(ភ្នំពេញ)៖ លោកស្រី ត្រឹង ងា ឈ្មោះដើមថា ឡាយ ហ៊ុនគី ម្ចាស់ស្នាដៃសៀវភៅប្រវត្តិសាស្រ្តខ្មែរ បានទទួលមរណភាពហើយនាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២នេះ។

បើយោងតាមផេកផ្លូវការរបស់ក្រុមព្រះសូរិយា បានឲ្យដឹងយ៉ាងដូច្នេះថា ឧបាសិកាកិត្តិបណ្ឌិតឡាយ ហ៊ុនគី ដែលមហាជនស្គាល់ថាជាលោកស្រី ត្រឹង ងា ម្ចាស់ស្នាដៃសៀវភៅប្រវត្តិសាស្រ្តខ្មែរ បានទទួលមរណភាពហើយ កាលពីម៉ោង៧ ថ្ងៃទី២៨ សីហា ២០២២ ដោយរោគាពាធ ក្នុងជន្មាយុ៨៣ឆ្នាំ ក្នុងរាជធានីភ្នំពេញ។

ពិធីបុណ្យសពនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ដល់ ២៩ សីហា ២០២២ នៅផ្ទះលេខ១៦ ផ្លូវ១៤៣ សង្កាត់វាលវង់ ខ័ណ្ឌ៧មករា។ ពិធីបូជាសពនឹងប្រព្រឹត្តទៅនៅវត្តគល់ទទឹង នាថ្ងៃទី៣០ សីហា ២០២២។

គួរជម្រាបថា លោកស្រី ត្រឹង ងា មានឈ្មោះដើម ឡាយ ហ៊ុនគី ត្រូវបានរាជបណ្ឌិត្យសភាកម្ពុជា ផ្តល់គោរមងារជា «កិត្តិបណ្ឌិតផ្នែកអក្សរសាស្រ្ត»។ លោកស្រីជាអ្នកនិពន្ធសៀវភៅអរិយធម៌ខ្មែរ។ ឈ្មោះ «ត្រឹង ងា» ការពិតគឺជាឈ្មោះប្តីរបស់គាត់ទេ ឈ្មោះពិតប្រាកដរបស់គាត់ គឺឈ្មោះ «ឡាយ ហ៊ុនគី» គឺប្រាកដណាស់អ្នកទាំងអស់គ្នាពុំដែលបានឃើញមុខរបស់គាត់ទេ ប៉ុន្តែពេលនេះយើងបានស្គាល់មុខគាត់ហើយ ។ សម្រាប់ស្នាដៃរបស់គាត់វិញ យើងបានឃើញយ៉ាងច្រើននៅក្នុង សៀវភៅថ្នាក់ទី១២ ដូចជាអត្ថបទ (ថ្វីត្បិតជាកូនស្រី)។

លោកស្រី ត្រឹង ងា (ឬអ្នកស្រី ឡាយ ហ៊ុនគី) កើតនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ១៩៣៥ នៅភូមិស្រមោច ឃុំ-ស្រុក ព្រះនេត្រព្រះ ខេត្តបាត់ដំបង។ ជាសាស្ត្រាចារ្យបរិញ្ញាបត្រអក្សរសាស្រ្តខ្មែរ, ជានាយិកាសាលាមធ្យមសិក្សាកម្រិត២ ស្រុកមង្គលបូរី ឆ្នាំ១៩៨៥-១៩៨៦ និងជានាយិកានៃវិទ្យាល័យមង្គលបូរី។

សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកស្រី សូមអញ្ជើញទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕