៅក្លិបក្នុងលីគ Premier League មួយនេះ ស្របពេលដែលមានការប្រមើលយ៉ាងខ្លាំង អំពីអនាគតរបស់ខ្សែប្រយុទ្ធមុតស្រួចវ័យ ៣៧ឆ្នាំនេះ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២។

Ronaldo ដែលបានចុះកិច្ចសន្យាជាថ្មីម្តងទៀតលេងឲ្យក្លិប United ដោយផ្លាស់មកពី Juventus កាលពីរដូវកាលមុននោះ ត្រូវបានគេរាយការណ៍ថា ចង់ផ្លាស់ចេញពី United បន្ទាប់ពីការបរាជ័យរបស់ក្រុម ក្នុងការឈានទៅលេង UEFA Champions League ក្នុងរដូវកាលនេះ។

ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះ ត្រូវបានគ្រូបង្វឹកទម្លាក់ចេញពីក្រុមជម្រើសលេងដំបូងនៅក្នុងការប្រកួតឈ្នះ ២-១ ក្នុងលីគ Premier League លើក្រុម Liverpool កាលពីថ្ងៃចន្ទ។ បើទោះបីជាអ្នកចាត់ការ Erik ten Hag បានលើកឡើងថា កីឡាកររូបនេះ នៅតែស្ថិតក្នុងគម្រោងរបស់លោកក្នុងរដូវកាលនេះ។

«គាត់ដឹងថាខ្ញុំគោរពគាត់ខ្លាំង។ ខ្ញុំសង្ឃឹមថា គាត់នឹងនៅជាមួយពួកយើង ដោយសារគាត់គឺជាកីឡាករដ៏អស្ចារ្យម្នាក់» នេះបើតាមសម្តីកីឡាករ Casemiro បានប្រាប់សារព័ត៌មាន ESPN ស្តីពីកីឡាករ Ronaldo ដែលក៏ធ្លាប់ជាមិត្តរួមក្រុមរបស់លោកនៅក្លិប Real Madrid ផងដែរ។

ខ្សែបម្រើសញ្ជាតិប្រេស៊ីល Casemiro ដែលបានចូលរួមជាមួយ United ដោយផ្លាស់មកពី Real នៅក្នុងកិច្ចសន្យាដែលគេរាយការណ៍ថា មានតម្លៃ ៧០លានផោននោះ អាចនឹងបង្ហាញខ្លួនជាលើកដំបូងប៉ះ Southampton ជាការប្រកួតក្នុងលីគនាថ្ងៃសៅរ៍នេះ។

United កំពុងស្ថិតនៅចំណាត់ថ្នាក់ទី១៤ ក្នុងលីគកំពូលអង់គ្លេស ដោយមាន ៣ពិន្ទុ បន្ទាប់ពី ៣ប្រកួតរបស់ពួកគេ៕