(ភ្នំពេញ)៖ សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា (PUC) កាលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ បានរៀបចំកម្មវិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួន១,០៥១ អង្គ-នាក់ លើកទី១០ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។

ពិធីប្រគល់សញ្ញាបត្រនេះ បានធ្វើឡើងក្រោមអធិបតីភាពរបស់ សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះរាជាគណៈថ្នាក់ឯក និងជាឧត្តមប្រឹក្សា គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក វ៉េង សិរីវុឌ្ឍ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ព្រមទាំងនិសិ្សត មាតាបិតា សាស្ត្រាចារ្យ និងបុគ្គលិកជាច្រើន។

នាឱកាសនោះដែរ លោក វ៉េង សិរីវុឌ្ឍ ប្រធានក្រុមប្រឹក្សាភិបាល បានថ្លែងថា និស្សិតយើងបានសិក្សាផ្នែកសន្តិភាព និង ដំណោះស្រាយទំនាស់តាមលក្ខណៈអន្តរជាតិ (Peace and Conflict Resolution Studies) រួមមាន៖

* ទី១៖ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១២នាក់ (ស្តី ៦ នាក់) មកពីប្រទេស Thailand., Nepal., Bangladesh., Myanmar., USA., Philippine., India and Afghanistan។

* ទី២៖ ថ្នាក់បណ្តិត ៥នាក់ មកពីប្រទេស Bangladesh, USA., Philippine and Afghanistan។

លោក វ៉េង សិរីវុឌ្ឍ បានបន្ដថា បច្ចុប្បន្នសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងសាលាបញ្ញាសាស្ត្រអន្តរជាតិមានទី តាំងសរុបចំនួន ១០កន្លែង ក្នុងនោះមាន៖ សាខា៨ ស្ថិតនៅក្នុងរាជធានីភ្នំពេញ និងទីតាំង២ទៀត ស្ថិតនៅក្នុងខេត្តសៀមរាប និងខេត្តបាត់ដំបង។ សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា មានកម្មវិធីផ្សព្វផ្សាយព្រះធម៌ចំនួន២ គឺកម្មវិធីមង្គលជីវិតតាមគន្លងនៃព្រះពុទ្ធសាសនានិងកម្មវិធីបណ្តុះគុណធម៌ ដែលមានផ្សាយចេញពី សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា តាមវិទ្យុ ជារៀងរាល់ថ្ងៃ គឺពីម៉ោង ៨៖០០ ដល់ ១០៖០០ យប់ ។

សាកលវិទ្យាល័យបញ្ញាសាស្ត្រ សម័យកូវីដក្នុងឆ្នាំ២០២០-២០២១ និស្សិតចុះមកត្រឹមពី ៣,០០០ ទៅ ៥,០០០ នាក់តែប៉ុណ្ណោះ។ បច្ចុប្បន្ននេះនិស្សិតកំពុងបន្តការសិក្សាកើនឡើងដល់ប្រមាណ ៨,០០០ នាក់ ពីមុនព្រឹត្តិការណ៍កូវីដនិស្សិតមានជាងពីរម៉ឺន ២០,០០០ នាក់ ក្នុងមួយឆ្នាំ។

ប្រធានក្រុមប្រឹក្សាភិបាល PUC បានបន្ដថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋរមន្ត្រីនៃកម្ពុជា ដែលផ្តោតទៅលើជំនឿយ៉ាងមោះមុតថា វិស័យអប់រំ គឺជាគន្លឹះសម្រាប់ពង្រឹង សន្តិភាព និងអភិវឌ្ឍន៍ជាតិ សាកលវិទ្យាល័យបញ្ញាសាស្ត្រ បានបំពេញតួនាទី របស់ខ្លួន ឲ្យអស់ពីសមត្ថភាពដើម្បីអនុវត្តចក្ខុវិស័យនេះ ឲ្យបានដល់ទិសដៅ ព្រោះថាកាលណាប្រជាពលរដ្ឋមានការ សិក្សាចេះដឹងជ្រៅជ្រះប្រកបដោយសមត្ថភាពខ្ពស់ និងវិជ្ជាជីវៈដ៏ត្រឹមត្រូវប្រជាពលរដ្ឋ នឹងមានលទ្ធភាព ចូលរួមយ៉ាងសកម្ម ក្នុងការកសាងសង្គមជាតិ ឲ្យ កាន់តែរីកចម្រើនឡើង ។

លោក វ៉េង សិរីវុឌ្ឍ បានបន្ថែមថា ឈរលើទស្សនៈនេះ សាកលវិទ្យាល័យបញ្ញាសាស្ត្រ ខំប្រឹងផ្តល់ជូននិស្សិតនូវកម្មវិធី អប់រំប្រកបដោយគុណធម៌ខ្ពស់ ដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការរបស់សង្គមជាតិ និងសហគមន៍ពិភពលោកដោយសង្កត់ធ្ងន់ទៅលើគុណភាពនៃ ការអប់រំ ឈរលើមូលដ្ឋាន ស្រាវជ្រាវ ការសិក្សាពីសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងការទទួលខុសត្រូវចំពោះសង្គម។

សាកលវិទ្យាល័យបញ្ញាសាស្ត្រ បង្ហាត់និស្សិតមិនត្រឹមតែលើជំនាញវិជ្ជាជីវៈប៉ុណ្ណោះទេ តែបានបន្ថែមជូននូវ កម្មវិធីសិល្បៈនៃការរស់នៅប្រកបដោយសុភមង្គល សុខដុមរមនា និងសន្តិភាព ស្របតាមបាវចនារបស់សាកលវិទ្យាល័យ គឺ «សីល សមាធិ បញ្ញា»។

លើសពីនេះទៀត លោកបានសម្តែងនូវការកោតសរសើរដោយសុទ្ធចិត្ត ចំពោះការ ខិតខំប្រឹងប្រែងយ៉ាងអស់ពី សមត្ថភាពរបស់មាតាបិតា អាណាព្យាបាល ដែលបានខំប្រឹងគាំទ្រ និងផ្គត់ផ្គង់ឲ្យកូនចៅទាំងអស់បានបញ្ចប់ការសិក្សាដោយជោគជ័យតាំងពី វ័យកុមាររហូតមកដល់ ពេលនេះ។

លោកបណ្ឌិត ហង់ ជួនណារ៉ុន បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះ គណៈគ្រប់គ្រង សាស្ត្រាចារ្យ និងបុគ្គលិក នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ដែលបានខិតខំប្រឹងប្រែងបណ្តុះបណ្តាលធនធានមនុស្ស ក្នុងរយៈពេលកន្លងមក ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍយុវជនកម្ពុជាឱ្យមានចំណេះដឹង ជំនាញវិជ្ជាជីវៈ សមត្ថភាព សហគ្រិនភាព ការច្នៃប្រឌិត នវានុវត្តន៍ គុណធម៌ សីលធម៌ មនសិការស្នេហាជាតិ និងស្មារតីទទួលខុសត្រូវសម្រាប់ជាធនធានមនុស្សដ៏សំខាន់ចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជានាពេលបច្ចុប្បន្ន និងអនាគត៕