(ម៉ុកស៊ិកូ)៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៤នាក់ ក្នុងនោះមានម្នាក់ជាអតីតអភិបាលតំបន់ប្រជុំជន ត្រូវបានបាញ់ស្លាប់ នៅប្រទេសម៉ុកស៊ិក បន្ទាប់ពីជនសង្ស័យប្រដាប់ដោយអាវុធ បានបើកការបាញ់ប្រហារនៅឯការប្រកួតបាល់ទាត់មួយ នាតំបន់ភាគកណ្តាលរដ្ឋ Morelos។ នេះបើតាមការអះអាងពីមន្ត្រីព្រះរាជអាជ្ញាក្នុងតំបន់ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នាយថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២។

ការបាញ់ប្រហារនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៩៖១៥នាទីយប់ (ម៉ោងក្នុងតំបន់) នាថ្ងៃព្រហស្បតិ៍នៅទីប្រជុំជន Yecapixtla បន្ទាប់ពីជនសង្ស័យប្រដាប់ដោយអាវុធជាច្រើននាក់បានទៅដល់ ហើយបានបើកការបាញ់ប្រហារទៅលើជនរងគ្រោះ។

មនុស្សចំនួន ២នាក់ ក្នុងនោះម្នាក់ជាអតីតអភិបាលតំបន់ប្រជុំជន Yecapixtla លោក Refugio Amaro Luna ត្រូវបានបាញ់ស្លាប់នៅកន្លែងកើតហេតុ និងមនុស្ស ២នាក់ទៀតបានស្លាប់ បន្ទាប់ពីទទួលការព្យាបាលនៅមន្ទីរពេទ្យ។

មនុស្ស ១០នាក់ផ្សេងទៀតបានទទួលរងរបួសផងដែរ។ នេះបើតាមមន្ត្រីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។

ឧក្រិដ្ឋកម្មហិង្សាបានកើនឡើងនៅក្នុងរដ្ឋ Morelos ដែលជាប់ចំណាត់ថ្នាក់ទី១ ក្នុងអត្រានៃការចាប់ជំរិត នៅទូទាំងប្រទេសផងដែរ។ នេះបើយោងតាមក្រសួងការពារជាតិម៉ិកស៊ិក៕