(ស្វាយរៀង)៖ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកខេត្តស្វាយរៀង បានថ្លែងថា វិស័យកីឡានាពេលបច្ចុប្បន្ននេះ នៅក្នុងប្រទេសកម្ពុជា បាននិងកំពុងមានការរីកចម្រើនទាំងបច្ចេកទេស និងធនធានមនុស្ស នៅតាមគ្រឹះស្ថានសិក្សា គឺកីឡានាំមកនូវសុខភាព កាយសម្បទាមាំមួន មិត្តភាព សាមគ្គីភាព និងទំនាក់ទំនងល្អ។

ការថ្លែងបែបនេះរបស់អភិបាលស្រុករមាសហែក បានធ្វើឡើងនៅក្នុងពិធីប្រកួតកីឡាបាល់ទាត់ដណ្តើមពាន រង្វាន់ របស់មន្ទីរ អប់រំយុវជន និងកីឡាខេត្តស្វាយរៀង សហការជាមួយក្រុមហ៊ុនដឹកជញ្ជូន COOL នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ ក្នុងបរិវេណ តារាងបាល់ទាត់ស្រុកស្រុករមាសហែក។

លោកអភិបាលស្រុក បានសម្តែងនូវការកោតសរសើរ ចំពោះលោក លោកស្រី ដែលបានចុះជួយផ្ទាល់តាមបណ្តា ក្រុមកីឡាករ កីឡាការីនី ដែលបានយកអស់កម្លាំង កាយចិត្ត ស្មារតី ធនធាន សម្ភារ ថវិកាជួយឧបត្ថម្ភគាំទ្រ និងចូលរួម យ៉ាងសកម្មក្នុងវិស័យកីឡា នានាទូទាំងស្រុក។ ការរៀបចំការប្រគួតនេះទៀតសោធ គឺធ្វើឡើងក្នុងគោលបំណងបំផុសដល់គ្រប់ស្រទាប់មហាជន សំខាន់យុវជន ចូលរួមលេងកីឡា ដើមី្បសុខភាព ធ្វើឱ្យកាយសម្បទារឹងមាំ និងធ្វើឱ្យយុវជន ចាកចេញឆ្ងាយពីគ្រឿងញៀនទៀតផងដែរ។

សូមបញ្ជាក់ថា នៅក្នុងការប្រកួតមិត្តភាព ដកស្រង់បទពិសោធន៍បច្ចេកទេសនោះដែរ មានក្រុមកីឡាបាល់ទាត់ សរុប១៩ក្រុម រួមមាន ផ្នែកបុរស មាន១៤ក្រុម ផ្នែកនារី មាន៥ក្រុម កីឡាករ កីឡាការិនី សរុប៣៤២នាក់ ឆ្លងតាមរយៈការប្រកួតអស់ ៣ខែ ១៤ថ្ងៃ ដោយបានចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែសីហា ឆ្នំា២០២២៕