(ភ្នំពេញ)៖ អ្នកលេងគុនខ្មែរ ឡៅ ចិត្រា នឹងត្រូវជួបកីឡាករជើងខ្លាំងអ៊ីរ៉ង់ Daniel Yousefnezhang ក្នុងប្រភេទទម្ងន់ ៦៥គីឡូក្រាម ក្នុងព្រឹត្តិការណ៍ «សង្វៀនគុនខ្មែរជើងឯកពិភពលោក ឬ World Fight Tournament 2022/Kun Khmer Series» លើកទី៣ នាល្ងាចថ្ងៃទី៣១ ខែសីហាស្អែកនេះ នៅវិមានកីឡដ្ឋានស្ដាតចាស់ ខណៈអ្នកទាំងពីរបានប្ដេជ្ញាដណ្ដើមជ័យជម្នះរៀងៗខ្លួនលើសង្វៀនលំដាប់អន្ដរជាតិនេះ។
ការលើកឡើងនេះបន្ទាប់ពីការថ្លឹងទម្ងន់ និងពិនិត្យសុខភាពរួចរាល់នៅល្ងាចថ្ងៃអង្គារនេះ។ ព្រឹត្តិការណ៍នេះមានអ្នកលេងគុនខ្មែរ ៤រូប ត្រូវស្វាគមន៍កីឡាករបរទេស ក្នុងនោះក្រៅពី ឡៅ ចិត្រា គឺមានកីឡាករ ឡៅ ស៊ីនេត ជួបកីឡាករថៃ Tiger M1 Lumpinee, កីឡាករ ប៉ឺត សង្ឃឹម ជួបជើងខ្លាំងនេប៉ាល់ Gunaraja Ruchal, កីឡាករ រិន សារ័ត្ន ជួបកីឡាករថៃ Saen Chor Rattakchai (បេក្ខភាពដណ្ដើមខ្សែក្រវាត់ World Fight ទម្ងន់ ៦៣,៥គីឡូក្រាម)។ រីឯគូចុងក្រោយ គឺជាជំនួបមិត្តភាពជាតិ រវាងកីឡាការិនី សំ សំណាង និង លីន ស្រីម៉ៅ។
ចំពោះកីឡាករ ឡៅ ចិត្រា បានសម្ដែងនូវសេចក្ដីរីករាយជាខ្លាំង ដែលបានបង្ហាញវត្តមានលើសង្វៀន World Fight Tournament 2022 ហើយប្ដេជ្ញាធ្វើឲ្យបានល្អបំផុត ដើម្បីដណ្ដើមជ័យជម្នះ។ អ្នកលេងរហស្សនាម «បេះដូងអ្នកប្រយុទ្ធ» រូបនេះបានបន្ដថា ខ្ញុំនឹងព្យាយាមចេញមួយៗ ហើយច្បាស់ៗ និងចំគោលដៅ ខ្ញុំនឹងទទួលបានជោគជ័យ ព្រោះកីឡាករគេ(អ៊ីរ៉ង់) គេវៃរាងរញ៉េញ៉ៃដែរ (ក្បាច់មិនសូវច្បាស់លាស់)។ ខ្ញុំតាំងចិត្តខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីដណ្ដើមជ័យជម្នះឲ្យបាន»។
ចំណែកកីឡាករ Daniel Yousefnezhang បានលើកឡើងថា រូបគេមិនបានសិក្សា ឬដឹងពីសមត្ថភាពរបស់គូប្រកួតរបស់ខ្លួនកម្រិតណានោះទេ តែគេជឿជាក់លើបទពិសោធន៍របស់ខ្លួន នឹងអាចយកឈ្នះកីឡាករ ឡៅ ចិត្រា ១០០% ហើយ ៥០% អ្នកលេងអ៊ីរ៉ង់រូបនេះ សង្ឃឹមអាចផ្ដួលកីឡាករកម្ពុជារូបនេះ នៅទឹកណាមួយទៀតផង។
សូមបញ្ជាក់ថា សង្វៀនគុនខ្មែរជើងឯកពិភពលោក ឬ World Fight Tournament 2022/Kun Khmer Series បានឈានដល់ការប្រកួតលើកទី៣ ហើយ ក្នុងចំណោមការប្រកួត ១១លើក ដែលស្ថាប័ន World Fight សហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្រោមការគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលរៀបចំឡើងក្នុងគោលបំណងរួមចំណែកផ្សព្វផ្សាយពីប្រដាល់គុនខ្មែរផង និងចូលរួមអភិវឌ្ឍវិស័យកីឡាមួយនេះ ឆ្ពោះទៅរកការប្រកួតប្រជែងលើឆាកអន្ដរជាតិផង ពិសេសត្រៀមដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ តែម្ដង៕