(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ (AFF Mitsubishi Electric Cup 2022) បានធ្វើការចាប់ឆ្នោតបែងចែកពូលរួចហើយ ដោយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ស្ថិតក្នុងពូល A ជាមួយក្រុមខ្លាំងៗ រួមមានក្រុមដំរីសឹកថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី និងក្រុមឈ្នះវគ្គជម្រុះ រវាងទីម័រខាងកើត និងព្រុយណេ។

ចំណែកពូល B វិញ គឺមានបេក្ខភាព ៥ក្រុមដូចគ្នា រួមមានក្រុមជម្រើសជាតិវៀតណាម ម៉ាឡេស៊ី សិង្ហបុរី មីយ៉ាន់ម៉ា និងឡាវ។ រីឯការប្រកួតគ្រោងនឹងធ្វើឡើង ចាប់ពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ខាងមុខ។

សម្រាប់រូបមន្ដនៃព្រឹត្តិការណ៍បាល់ទាត់ប្រចាំតំបន់អាស៊ានេះ ហាក់ប្លែកពីឆ្នាំមុនៗ ដោយក្រុមនីមួយៗ នៃពូលទាំងពីរ ក្នុងមួយក្រុមត្រូវលេងក្នុងដី ២ប្រកួត និងក្រៅដី ២ប្រកួត។ បន្ទាប់មកក្រុមឈរលេខ១ និងលេខ២ ដែលមានពិន្ទុខ្ពស់ជាងគេ នឹងត្រូវប្រកួតវគ្គចម្រុះចាញ់ធ្លាក់ ដែលមាន ២ជើង គឺវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ៕