(ភ្នំពេញ)៖ ក្បួនជិះកង់ជាង៥០០នាក់ បានចូលរួម និងបង្កើតព្រឹត្តិការណ៍ជិះកង់លើផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ ក្នុងរយៈចម្ងាយជិត២០០គីឡូម៉ែត្រ ក្នុងស្មារតីយុវជន «អរគុណសន្តិភាព»

ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងនៅថ្ងៃទី៣-៤ ខែកញ្ញា ឆ្នាំ២០២២ ដោយចេញដំណើរពីរាជធានីភ្នំពេញនៅវេលាម៉ោង៤ព្រឹក ហើយទៅដល់ក្រុងព្រះសីហនុនៅពេលរសៀល។

ការរៀបចំព្រឹត្តិការណ៍នេះដែរ គឺដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាពចំពោះអ្នកស្រលាញ់កីឡាជិះកង់ ការស្វែងរកមូលនិធិសម្រាប់ជួយសង្គម ក៏ដូចជា ដើម្បីស្វែងយល់ពីសក្តានុពលនៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងចូលរួមផ្សព្វផ្សយវិស័យទេសចរណ៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ក្រៅពីការជិះកង់មើលពីសក្តានុពលផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនេះ ក្រុមជិះកង់ខាងលើក៏បានបន្តដំណើរជិះកង់ទៅទស្សនាពីការអភិវឌ្ឍ និងសក្តានុពលនៃការរីកចម្រើននៅក្រុងព្រះសីហនុ ជាមួយនឹងការទៅឱ្យដល់ផ្ទាល់នៅចំណុច «ខ្មែរធ្វើបាន» ផងដែរ។

គួរជម្រាបថា នេះជាលើកទី១ហើយ ដែលក្រុមយុវជនរាប់រយនាក់បង្កើតព្រឹត្តិការណ៍ជិះកង់នៅលើផ្លូវល្បឿនលឿននេះ ខណៈដែលកម្ពុជាក៏កំពុងត្រៀមធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍កីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ផងដែរ៕