(ភ្នំពេញ)៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា ត្រូវបានទទួលស្គាល់ដោយក្រសួងការពារជាតិកម្ពុជា ចំពោះការចូលរួមចំណែកសំខាន់ៗជាច្រើន ដែលក្រុមហ៊ុនទូរគមនាគមន៍មួយនេះបានធ្វើ ដើម្បីជួយប្រទេសជាតិក្នុងគ្រាដែលមានការរាតត្បាតជំងឺកូវីដ-១៩ខ្លាំង។

ការទទួលស្គាល់នេះ ត្រូវបានធ្វើឡើងក្នុងពិធីសំណេះសំណាល់ បំពាក់ឋានន្តរសក្កិ ជូនប័ណ្ណសរសើរ លិខិតសរសើរ ដែលរៀបចំឡើងដោយក្រសួងការពារជាតិនៅថ្ងៃទី១៩ ខែសីហាសម្រាប់អង្គការ និងស្ថាប័ន ដែលបានជួយគាំទ្រទាំងអស់សម្រាប់ការចូលរួមក្នុងបុព្វហេតុរួមគ្នានេះ។

នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិបានផ្តល់ប័ណ្ណសរសើរដល់ក្រុមហ៊ុន Smart Axiata ក្នុងពិធីសំណេះសំណាល់ បំពាក់ឋានន្តរសក្កិ ជូនប័ណ្ណសរសើរ លិខិតសរសើរនេះ ដែលធ្វើឡើងនៅក្រសួងការពារជាតិ ដើម្បីទទួលស្គាល់ការខិតខំប្រឹងប្រែង និងសកម្មភាពដែលក្រុមហ៊ុន Smart Axiata បានធ្វើឡើងដើម្បីទប់ស្កាត់ផលប៉ះពាល់អវិជ្ជមាននៃជំងឺកូវីដ-១៩ ចំពោះប្រទេសជាតិ។

ការរួមចំណែករបស់ក្រុមហ៊ុន Smart Axiata ក្នុងការជួយទប់ស្កាត់ផលប៉ះពាល់អវិជ្ជមាននៃជំងឺកូវីដ-១៩ រួមមានការបង្កើតមូលនិធិទឹកប្រាក់ ១លានដុល្លារ ដើម្បីប្រឆាំងវីរុសកូវីដ-១៩ ដើម្បីគាំទ្រដល់អាជីវកម្មដោះស្រាយផលប៉ះពាល់នៃជំងឺកូវីដ-១៩ ជួយបង្កើតមណ្ឌលចាក់វ៉ាក់សាំងនៅទូទាំងរាជធានីភ្នំពេញ និងប្រើប្រាស់បណ្តាញដ៏ធំទូលាយរបស់ក្រុមហ៊ុន Smart Axiata ដើម្បីផ្តល់ជំនួយស្បៀងអាហារ និងទំនាក់ទំនងដោយគ្មានការរំខានទៅកាន់អ្នកដែលជាប់គាំងនៅក្នុងតំបន់ក្រហមក្នុងគ្រាដែលមានការរាតត្បាតខ្លាំងនៃជំងឺកូវីដ-១៩ ។

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata បានថ្លែងថា «ខ្ញុំពិតជារីករាយណាស់ដែលក្រុមហ៊ុន Smart Axiata ទទួលបានប័ណ្ណសរសើរនេះដោយសារតែការចូលរួមចំណែកពីក្រុមការងាររបស់យើងនៅក្រុមហ៊ុន Smart Axiata។ ការរួមចំណែកនិងការខិតខំប្រឹងប្រែងរួមគ្នារបស់យើង ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងអំឡុងវិបត្តិដ៏មហន្តរាយនេះ បានបង្ហាញឱ្យអ្នករាល់គ្នាដឹងថា ក្រុមហ៊ុន Smart Axiata ពិតជានៅទីនេះដើម្បីបម្រើប្រទេសកម្ពុជា និងប្រជាជនកម្ពុជាទាំងអស់។ យើងយកចិត្តទុកដាក់ចំពោះសុវត្ថិភាព សុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជាគ្រប់រូប ហើយយើងមានមោទនភាពដែលអាចផ្តល់ការគាំទ្ររបស់យើងតាមលទ្ធភាពដែលយើងអាចធ្វើបាន»

ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩ ក្រុមហ៊ុន Smart Axiata បានប្រមូលថវិកាសង្គ្រោះបន្ទាន់ពីមូលនិធិទឹកប្រាក់ ១លានដុល្លារ ដើម្បីប្រឆាំងវីរុសកូវីដ-១៩ របស់ខ្លួន ដើម្បីបង្កើត និងបំពាក់មណ្ឌលចាក់វ៉ាក់សាំងចំនួន២៨ ដែលមានសំពត់តង់ តុ កៅអី កង្ហារ ឧបករណ៍លាងដៃសម្លាប់មេរោគដោយស្វ័យប្រវត្តិ ជែលសម្លាប់មេរោគ ម៉ាស និងទឹកពិសារដល់មណ្ឌលនីមួយៗ ដែលមានដំណើរការរយៈពេល ២ខែ។

លើសពីនេះ ក្រុមហ៊ុន Smart Axiata បានបង្កើតមូលនិធិស្បៀងអាហារផងដែរ ដើម្បីឱ្យអតិថិជនរបស់ក្រុមហ៊ុនអាចបរិច្ចាគថវិកា និងជំនួយសង្គ្រោះបានងាយស្រួលក្នុងការជួយដល់អ្នកដែលត្រូវការជំនួយ។

នៅពេលជំងឺរាតត្បាតខ្លាំង អតិថិជន Smart អាចបរិច្ចាគទៅកាន់មូលនិធិស្បៀងអាហារនេះដោយប្រើលេខកូដពិសេស។ ក្រុមហ៊ុន Smart Axiata បានបរិច្ចាគទឹកប្រាក់ក្នុងបរិមាណដូចទៅនឹងចំនួនដែលអតិថិជន Smart បានបរិច្ចាគដែលមានរហូតដល់ចំនួន ១សែនដុល្លារ។ ការបរិច្ចាគនេះត្រូវបានប្រើប្រាស់ដើម្បីទិញឧបករណ៍សម្រាប់ការសង្គ្រោះបន្ទាន់សំខាន់ៗ ដែលត្រូវបានចែកចាយដោយសាលារាជធានីភ្នំពេញ ទៅដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ក្រហមដែលជួបការលំបាកក្នុងការទទួលបានសម្ភារចាំបាច់ជាមូលដ្ឋាន។

ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការជួយដល់រដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងអំឡុងពេលមានជំងឺកូវីដ-១៩ ក្រុមហ៊ុន Smart Axiata ក៏បានផ្តល់ជូនអតិថិជនរបស់ខ្លួន នៅទូទាំងប្រទេសជាមួយនឹងការហៅទូរស័ព្ទចេញក្នុងប្រព័ន្ធដោយឥតគិតថ្លៃរយៈពេល ៦០នាទីរៀងរាល់ថ្ងៃ ពង្រីករយៈពេលសុពលភាពស៉ីមកាត និងផ្តល់ជូនទិន្នន័យ ៦០មេហ្កាបាយដោយឥតគិតថ្លៃដល់អ្នកដែលកំពុងរស់នៅក្នុងតំបន់ក្រហម។

លោក Feiruz Ikhwan បានបន្ថែមថា៖ «ក្នុងនាមជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេរបស់ប្រទេសកម្ពុជា យើងមានមោទនភាពដែលអាចប្រើប្រាស់បណ្តាញដ៏ធំទូលាយរបស់យើងដើម្បីជួយអ្នកដែលត្រូវការជំនួយ»

ដើម្បីស្វែងយល់បន្ថែមអំពីការចូលរួមចំណែករបស់ក្រុមហ៊ុន Smart Axiata ដែលបានជួយដល់ប្រទេសកម្ពុជា និងពលរដ្ឋកម្ពុជាក្នុងគ្រាដែលមានការរាតត្បាតជំងឺកូវីដ-១៩ខ្លាំង សូមចូលទៅកាន់ទំព័រហ្វេសប៊ុក Smart for Cambodia តាមរយៈ www.facebook.com/smartforcambodia៕