(បរទេស)៖ បច្ចុប្បន្ននេះស្មាតហ្វូនកំពុងតែដើរតួនាទីយ៉ាងសំខាន់ ដែលបំពេញគ្រប់តម្រូវការអ្នកប្រើប្រាស់ ខណៈដែលក្រុមហ៊ុនផលិតស្មាតហ្វូនធំៗជាច្រើនកំពុងតែប្រជែងគ្នា។ ដូច្នេះតើអ្នកដឹងទេថាក្រុមហ៊ុនណាខ្លះដែលកំពុងតែឆក់យកបេះដូងអ្នកប្រើប្រាស់បានច្រើនជាងគេបំផុតលើពិភពលោក?

ខាងក្រោមនេះគឺជាក្រុមហ៊ុនផលិតស្មាតហ្វូនកំពូលទាំង ១០ដែលកំពុងអង្រួនបេះអ្នកប្រើប្រាស់៖

១០. Alcatel Networks

Alcatel Networks គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនរបស់បារាំង ដែលត្រូវបានស្គាល់ថាជា Alcatel Lucent និងត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ២០០៦ ហើយត្រូវបានរួមមបញ្ចូនគ្នាជាមួយ Nokia Networks ក្នុងឆ្នាំ ២០១៦។ ដោយឡែកលទ្ធផលកាលពីឆ្នាំ២០២១ កន្លងទៅ Alcatel Lucent លក់ស្មាតហ្វូនសរុបគិតជាសាច់ប្រាក់បានប្រមាណ ១៥.១ពាន់លានដុល្លារ ជាមួយនិងស្មាតហ្វូនដែលពេញនិយមរួមមាន Alcatel 3X, Alcatel 1S និង Alcatel 1C។

៩. LG

LG គឺជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចជាប់ចំណាត់ថ្នាក់ទី៤ របស់កូរ៉េខាងត្បូង ហើយជាក្រុមហ៊ុនផលិតស្មាតហ្វូនជើងចាស់ផងផងដែរ។ ជាមួយលទ្ធផលកាលពីឆ្នាំ២០២១ កន្លងទៅ LG លក់ស្មាតហ្វូនសរុបគិតជាសាច់ប្រាក់បានប្រមាណ ៥.២១៩ពាន់លានដុល្លារ ដែលបានមកពីស្មាតហ្វូនដ៏ពេញនិយមរបស់ខ្លួនរួមមាន LG V60 ThinQ 5G, LG G7 ThinQ និង LG V40 ThinQ។ លើសពីនេះទៅទៀត LG ក៏ជាក្រុមហ៊ុនបង្កើតប្រព័ន្ធប្រតិបត្តិការខ្លួនឯងផងដែរ ដែលត្រូវបានគេស្គាល់ថាជា WebOS។ គិតមកទល់ពេលនេះ LG មានបុគ្គលិកសរុបប្រមាណ ២២២,០០០នាក់ ហើយកំពុងតែប្រតិបត្តិការជាង ៨០ប្រទេស។

៨. Vivo

ក្រុមហ៊ុន Vivo ក៏ជាក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិនមួយដែល ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ ប៉ុន្តែជាក្រុមហ៊ុនឯរាជ្យដែលអភិវឌ្ឍន៍ផលិតផលរបស់ខ្លួនដោយខ្លួនឯង ដោយគ្មានការជ្រៀតជ្រែកពីរដ្ឋាភិបាលចិន។ ដោយឡែកលទ្ធផលកាលពីឆ្នាំ២០២១ កន្លងទៅ Vivo លក់ស្មាតហ្វូនសរុបគិតជាសាច់ប្រាក់បានប្រមាណ ៨.៤៥៨ពាន់លានដុល្លារ ជាមួយនិងស្មាតហ្វូនដែលពេញនិយមរួមមាន Vivo Y72 5G: 3G, Dual Sim, 4G និង Octa-Core។ គិតមកទល់ពេលនេះ Vivo មានបុគ្គលិកត្រឹមតែ ១០,០០០នាក់ប៉ុណ្ណោះ ហើយភាគច្រើនគ្របដណ្តប់ទីផ្សារអាស៊ី រុស្ស៊ី និងមជ្ឈិមបូព៌ា។

៧. ZTE

ZTE គឺជាក្រុមហ៊ុនចិនចុងក្រោយគេក្នុងបញ្ជីនេះ ហើយក៏ជាក្រុមហ៊ុនចាស់ផងដែរដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៥ ដោយរដ្ឋាភិបាលចិន។ ដោយឡែកជាមួយនឹងលទ្ធផលកាលពីឆ្នាំ២០២១ កន្លងទៅ ZTE លក់ស្មាតហ្វូនសរុបគិតជាសាច់ប្រាក់បានប្រមាណ ១៨.២ពាន់លានដុល្លារ ជាមូយនិងស្មាតហ្វូនដែលពេញនិយមរួមមាន Axon 11, Blade 2020, Axon 30 Ultra និង ZTE Blade A7។ គិតមកទល់ពេលនេះក្រុមហ៊ុននេះមានបុគ្គលិកសរុបប្រមាណ ៦៨,០០០នាក់ និងជាក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ពេញនិយមបំផុតមួយក្នុងប្រទេសកំណើតរបស់ខ្លួន។

៦. Oppo

ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់ចិន Oppo បង្កើតឡើងដំបូងក្នុងឆ្នាំ ២០០៤ ហើយក្រុមហ៊ុននេះបច្ចុប្បន្នមានបុគ្គលិកសរុបប្រមាណ ៤០,០០០នាក់ ដែលកំពុងតែប្រតិបត្តិការនៅទូទាំងពិភពលោក។ យ៉ាងណាមិញលទ្ធផលកាលពីឆ្នាំ២០២១ កន្លងទៅ Oppo លក់ស្មាតហ្វូនសរុបគិតជាសាច់ប្រាក់បានប្រមាណ ៣៧ពាន់លានដុល្លារ ជាមួយនិងស្មាតហ្វូនដែលទទួលបានការគាំទ្រច្រើនរួមមាន Oppo K3, Oppo Reno 2F, និង Oppo F17។

៥. Xiaomi

ក្រុមហ៊ុនថ្មីមួយក្នុងចំណោមក្រុមហ៊ុនថ្មីៗនៅក្នុងបញ្ជីនេះ Xiaomi បានបញ្ចេញស្មាតហ្វូនដំបូងរបស់ខ្លួនក្នុងឆ្នាំ ២០១១។ ដោយឡែកជាមួយនឹងលទ្ធផលកាលពីឆ្នាំ២០២១ កន្លងទៅ Xiaomi លក់ស្មាតហ្វូនសរុបគិតជាសាច់ប្រាក់បានប្រមាណ ៤៨.៣៧២ពាន់លានដុល្លារ ជាមួយនិងស្មាតហ្វូនដែលទទួលបានការគាំទ្រច្រើនរួមមាន Redmi Note 10 Pro, Poco X3 Pro និង Poco F3។ តែយ៉ាងមិញផលិតផលរបស់ក្រុមហ៊ុននេះមិនសូវទទួលបានការគាំទ្រនៅក្នុងទីផ្សារអាមេរិកនោះទេ ប៉ុន្តែពួកគេទទួលបានចំណាប់អារម្មណ៍ច្រើនពីទីផ្សារផ្សេងទៀតរួមមាន ប្រទេសចិន សិង្ហបុរី ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង រុស្ស៊ី អាហ្រ្វិកខាងត្បូង និងប្រទេសសហភាពអឺរ៉ុបមួយចំនួនទៀត។ គិតមកទល់ពេលនេះ Xiaomi មានបុគ្គលិកត្រឹមតែ ១៨,០០០នាក់ប៉ុណ្ណោះនៅទូទាំងពិភពលោក។

៤. Lenovo

ក្រុមហ៊ុនផលិតស្មាតហ្វូន Lenovo ចាប់កំណើតនៅទីក្រុងហុងកុងក្នុងឆ្នាំ ១៩៨៤ ហើយក៏ជាក្រុមហ៊ុនដែលមានវ័យចំណាស់ដែលស្ថិតក្នុងឧស្សាហកម្មស្មាតហ្វូននាពេលបច្ចុប្បន្ននេះ។ ដោយឡែកជាមួយនឹងលទ្ធផលកាលពីឆ្នាំ២០២១ កន្លងទៅ Lenovo លក់ស្មាតហ្វូនសរុបគិតជាសាច់ប្រាក់បានប្រមាណ ៦០ពាន់លានដុល្លារ ជាមួយនិងស្មាតហ្វូនដែលទទួលបានការគាំទ្រច្រើនជាងគេរួមមាន Lenovo Legion Phone Duel 2, Lenovo Legion Pro និង Lenovo K12 Pro។ គិតមកទល់ពេលនេះ Lenovo មានបុគ្គលិកសរុបប្រមាណ ៦៣,០០០នាក់ ហើយកំពុងប្រតិបត្តិការជាង ១៨០ប្រទេសនៅទូទាំងពិភពលោក។

៣. Huawei

ក្រុមហ៊ុន Huawei បង្កើតឡើងដំបូងក្នុងឆ្នាំ១៩៨៧ គឺជាក្រុមហ៊ុនស្មាតហ្វូនចិនដ៏ធំបំផុត និងជាក្រុមហ៊ុនផលិតស្មាតហ្វូនធំលំដាប់ទី៣ នៅទូទាំងពិភពលោក។ ដោយឡែកជាមួយនិងលទ្ធផលកាលពីឆ្នាំ២០២១ កន្លងទៅ Huawei លក់ស្មាតហ្វូនសរុបគិតជាសាច់ប្រាក់បានប្រមាណ ៩៣.៩០៨ពាន់លានដុល្លារ។ ហើយស្មាតហ្វូនដែលទទួលបានការគាំទ្រច្រើនជាងគេរួមមាន Huawei P30 និង Huawei Mate 20។ គិតមកទល់ពេលនេះ ក្រុមហ៊ុននេះមានបុគ្គលិកសរុបបានប្រមាណ ១៩៤,០០០នាក់ ហើយដំណើរការនៅទូទាំងពិភពលោកក្នុង ១៧០ប្រទេស លើកលែងតែសហរដ្ឋអាមេរិកមួយប៉ុណ្ណោះ។

២. Samsung

ក្រុមហ៊ុនផលិតស្មាតហ្វូនកូរ៉េខាងត្បូង Samsung ចាប់ផ្តើមចូលក្នុងវិស័យអេឡិចត្រូនិចជាលើកដំបូងក្នុងឆ្នាំ ១៩៦៩ និងជាក្រុមហ៊ុនផលិតស្មាតហ្វូនធំជាងគេបំផុតនៅលើពិភពលោក។ ដោយឡែកជាមួយនឹងលទ្ធផលកាលពីឆ្នាំ២០២១ កន្លងទៅ Samsung លក់ស្មាតហ្វូនសរុបគិតជាសាច់ប្រាក់បានប្រមាណ ២៤០.៧១ពាន់លានដុល្លារ ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី២ បើធៀបទៅនឹង Apple។

គិតមកទល់ពេលនេះបុគ្គលិករបស់ Samsung នៅទូទាំងពិភពលោកមានប្រមាណ ២៩០,០០០នាក់ និងមានប្រតិបត្តិជាង ៧៤ប្រទេស។

១. Apple

ក្រុមហ៊ុនផលិតស្មាតហ្វូនអាមេរិកដែលទទួលបានការគាំទ្រច្រើនជាងគេជុំវិញពិភពលោកគឺ Apple ជាមួយនិងលទ្ធផលការលក់ច្រើនជាងគេពេញមួយឆ្នាំក្នុងឆ្នាំ២០២១ ទទួលបាន ៣៦៥.៨១៧ពាន់លានដុល្លារ ដែលទទួលបានចំណែកទី ២៣ភាគរយនៃទីផ្សារស្មាតហ្វូនពិភពលោក។

Apple ចាប់ផ្តើមទទួលបានការគាំទ្រជាខ្លាំងបន្ទាប់ពីប្រកាសបង្ហាញ iPhone 2G ជំនាន់ទី១ របស់ខ្លួនក្នុងឆ្នាំ២០០៧ ដែលជាអេក្រង់ប្រភេទ Touch Screen ជាលើកដំបូង ខណៈដែលវាអាចប្រើប្រាស់អ៊ីនធឺណិតបាន។ ហើយ Apple ក៏ជាម្ចាស់ iOS តែម្នាក់គត់នៅលើលោកផងដែរ បើគិតមកទល់ពេលនេះ Apple មានបុគ្គលិកប្រមាណ ១៤៧,០០០នាក់នៅទូទាំង ២៥ប្រទេស៕