(ក្រុងឡុងដ៍)៖ លោក Thomas Tuchel អ្នកចាត់ការទូទៅក្លិបតោខៀវ Chelsea បានថ្លែងប្រាប់ BBC ថា កីឡាករសំខាន់ N’Golo Kante នឹងអវត្តមានយ៉ាងតិចណាស់ ក៏ចាប់ពី ៤សប្តាហ៍ទៅផងដែរ ដោយសារបញ្ហារបួសសរសៃពួរជើង។

ខ្សែបម្រើអន្តរជាតិបារាំង វ័យ ៣១ឆ្នាំខាងលើនេះ បានទទួលរបួសសរសៃពួរជើងជាទម្ងន់ក្នុងអំឡុង Chelsea ប្រកួតស្មើ ២-២ នៅទឹកដី Stamford Bridge ដ្បិតរូបគេក៏បានអវត្តមានទៀតដែរ ពេលតោខៀវចាញ់ម្ចាស់ផ្ទះ Leeds United ៣ទល់នឹង០ ក្នុងសប្តាហ៍ទី៣ នៃ Premier League។

លោក Tuchel បានបញ្ជាក់ថា «គាត់បានលះបង់គ្រប់យ៉ាងដើម្បីក្រុម ដែលអាចនិយាយបានថា គ្មានកីឡាករណាស្មើគាត់ឡើយនៅក្នុងក្រុមនេះទាំងមូល នៅមុនពេលគាត់មានបញ្ហារបួសរយៈពេលយូរបែបនេះ»

ដូចគ្ននោះដែរ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះមានពុំមានវត្តមានឈរបញ្ជាកូនក្រុមនៅក្នុងទីលាន ដោយអង្គុយនៅកៅអីធម្មតាប៉ុណ្ណោះ ក៏ព្រោះតែជាប់បម្រាម ១ប្រកួតពីសមាគម FA របស់អង់គ្លេស ក្រោយពេលប៉ះទង្គិចគ្នាជាមួយលោក Antonio Conte របស់ Spurs កាលក្នុងប្រកួតសប្តាហ៍ទី២ នៅកីឡដ្ឋាន Stamford Bridge៕