(បរទេស)៖ លោក Elon Musk ត្រូវបានទស្សនាវដ្ដីដ៏ល្បីរបស់អាមេរិក Forbes បានវាយតម្លៃថា ជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក ដោយគិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ ទ្រព្យសម្បត្តិរបស់លោកគិតជាប្រាក់មានចំនួនរហូតដល់ជាង ២៦៦ពាន់លានដុល្លារអាមេរិក។ ហើយជាមួយគ្នានេះក៏មានមហាជនជាច្រើនបានដឹងពីរប្រវត្តិខ្លះៗរបស់ Musk និងស្គាល់លោក តាមរយៈមុខជំនួញជាច្រើនរបស់លោករួមមាន៖ ក្រុមហ៊ុន Zip2 (ស្ថាបនិក, នាយកប្រតិបត្តិ និងជាប្រធានក្រុមប្រឹក្សាភិបាល), ក្រុមហ៊ុន SpaceX (ស្ថាបនិក, នាយកប្រតិបត្តិ និងជាប្រធាន វិស្វករ), ក្រុមហ៊ុន Tesla (សហស្ថាបនិក, នាយកប្រតិបត្តិ, ប្រធានស្ថាបត្យករផលិតផល និងជាប្រធានក្រុមប្រឹក្សាភិបាល),ក្រុមហ៊ុន The Boring Company (ស្ថាបនិក), ក្រុមហ៊ុន X.com បច្ចុប្បន្នជា PayPal (សហស្ថាប និក និងអតីតនាយកប្រតិបត្តិ), ក្រុមហ៊ុន Neuralink Corporation (ស្ថាបនិក និងជានាយកប្រតិបត្តិ), OpenAI (សហស្ថាបនិក និងជាសមាជិកក្រុមប្រឹក្សាភិបាល), ក្រុមហ៊ុន SolarCity (ប្រធានក្រុមហ៊ុន), ក្រុមហ៊ុន Twitter (ម្ចាស់ភាគហ៊ុនធំ) ប៉ុន្តែបច្ចុប្បន្នកំពុងស្ថិតក្នុងការប្តឹងផ្តល់ ហើយថ្មីៗនេះក៏លឺដំណឹងថា លោកគ្រោងទិញយកក្លឹបបាល់ទាត់ Manchester United ថែមទៀតផង ខណៈដែលទំាងនេះទំនងជាអ្នកទាំងអស់គ្នាធ្លាប់បានដឹងរួចមកហើយ។

ប៉ុន្តែនៅមានចំណុចខ្លះទៀតដែលអ្នករាល់គ្នាទំនងជាមិទាន់បានដឹងពីបុរសខួរក្បាលចម្លែកពីរគេរូបនេះ ដូច្នេះខាងក្រោមនេះនឹងបង្ហាញពីរឿងរ៉ាវ ១៥ចំណុចរបស់ Elon Musk រួមមាន៖

១. កាលពីអាយុ ១២ឆ្នាំ Elon Musk បានធ្វើការនៅឯ «Rocket Science Games» ហើយលោកក៏បានបង្កើតវីដេអូហ្គេមមួយបានដោយជោគជ័យ ដោយវាមានឈ្មោះថា «Blastar» ដែលជាប្រភេទហ្គេមបាញ់គ្នា ហើយក៏បានលក់ទៅឱ្យ ទស្សនាវដ្តី PC and Office Technology។ ខណៈវីដេអូហ្គេមនោះគឺជាញើសឈាមដំបូងរបស់ Musk ដែលដាក់លក់បានក្នុងតម្លៃ ៥០០ដុល្លារជាលើកដំបូង។

២. ការបណ្តាក់ទុនដំបូងបំផុតរបស់ Musk គឺការបង្កើតក្រុមហ៊ុន Zip2 ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្ម ស្វែងរកទីតាំងក្រុមហ៊ុននៅលើបណ្ដាញអ៊ីនធើណេត ដែលត្រូវបានបង្កើតឡើងដោយលោក Elon Musk និងប្អូនប្រុសរបស់លោកមានឈ្មោះថា Kimbal Musk នៅឆ្នាំ១៩៩៥។ Zip2 គឺជាក្រុមហ៊ុនដំបូងគេបំផុត របស់លោក Elon Musk ហើយក្រោយមកនៅឆ្នាំ ១៩៩៩ ក៏ត្រូវបានលក់ទៅឱ្យក្រុមហ៊ុនផលិតកុំព្យូទ័រ Compaq ក្នុងតម្លៃ ៣០៧លានដុល្លារអាមេរិក។

៣. នៅឆ្នាំ១៩៩៩ លោក Elon Musk បានចាប់ផ្ដើមបង្កើត ក្រុមហ៊ុនថ្មីមួយ ដែលមានឈ្មោះថា X.com ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មហិរញ្ញវត្ថុនៅលើអនឡាញដំបូងគេ។ ក្រោយពីបានដំណើរបានបន្តិច X.com ក៏បានរួមបញ្ចូលគ្នាជាមួយក្រុមហ៊ុន Confinity ដែល ជាគូប្រជែងរបស់ខ្លួន និងបានប្ដូរទៅជាក្រុមហ៊ុនថ្មី ដែលមានឈ្មោះថា PayPal។ ដោយមើលឃើញពី វិសាលភាពរបស់ PayPal នៅឆ្នាំ ២០០២ ក្រុមហ៊ុនលក់ទំនិញអនឡាញយក្សមួយរបស់អាមេរិក eBay បានទិញ PayPal ក្នុងតម្លៃ ១,៥ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះលោក Elon Musk ទទួលបាន ១៦៥លានដុល្លារអាមេរិក ក្នុងនាមជាម្ចាស់ភាគហ៊ុន ១១,៧២ភាគរយ។

៤. នៅឆ្នាំ ២០០២ Musk បានចាប់ផ្តើមបង្កើតបច្ចេកវិទ្យារុករកអវកាស ដែលត្រូវបានគេស្គាល់ថាជា ក្រុមហ៊ុន SpaceX បច្ចុប្បន្ននេះ ដោយកាលនោះ Musk មានមហិច្ឆតាក្នុងការឡើងទៅកាន់ភពព្រះអង្គារ ដោយលោកមានជំនឿថា ការរស់រានមានជីវិតរបស់មនុស្សជាតិ គឺអាស្រ័យទៅលើសមត្ថភាពភពនីមួយៗ ប៉ុន្តែរ៉ុក្កែតមានតម្លៃថ្លៃពេក។ ដូច្នេះហើយទើប Musk សម្រេចចាប់ផ្តើមសាកល្បងផលិត Falcon 1 ក្នុងឆ្នាំ២០០៦ Falcon 9 ក្នុងឆ្នាំ២០១០ និងសម្រេចបាន Falcon Heavy ក្នុងឆ្នាំ២០១៨។

៥. Falcon Heavy ដែលជាយានបាញ់បង្ហោះធន់ធ្ងន់របស់ Musk មានសមត្ថភាពផ្ទុកទម្ងន់បានជាង ៥៣,០០០គីឡូក្រាម នៅក្នុងគន្លងផែនដី ដែលវាមានទម្ងន់ធ្ងន់ជាងគូរប្រជែងជិត ២ដង ដែលវាស្មើរនិង មួយភាគបីនៃការចំណាយក្នុងការផលិត។

៦. ការចាប់ផ្តើមបង្កើតក្រុមហ៊ុនថ្មីរបស់ Musk បានជួបបញ្ហាមួយចំនួនក្នុងការផលិតដោយសារតែខ្វះថវិកា ដូច្នេះលោកត្រូវសម្រេចវិនិយោគលុយផ្ទាល់ខ្លួនក្នុងការអភិវឌ្ឍន៍រ៉ុក្កែត Space X នោះ។គិតមកដល់ពេលនេះ SpaceX ត្រូវបានគេរាយការណ៍មកថា ទទួល ប្រាក់ ចំណូល ជាច្រើនផងដែរ ជាពិសេសគឺគម្រោងមួយចំនួនរបស់អង្គការណាសា ដែលមានតម្លៃប្រមាណ ១.៦ពាន់លានដុល្លារ។

៧. គំនិតបង្កើតក្រុមហ៊ុន Space X របស់ Musk បានធ្វើឱ្យពិភពលោកស្ញើចសរសើរជាខ្លាំង ដោយលោកបានចូលរួមកាត់បន្ថយចំណាយមួយផ្នែកធំរបស់ពិភពលោក ក្នុងការធ្វើដំណើរទៅកាន់ស្ថានីយ៍អវកាសរហូតដល់ទៅ ៩០ភាគរយ។ ខណៈដែលមានការលើកឡើងថា មុនពេលបង្កើត Space X ត្រូវចំណាយ ១ពាន់លានដុល្លារក្នុងមួយបេសកកម្ម ប៉ុន្តែឥលូវនេះចំណាយអស់តែ ៦០លានដុល្លារប៉ុណ្ណោះ។

៨. បន្ទាប់មក Musk បានងាកទៅវិនិយោគនៅក្នុងក្រុមហ៊ុន Tesla Motors ដែលបច្ចុប្បន្ននេះត្រូវបានគេហៅថា Tesla ដោយបានក្លាយជាម្ចាស់ភាគហ៊ុនធំនៅក្នុងក្រុមហ៊ុននេះ។ ដោយឡែកកាលនោះ Tesla មិនមានបំណងបង្កើតរថយន្តអគ្គិសនីនោះទេ ដោយគ្រាន់តែមានក្តីស្រម៉ៃបង្កើតរថយន្ត Roadster ដែលជារថយន្តដែលមានរូបរាងបែបអនាគត និងមានបហិច្ឆតាដាក់បញ្ចូលថាមពលអាគុយអាចរត់បានចម្ងាយ ៣៩៤គីឡូម៉ែត្រដោយសាកតែម្តងប៉ុណ្ណោះ។

៩. ភាពជោគជ័យ របស់ Musk កំពុងតែដើរទៅរលូន ទាំង Space X និង Tesla នោះស្រាប់ការបរាជ័យក៏ខិតជិត ខណៈពេលនោះ រ៉ុក្កែតបីដំបូងបានជួបបញ្ហាក្នុងការបាញ់បង្ហោះ ប៉ុន្តែគ្រាប់ទី ៤ក៏ទទួលបានជោគជ័យមកវិញ ចំណែកឯ Roadster ក៏បានឆ្លងផុតនៅបញ្ហាផលិតកម្មផងដែរ។

១០. ក្នុងឆ្នាំ ២០១០ Musk បានទទួលមេដាយ FAI Gold Space Medal ពីសហព័ន្ធ Aronautique Internationale សម្រាប់ការឌីហ្សាញរ៉ុក្កែតឯកជនដំបូងគេដែលបានបង្កើតឡើងនិងបានបង្ហោះទៅដល់គន្លងផែនដី។

១១. នៅឆ្នាំ២០១៨ Musk បានណែនាំយានជំនិះថ្មីមួយទៀតដែលមានឈ្មោះថា Hyperloop ដែលជាប្រព័ន្ធដឹកជញ្ជូន និងមានសមត្ថភាពដឹកមនុស្សពីនៅក្នុងសហរដ្ឋអាមេរិកពីរដ្ឋ Los Angeles ទៅ San Francisco ក្នុងរយៈពេល ៩០ នាទីប៉ុណ្ណោះ។

១២. លោក Elon Musk មានចំណងស្នេហាជាមួយនារីម្នាក់មានឈ្មោះថា Justine Wilson ហើយអ្នកទាំងពីរក៏បានបង្កាត់ភ្លើងស្នេហ៍ដោយទទួលបានកូនស្រីម្នាក់ដែលមានឈ្មោះថា Xavier Alexander Musk ដែលជាកូនស្រីដំបូងដែលត្រូវបានដាក់ឈ្មោះដោយ Musk ផ្ទាល់។ ខណៈដែលឈ្មោះនោះគឺមានអត្ថន័យដូចទៅនឹងហ្គេមមួយដែល Musk ស្រលាញ់មានឈ្មោះថា X-Men។

១៣. Elon Musk ត្រូវបានមហាជនហៅថា ជាកំពូលមហាសេដ្ឋីលេខ១ នៅលើលោក និងជាបុរសខួរក្បាលចម្លែក ដែលចង់ប្រែក្លាយប្រឌិតបែបវិទ្យាសាស្រ្តឱ្យក្លាយជាការពិត។

១៤. Musk ក៏ជាម្ចាស់រថយន្តផ្ទាល់ខ្លួនរបស់ James Bond ដែលមានឈ្មោះថា Wet Nellie ។ The Wet Nellie គឺជារថយន្តនាវាមុជទឹក Lotus Espirit ដែលផលិតដោយខ្លួនឯងនៅក្នុងខ្សែភាពយន្តរឿង The Spy Who Loved Me។

១៥. លោក Elon Musk គឺជាអ្នកគាំទ្ររឿងភាគតុក្តាមួយរូបផងដែរ ដោយលោកបានមើលកម្មវិធី Simpsons តាំងពីលោកចូលរៀននៅសកលវិទ្យាល័យ ដោយឡែកនៅក្នុងវគ្គ The Simpsons ដែលមានចំណងជើងថា «The Musk Who Fell to Earth» ក៏ត្រូវបានគេឃើញលោកបង្ហាញខ្លួនជារូប animation ផងដែរ៕