(ភ្នំពេញ)៖ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបង្ហើបតម្រុយរៀបចំការប្រកួតលីគបាល់ទះស្ដង់ដារ ៦ ទល់ ៦ ឡើងវិញនាឆ្នាំក្រោយ បន្ទាប់ពីបញ្ចប់ការប្រកួតពានរង្វាន់ ៤ ទល់ ៤ គឺពានរង្វាន់ Ganzberg Special Volleyball League 2022 ដោយជោគជ័យនៅទីលានបាល់ទះ នៃកីឡដ្ឋានព្រីនស៍ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។

ពានរង្វាន់បាល់ទះ ៤ស្មើ ដែលរៀបចំលក្ខណៈលីគលើកដំបូងនេះ គឺតំណែងគ្រងជើងឯកដោយសមាគមបាល់ទះវិសាខា បន្ទាប់ពីយកឈ្នះក្រុមក្រសួងមហាផ្ទៃ ដោយលទ្ធផល ២-០សិត ជាមួយពិន្ទុ ២៥-២៣ និង ២៨-២៦ ក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីម្សិលមិញ។ ពិធីបិទការប្រកួតនេះ បានធ្វើឡើងក្រោមវត្តមានលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធ។

បន្ទាប់ពីរកឃើញក្រុមជយលាភី លោក ស សុខា បានកោតសរសើរដល់ក្រុមទាំងអស់ ដែលបានចូលរួមប្រកួត ធ្វើឲ្យកីឡាកររបស់ខ្លួន មានការវាស់ស្ទង់សមត្ថភាពបន្ថែមពីលើការហ្វឹកហាត់។ លើសពីនេះ លោកក៏បានអរគុណគ្រប់ភាគីពាក់ព័ន្ធ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ជំរុញឲ្យព្រឹត្តិការណ៍នេះ បញ្ចប់ដោយជោគជ័យ ហើយលោកសង្ឃឹមថា វិស័យបាល់ទះកម្ពុជានឹងកាន់តែរីកចម្រើនបន្ថែមទៀត តាមរយៈការរួបរួមបង្កើតព្រឹត្តិការណ៍នានា ចាប់ពីថ្នាក់ស្រុក ខណ្ឌ ក្រុង ខេត្ត រាជធានី និងថ្នាក់ជាតិ។

ដោយឡែកលោកបណ្ឌិត អាំង សិរីពិសិដ្ឋ បានលើកឡើងថា ទោះបីការរៀបចំពាន ៤ ទល់ ៤ ហាក់ចាប់ផ្ដើមតាមបែបងងឹតងងល់ មានន័យថា មិនទាន់ដឹងរាក់ជ្រៅ ព្រោះមិនទាន់មានក្នុងរ៉ូលបាល់ទះពិភពលោក (បាល់ទះក្នុងសាល) យ៉ាងណា តែការរៀបចំ ដែលបញ្ចូលគ្នានូវបទបញ្ជាផ្ទៃក្នុងប្រកួតរវាងបាល់ទះក្នុងសាល និងបាល់ទះឆ្នេរខ្សាច់នេះ បានជំរុញឲ្យមានការប្រកួតស្របតាមស្ដង់ដារបច្ចេកទេសត្រឹមត្រូវ និងកាន់តែរីកចម្រើន ឆ្ពោះទៅរកការរៀបចំប្រកួតលក្ខណៈលីគស្ដង់ដារ ៦ ទល់ ៦ វិញ នាពេលខាងមុខ។

លោកថា «ការរៀបចំការប្រកួត ៤ ទល់ ៤ នៅកម្ពុជានេះ យើងប្រើប្រាស់បទបញ្ជាផ្ទៃក្នុងបញ្ចូលគ្នា រវាងបាល់ទះក្នុងសាល និងឆ្នេរខ្សាច់។ អ៊ីចឹងយើងបង្កើតជា Regulation មួយ ធ្វើម៉េចកៀរគរឲ្យបងប្អូនអ្នកស្នេហាវិស័យកីឡា (អ្នកលេងក្រៅប្រព័ន្ធ) ឲ្យគាត់ងាកមកលេងតាមបែបបច្ចេកទេស។ ប្រកួតបាយបាន គឺជារឿងមួយផ្សេង តែប្រកួតដែលរៀបចំ និងទទួលស្គាល់ដោយសហព័ន្ធ ត្រូវតែមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ។ ចឹងសារចុងក្រោយនេះ គឺធ្វើម៉េចជំរុញឲ្យពួកគាត់ លេងតាមបែបបច្ចេកទេសជាគោល ទាំងអ្នកលើកបាល់ និងអ្នកប្រយុទ្ធជាដើម»។

អគ្គលេខាធិការសហព័ន្ធដដែលបានបន្ថែមថា «ព្រឹត្តិការណ៍នេះ ពិតជាអស្ចារ្យ ដោយសារជាលើកទី១ ហើយ ដែលយើងរៀបចំលីគ ទោះបីមិនមែន ៦ ទល់ ៦ ក៏ពិតមែន ប៉ុន្ដែយើងចាប់ផ្ដើមពីមួយជំហានទៅមុខហើយ។ អ៊ីចឹងឆ្នាំក្រោយ ខ្ញុំជឿជាក់ថា យើងនឹងអាចរៀបចំលីគ ៦ ទល់ ៦ វិញ។ ដោយឡែកសួរថា ខាប់ (Cup) ឬ ៤ ទល់ ៤ នេះយើងបញ្ចប់? គឺអត់ទេ និរន្ដរភាពពាន ៤ ទល់ ៤ យើងនៅតែបន្ដដដែល...»

សូមបញ្ជាក់ថា ពានរង្វាន់ Ganzberg Special Volleyball League 2022 ដែលចាប់ផ្ដើមការប្រកួតតាំងពីចុងខែមីនានេះ គឺមាន ១៣ក្រុមចូលរួម ខណៈជាលទ្ធផល ក្រុមវិសាខា គ្រងជើងឯក អមប្រាក់រង្វាន់ ២០លានរៀល ខណៈលេខ២ បានទៅក្រុមក្រសួងមហាផ្ទៃ អមប្រាក់រង្វាន់ ៨លានរៀល។ រីឯលេខ៣ បានទៅក្រុមក្រុមរដ្ឋបាលរាជធានីភ្នំពេញ អមប្រាក់រង្វាន់ ៤លានរៀល បន្ទាប់ពីយកឈ្នះក្រុម PS Concrete ដោយលទ្ធផល ២-១សិត ជាមួយពិន្ទុ ១៦-២៥, ២៥-២២ និង ១៥-១១៕