(បរទេស)៖ កន្លងមកធ្លាប់មានព័ត៌មានលេចធ្លាយជាច្រើនទាក់ទងនឹងវែនតា MR/VR របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ជាមួយនឹងរូបរាង មុខងារប្រើប្រាស់ រួមទាំងតម្លៃជាដើម។ ដោយឡែកព័ត៌មានចុងក្រោយនេះបានបង្ហាញបន្ថែមថា Apple កំពុងតែចុះបញ្ជីប៉ាតង់ថ្មីលើវែនតានោះហើយ ដោយមានឈ្មោះថា «Reality»។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។

ប្រភពពីសារព័ត៌មាន Bloomberg បានរាយការណ៍ថា ការចុះបញ្ជីប៉ាតង់ថ្មីរបស់ក្រុមហ៊ុន Apple ក្នុងនោះមានឈ្មោះចំនួន ៣ រួមមាន៖ Reality One, Reality Pro និង Reality Processor ខណៈដែលប្រភពបានសង្កត់ធ្ងន់ថា ឈ្មោះ ២ នៅក្នុងឈ្មោះដែលបានចុះបញ្ជីប៉ាតង់ទាំងនេះទំនងជា Apple ប្រើសម្រាប់វែនតា MR/VR របស់គេហ្នឹងឯង។

តែយ៉ាងណាមិញក្នុងការចុះបញ្ជីប៉ាតង់អ្វីដែរប្រភពខាងលើកាន់តែកត់សម្គាល់ខ្លាំនោះគឺ Apple មិនបានប្រើប្រាស់ឈ្មោះក្រុមហ៊ុនក្នុងការបំពេញប៉ាតង់នោះទេ។ ជាក់ស្តែង Apple បានប្រើប្រាស់ឈ្មោះ «Immersive Health Solutions, LLC » ដើម្បីដាក់ពាក្យស្នើសុំប៉ាតង់សម្រាប់ Reality One ថ្មីនោះ។ មិនខុសនោះទេ កន្លងមករាល់ការចុះបញ្ជីស្នើសុំប៉ាតង់ទាំងក្រុមហ៊ុន Apple និងក្រុមហ៊ុនផ្សេងៗទៀតតែងតែប្រើប្រាស់ឈ្មោះក្រុមហ៊ុន «Shell» ដើម្បីបំពេញបែបបទលិខិតផ្សេងៗ ក៏ដូចជាដើម្បីរក្សាគម្រោងសម្ងាត់របស់ពួកគេនាពេលខាងមុខផងដែរ។

គួរបញ្ជាក់ដែរថា អ្នកវិភាគលោក Ming-Chi Kou បានបង្ហាញពាក្យចចាមអារ៉ាមចុងក្រោយថា កាស MR និងមិនបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Far Out ថ្ងៃទី០៧ ខែកញ្ញា ខាងមុខនោះ ដោយវាទំនងជាពន្យាពេលបង្ហាញរូបរាងរហូតដល់ខែមករា ឆ្នាំ២០២៣ ឯណោះ៕