(ភ្នំពេញ)៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញលិខិតផ្លូវការ បដិសេធការបង្ហាញឈុតតំណាងខេត្តរបស់ខ្លួន ក្នុងកម្មវិធី Miss Grand Cambodia ថា ឈុតដែលតំណាងនេះ មិនបានឆ្លុះបញ្ចាំងពី សម្លៀកបំពាក់ប្រពៃណី នៅក្នុងមូលដ្ឋានខេត្តស្ទឹងត្រែងនោះទេ។

យោងតាមលិខិតរបស់រដ្ឋបាលខេត្តស្ទឹងត្រែង ដែល Fresh News Plus ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា ការបង្ហាញឈុតតំណាងខេត្តស្ទឹងត្រែង របស់កម្មវិធី «Miss Grand Cambodia» នៅក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានការចែកចាយយ៉ាងទូលំទូលាយ នូវកម្មវិធីប្រកួតឈុតតំណាងជាតិ ដែលផ្សាយចេញពីផេកផ្លូវការរបស់កម្មវិធី Miss Grand Cambodia របស់ផលិតកម្មមហាហង្ស ដែលបានធ្វើឡើងកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។

អ្វីដែលគួរឲ្យកត់សម្គាល់នោះ មហាជនគ្រប់មជ្ឈដ្ឋានយ៉ាងច្រើនលើស លុបជាពិសេសប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែង បានសម្ដែងប្រតិកម្មមិនពេញចិត្ត និងបានរិះគន់យ៉ាងក្ដៅគគុកលើឈុតតំណាងខេត្តស្ទឹងត្រែង ដែលបង្ហាញលក្ខណៈស្រើបស្រាល លេចលើលេចក្រោម ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ប្រពៃណីយ៍ល្អរបស់ខ្មែរ ពិសេសកិត្តិយសរបស់ស្ត្រីខ្មែរយើង។

ក្នុងលិខិតដដែលបានបន្តថា រដ្ឋបាលខេត្តស្ទឹងត្រែង សូមបដិសេធចំពោះការយកឈុតតំណាងនេះ ដាក់ឈ្មោះខេត្តស្ទឹងត្រែង សម្រាប់បង្ហាញក្នុងកម្មវិធីនេះ ដោយមិនបានសុំការអនុញ្ញាតពីរដ្ឋបាលខេត្ត ហើយឈុតដែលបានបង្ហាញនេះ មិនឆ្លុះបញ្ចាំងពីសម្លៀកបំពាក់ប្រពៃណី នៅក្នុងមូលដ្ឋាននៃខេត្តស្ទឹងត្រែងនោះទេ។

ដើម្បីស្តារកិត្តិយសរបស់ខេត្តស្ទឹងត្រែងឡើងវិញ ផលិតកម្មមហាហង្ស ត្រូវធ្វើការសុំទោសជាសាធារណៈ ដល់ប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែង រួចធ្វើការកែសម្រួលឡើងវិញជាបន្ទាន់។

រដ្ឋបាលខេត្ត សូមស្នើយ៉ាងទទូចដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងព័ត៌មានមេត្តាពិនិត្យ និងចាត់វិធានការចំពោះករណីនេះ ដើម្បីការពារប្បធម៌ប្រពៃណីដ៏ល្អរបស់ផូរផង់របស់ស្ត្រីខ្មែរយើង។

សូមបញ្ជាក់ថា កម្មវិធីប្រកួតសម្រស់ «Miss Grand Cambodia 2022» បានបោះជំហានដល់វគ្គបង្ហាញឈុតតំណាងខេត្ត-ក្រុងនីមួយៗក្នុងប្រទេសកម្ពុជា ដែលបំពាក់ទៅលើបេក្ខភាពទាំង ៣៥រូប ហើយបានធ្វើឡើង កាលពីរាត្រីថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះ។ បន្ទាប់ពីកម្មវិធី «Miss Grand Cambodia» ផ្សាយជាសាធារណៈរួចមក មហាជនបានធ្វើការរិះគន់កាន់តែខ្លាំងឡើង ក្រោយពេលលោក អ៊ិន សុភិន អ្នកគ្រប់គ្រងកម្មវិធីប្រកួតសម្រស់ Miss Grand Cambodia 2022 បានឲ្យបេក្ខនារីម្នាក់មកពីខេត្តស្វាយរៀង (ក្រុងបាវិត) និងម្នាក់ទៀតមកពីខេត្តបន្ទាយមានជ័យ (ក្រុងប៉ោយប៉ែត) បង្ហាញឈុតល្បែងស៊ីសង (កាន់បង្ហាញរូបសន្លឹកបៀ និងមេអាប៉ោង) នៅលើឆាក ដោយមានរូបប្រាសាទអង្គរវត្តនៅពីខាងក្រោយ។

បន្ទាប់ពីមានការរិះគន់ធ្ងន់ៗទៅលើកម្មវិធី «Miss Grand Cambodia 2022» រួចមក រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បានចាត់ឲ្យមន្រ្តីរបស់ខ្លួនមួយក្រុម ចុះពិនិត្យមើលសកម្មភាព នៃការហាត់សមរបស់ក្រុមហ៊ុន ដែលរៀបចំការប្រកួតប្រជែង «Miss Grand Cambodia» នៅទីតាំងដែលត្រូវសម្ដែងផ្ទាល់តែម្តង កាលពីល្ងាចថ្ងៃទី២៦ សីហា ឆ្នាំ២០២២កន្លងទៅនេះ មុននឹងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ឈានចូលមកដល់។

បន្ទាប់ពីបានមើលឃើញជាក់ស្ដែង និងពិភាក្សាគ្នាជាមួយអ្នករៀបចំកម្មវិធីប្រកួត និងក្រុមការងាររួចមក តំណាងក្រសួងវប្បធម៌ បានស្នើសុំពិនិត្យនូវខ្លឹមសារ ឬឈុតទាំងឡាយណា ដែលត្រៀមនឹងត្រូវបង្ហាញនៅថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ និងសំណូមពរឲ្យអ្នករៀបចំជួយពិនិត្យមើលឡើងវិញ អំពីរូបភាពទាំងឡាយណា ដែលគិតថាមិនសូវសមរម្យ ហើយនឹងអាចប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងវប្បធម៌ជាតិរបស់ជាតិ៕