(ភ្នំពេញ)៖ ដោយមានការអនុញ្ញាត្តិពីលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅល្ងាចថ្ងៃទី២៦ សីហា ឆ្នាំ២០២២ នេះ លោក ហ៊ឺ វិរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំមន្ត្រីជំនាញមួយចំនួន ចុះពិនិត្យមើលសកម្មភាព នៃការហាត់សមរបស់ក្រុមហ៊ុនដែលរៀបចំការប្រកួតប្រជែង «Miss Grand Cambodia» នៅទីតាំងដែលត្រូវសម្ដែងផ្ទាល់តែម្តង។

ក្នុងការជួបជជែកជាមួយអ្នកទទួលខុសត្រូវ នៃក្រុមហ៊ុនមហាហង្ស លោក អ៊ិន សុភិន បានឲ្យក្រុមមន្រ្តីនៃក្រសួងវប្បធម៌ដឹងថា ក្រោយពីមានការរិះគន់ដ៏កក្រើក ក្នុងប្រពន្ធ័ផ្សព្វផ្សាយសង្គម អំពីឈុតតំណាងក្រុងបាវិត និង ក្រុងប៉ោយប៉ែត លោកក៏សំរេចចិត្តដកនូវឈុតទាំងពីរ ចេញពីកម្មវិធីនៅថ្ងៃទី ២៧ខែសីហានេះ។

លោក ទិត្យ ថាវរិទ្ធ អនុរដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានអញ្ជើញចូលរួមដោយផ្ទាល់ក្នុងការចុះណែនាំ និងត្រួតពិនិត្យនេះ បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា បន្ទាប់ពីបានមើលឃើញជាក់ស្ដែង និងពិភាក្សាគ្នាជាមួយអ្នករៀបចំកម្មវិធីប្រកួត និងក្រុមការងាររួចមក តំណាងក្រសួងវប្បធម៌ បានស្នើសុំពិនិត្យនូវខ្លឹមសារ ឬឈុតទាំងឡាយណា ដែលត្រៀមនឹងត្រូវបង្ហាញនៅថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ និងសំណូមពរឲ្យអ្នករៀបចំជួយពិនិត្យមើលឡើងវិញ អំពីរូបភាពទាំងឡាយណា ដែលគិតថាមិនសូវសមរម្យ ហើយនឹងអាចប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងវប្បធម៌ជាតិរបស់យើង។

លោក ទិត្យ ថាវរិទ្ធ និយាយថា «សម្រាប់ខ្ញុំដែលបានចូលរួម ខ្ញុំនៅបារម្ភនៅឡើយ អំពីផ្ទាំងរូបភាព Background ដែលត្រូវប្រើប្រាស់នៅថ្ងៃប្រកួតផ្សាយ មិនជាមានបញ្ហាអ្វីទេ តែឈុតសម្លៀកបំពាក់សិចស៊ី ខ្លះៗដែលក្រុមហ៊ុនបានត្រៀមរួចមកហើយ ខ្លាចនឹងអាចមិនទាន់បានសមរម្យនៅឡើយ ព្រោះពួកយើងមិនបានឃើញផ្ទាល់ បានឃើញតែក្នុងរូបថត តែក៏បានផ្តល់យោបល់ដល់អ្នករៀបចំរួចហើយ អំពីអ្វីដែលគួរធ្វើបាន ជាពិសេសសម្រាប់ការងារ ដែលពាក់ពន្ធ័នឹងកិច្ចការវប្បធម៌នេះ គួរតែមានមន្ត្រីជំនាញនូវកិច្ចការវប្បធម៌នៅជាមួយ ដើម្បីសហការគ្នា ជៀសវាងនូវកំហុសឆ្គងដោយអចេតនាណាមួយ»

លោកបានបន្តថា មន្រ្តីរបស់ក្រសួងវប្បធម៌ បានត្រួតពិនិត្យរួច ហើយបានសំណូមពរខ្លះៗ ថែមទាំងជូននូវយោបល់បន្ថែមទៀត។ តែយ៉ាងណាជាបន្តទៅទៀត នៅថ្ងៃប្រកួតផ្ដាច់ព្រ័ត្រ គឺអាស្រ័យទៅនឹងការយល់ដឹង និងឆន្ទៈរបស់ក្រុមហ៊ុនដែលរៀបចំកម្មវិធីនេះតែម្តង ព្រោះពេលវេលានេះយើងគ្រាន់តែបានជជែកគ្នាលើតុ លើក្រដាស មិនបានមើលការងារលំអិតផ្ទាល់បានថែមទៀតទេ ព្រោះក្រុមហ៊ុនក៏មិនបានត្រៀមរៀបចំ និងបង្ហាញអំពីគំរូនូវការសម្ដែងពិត សម្រាប់ថ្ងៃផ្តាច់ព្រ័ត្រ ដែលនឹងចូលមកដល់ក្នុងពេលឆាប់ខាងមុខនេះផងដែរ។

សូមបញ្ជាក់ថា បន្ទាប់ពីមានការរិះគន់យ៉ាងភ្លូកទឹកភ្លូកដីមក ពីសំណាក់អ្នកសិល្បៈ និងមហាជនរួចមក នៅយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ គេបានឃើញអ្នករៀបកម្មវិធី និងជាម្ចាស់ផលិតកម្មមហាហង្ស បានចេញលិខិតសុំទោសជាសាធារណ នូវរាល់កំហុសឆ្គងរបស់ខ្លួន ដែលបានប្រព្រឹត្តិ និងបានសម្ដែងការសោកស្ដាយ នូវកំហុសឆ្គងដោយអចេតនានេះ នៅចំពោះមុខមហាជន ទស្សនិកជន ហើយសន្យាថា នឹងធ្វើការកែតម្រូវឲ្យបានល្អប្រសើរឡើងវិញ។ នៅក្នុងលិខិតសុំទោសនោះ លោក អ៊ិន សុភិន ក៏បានសម្រេចកាត់ឈុត ដែលទទួលរងនូវការរិះគន់នេះចោលផងដែរ៕