(បន្ទាយមានជ័យ)៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី កែ សួនសុភី សហស្ថាបនិកកម្មវិធីវោហារឆ្នើម នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមបើកកម្មវិធី «វោហារឆ្នើម» នៅខេត្ដបន្ទាយមានជ័យ ដើម្បីជំរុញភាពក្លាហាន ដល់សិស្សថ្នាក់វិទ្យាល័យ។

តាមរបាយការណ៍គណៈកម្មការរៀបចំកម្មវិធីវោហារឆ្នើម បានឲ្យដឹងថា កម្មវិធីវោហារឆ្នើម គឺជាកម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេសជាសាធារណៈ សម្រាប់សិស្សវិទ្យាល័យថ្នាក់ទី១០ ១១ ១២ ការប្រកួតប្រជែងនេះមានពីរប្រភេទវិញ្ញាសា គឺ លក្ខណៈជាឯកត្តបុគ្គល និងការជជែកដេញដោលជាក្រុម។

កម្មវិធីមួយនេះ បង្កើតឡើងក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលសម្តេចមានចក្ខុវិស័យវែងឆ្ងាយ ដោយបានគិតគូអំពីការផ្តល់ឱកាសដល់យុវជនតាមបណ្តាខេត្ត ដើម្បីមានលទ្ធភាពបច្ចេញសមត្ថភាព ទេពកោសល្យដែលខ្លួនមាន។

កម្មវិធី «វោហារឆ្នើម» បង្កើតឡើងក្នុងគោលបំណង៖

* បង្កើតឱកាស និងជំរុញភាពក្លាហាន ដល់សិស្សថ្នាក់វិទ្យាល័យបានចូលរួមប្រកួតក្នុងកម្មវិធីដែលមានការវាយតម្លៃត្រឹមត្រូវ និងសុក្រឹត
* ស្វែងរកអ្នកមានសមត្ថភាពនិយាយភាសាអង់គ្លេសប្រចាំស្រុក ក្រុង និងខេត្ត
* ពង្រឹងសមត្ថភាពសិស្សទៅលើជំនាញភាសាអង់គ្លេសដើម្បីប្រឡូក នឹងវិស័យទំនាក់ទំនងការងារតំបន់អាស៊ាន នាពេលអនាគត៕