(មេនឆេស្ទើ)៖ ក្លិបបិសាចក្រហម Manchester United បានសម្រេចលើកិច្ចព្រមព្រៀង ដើម្បីចុះកិច្ចសន្យានាំយកខ្សែបម្រើស្លាប Antony មកពីក្លិបហូឡង់ Ajax Amsterdam។ នេះបើតាមការប្រកាសពីក្លិបដែលលេងនៅ Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។
Antony ដែលធ្លាប់លេងក្រោមការដឹកនាំរបស់អ្នកចាត់ការ United លោក Erik ten Hag នៅក្លិប Ajax នោះ បានស៊ុតបញ្ចូលទី ១២គ្រាប់ និងជួយឲ្យរកគ្រាប់បាល់បាន ១០គ្រាប់ ក្នុងចំណោម ៣៣ប្រកួតនៅក្នុងការប្រកួតទាំងអស់ ខណៈក្លិបហូឡង់មួយនេះបានឈ្នះពានរង្វាន់ Eredivisie ជាលើកទី ៣ជាប់ៗគ្នា និងបានឡើងដល់វគ្គ ១៦ក្រុមចុងក្រោយក្នុងការប្រកួត UEFA Champions League កាលពីរដូវកាលមុន។
ព័ត៌មានលម្អិតពាក់ព័ន្ធនឹងហិរញ្ញវត្ថុនៃកិច្ចព្រមព្រៀងនេះ មិនត្រូវបានបង្ហាញនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ថា វាមានតម្លៃបឋម ៨០.៧៥លានផោន (៩៤.៦៣លានដុល្លារ) ជាមួយនឹងប្រាក់បន្ថែម ៤.២៥លានផោនសម្រាប់កីឡាករវ័យ ២២ឆ្នាំរូបនេះទៀត។
Antony បានចូលរួមជាមួយ Amsterdam ដោយផ្លាស់មកពីក្លិប Sao Paulo កាលពីខែកុម្ភៈ ឆ្នាំ២០២០ និងបានលេងជាង ៨០ប្រកួតសម្រាប់ក្លិប Ajax ដោយបានស៊ុតបញ្ចូលទីសរុប ២៥គ្រាប់។ លោកក៏បានជាប់ ៩លើកលេងក្នុងក្រុមជម្រើសជាតិសាំបាប្រេស៊ីលផងដែរចាប់តាំងពីបង្ហាញខ្លួនជាលើកដំបូង ក្នុងឆ្នាំ២០២១ ដោយបានស៊ុតបញ្ចូលទី ២គ្រាប់ដែរ។
លោកនឹងក្លាយជាកីឡាករទី៥ របស់ United ដែលបានចុះកិច្ចសន្យា បន្ទាប់ពីការទៅដល់របស់កីឡាករ Lisandro Martinez, Tyrell Malacia, Christian Eriksen និងកីឡាករ Casemiro។
United កំពុងស្ថិតនៅលំដាប់ថ្នាក់ទី៨ ក្នុងតារាង Premier League ដោយមាន ៦ពិន្ទុពី ៤ប្រកួតគិតមកដល់ពេលនេះ។ ពួកគេនឹងធ្វើដំណើរទៅជួបក្រុមបាតតារាង Leicester City នៅថ្ងៃព្រហស្បតិ៍ខានស្អែកនេះក្នុងលីគ៕